adverise with khmeread 1

​គ្រួសារ​អង់គ្លេស​ដែល​ជនពាល​វាយដំ​សន្លប់​ស្តូកស្តឹង​ស្បថ​លែង​ជាន់ដី​ថៃ​

    ​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​អង់គ្លេស​មួយគូ​និង​កូនប្រុស​របស់​ពួកគាត់ ដែល​ត្រូវបាន​វាយដំច្រំធាក់​ដោយ​បុរស​ថៃ ៤ នាក់ នឹង​ចាក​ចេញទៅ​ប្រទេស​អង់គ្លេស​ក្នុង​ថ្ងៃ​អង្គារ​នេះ ហើយ​បាន​ស្បថ​ថា ពួកគេ​នឹងមិន​ជាន់​ទឹកដី​ថៃ​ទៀតឡើយ ប៉ុន្តែ​ពួកគាត់​នៅតែ​ស្រឡាញ់​ប្រជាជន​ថៃ​។​

​    ​ក្រុមគ្រួសារ​នេះ ដែលជា​ជនរងគ្រោះ​ក្នុងការ​វាយប្រហារ​ដ៏​ព្រៃផ្សៃ​និង​បាន​ថត​ជាប់​ក្នុង​វីដេអូ​ធ្វើឱ្យ​ល្បី​ទូទាំង​ពិភពលោក បានបញ្ចប់​ការផ្តល់​សក្ខីកម្ម​មុខ​សាលាដំបូង​ស្រុក​ហួ​ហ៊ី​ន​កាលពី​ថ្ងៃ​ចន្ទ​។​

​    ​អ្នកស្រី Rosemary Owen វ័យ ៦៨ ឆ្នាំ បាន​និយាយថា "​ខ្ញុំ​នៅតែមាន​សុបិន​អាក្រក់​ចំពោះ​រឿង​ដែល​បាន​កើតឡើង​ចំពោះ​ខ្ញុំ​និង​គ្រួសារ​របស់ខ្ញុំ​។ ខ្ញុំ​បាន​ស្នាក់នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​បី​ថ្ងៃ​! ប្តី​និង​កូនប្រុស​របស់ខ្ញុំ​បាន​ស្នាក់នៅ​ចំនួន​ពីរ​ថ្ងៃ​។ គ្រូពេទ្យ​បានបង្ហាញ​ខ្ញុំ​នូវ​វត្ថុ​ដែល​គាត់​បាន​ដក​ចេញពី​ក្បាល​របស់ខ្ញុំ​។ វា​ពិតជា​គួរឱ្យខ្លាច​"​។​

​    ​អ្នកស្រី​បាន​បន្តថា "​ការវាយប្រហារ​នេះ​បានធ្វើឱ្យ​ខ្ញុំ​តក់​ស្ល​ត់​ហើយ​ខ្ញុំ​មិន​ចង់​ត្រឡប់​ទៅ​ប្រទេស​ថៃ​ម្តង​ទៀតឡើយ​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​ស្រឡាញ់​ប្រជាជន​ថៃ​! អ្វីដែល​ខ្ញុំ​មិន​ចូលចិត្ត​គឺ​មនុស្ស​អាក្រក់​"​។​

​    ​អ្នកស្រី Owen និង​លោក Lewis Owen វ័យ ៦៨ ឆ្នាំ ត្រូវបាន​អម​ទៅ​សាលាដំបូង​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ប៉ូលិស​ស្រុកហួ​ហ៊ី​ន មន្ត្រី​ទូត​អង់គ្លេស​និង​មិត្តភក្តិ​ថៃ​របស់គាត់ អំឡុង​ការបង្ហាញ​ខ្លួន​នៅ​សាលាដំបូង​ខេត្ត​ក្នុង​ខេត្ត Prachuap Khiri Khan​។​

​    ​ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​ចំណាយពេល​ជិត​ពីរ​ម៉ោង​ដើម្បី​ផ្តល់​ភស្តុតាង​ដល់​តុលាការ​មុននឹង​ចាកចេញ​ពី​ហួ​ហ៊ី​ន​ទៅ​ទីក្រុង​បាងកក​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​។ ពួកគេ​នឹង​ចាក​ចេញទៅ​ទីក្រុង​ឡុង​ដ៍​នៅពេល​ថ្ងៃត្រង់​ថ្ងៃ​ចន្ទ​នេះ​៕

ប្រភព៖ Bangkok Post

 

adverise with khmeread

មតិយោបល់