6d175473 8e4e 4f9b a0d7 f8dc70e3cc68

ដេញ​វាយ​សម្លាប់​និង​ប្លន់​យក​ម៉ូតូ​ជិត​ស្ពាន​អាកាស​៥​មករា​ឃាត់​បុរស​ម្នាក់​

     ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់ នៅលើ​ដងផ្លូវភ្លាមៗ ក្រោយពី​ត្រូវ​ជន​មិន​ស្គាល់ មួយក្រុម​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​ដេញ​វាយ​សម្លាប់​ហើយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ទៅ​បាត់​ថែមទៀត​ភ្លាមៗ​នោះ​ប៉ូលិស​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​យកទៅ​សាកសួរ។​

     ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៣ ​និង​៤០នាទី​ទៀបភ្លឺ ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ២០១៦ តាម​បណ្តោយ​ផ្លូវ សហ​ព​ន្ធ័​រុស្ស៊ី កែង​ផ្លូវ​លេខ២៣៣ ខាងកើត​ស្ពាន​អាកាស​៥​មករា ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ដែល​ត្រូវគេ​សម្លាប់​ឈ្មោះ​ អ៊ឹង សុភាព​ ភេទ​ប្រុស ​អាយុ​ប្រហែល​២១​ឆ្នាំ។ ក្រោយ​ហេតុការណ៍​កើតឡើង​ប៉ូលិស​បាន​ឃាត់​បុរស​ម្នាក់ នៅ​កន្លែង កើតហេតុ​សួរនាំ ឱ្យ​ច្បាស់​ចំពោះ​ករណី​ជា​រឿង​ប្លន់​ឬក៏​គំនុំ។ ​បុរស​ដែល​ឃាត់​មក​សួរនាំ​នោះ​ឈ្មោះ លី​ សាវុធ អាយុ ២៨​ឆ្នាំ មុខរបរ​ចុងភៅ​ភោជនីយដ្ឋាន ​Mike.S.Buker ​ស្នាក់នៅ​ផ្ទះជួល បន្ទប់​លេខ​៤​ម្តុំ​សាលា​សន្ធរ​ម៉ុ​ក សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួ​គោក។​

     លី សាវុធ អះអាងថា​ជា​ជនរងគ្រោះ ហើយក៏​ជា​ម្ចាស់​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រឹ​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FD-1240 ដែល​គេ​យកទៅ​បាត់​នោះ​ផងដែរ។ ទោះជា​យ៉ាង​សមត្ថកិច្ច​នៅ​ដាក់​ការសង្ស័យ​លើ​បុរស​ដែល​ឃាត់ខ្លួន​នេះ ព្រោះ​គេ​ប្រាប់​សមត្ថកិច្ច​ម្តង​បែបនេះ ម្តង​បែប​នោះ ធ្វើឱ្យ​សមត្ថកិច្ច​ពិបាក​សន្និដ្ឋានថា​ជា​រឿង​អ្វី​ឱ្យ​ពិតប្រាកដ។​

     បន្ទាប់ពី​សមត្ថកិច្ច​សួរនាំ​បុរស​នោះ ប្រហែលជា​១០​នាទី ក៏​លេចចេញ​សាច់រឿង​ខ្លះ ដោយ​​បុរស​ឈ្មោះ​ លី​ សាវុធ នេះ​ប្រាប់ថាគេ​ជា​អ្នករត់​ម៉ូតូ ហើយ​គេ​បាន​ដឹក​បុរស​ពីរ​នាក់​នោះ ចេញពី​ជក់​ថ្នាំ​នៅ​ម្តុំ​កោះ​ពេជ្រ​។ ពេល​ជក់​រួចហើយ​គេ​ក៏បាន​ដឹក​បុរស​ពីរ​នាក់​នោះ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ២៩៨ ហើយ​ពេលនោះ​ក៏​ស្រាប់​តែមាន ជន​មិន​ស្គាល់មុខ​មួយក្រុម​មាន​គ្នា​៦នាក់ ជិះ​ម៉ូតូ​២​គ្រឿង​មិន​ស្គាល​ម៉ាក ប្រដាប់​ដោយ​ដំបង​ និង​ដុំថ្ម  បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​វាយ ពួកគេ (​ជនរងគ្រោះ​)​រហូត តាំង​ម្តុំ​ផ្សារ​ទួ​គោក​រហូតមកដល់​ចំណុច​ស្ពាន​អាកាស​៥​មករា។​

     ពួកគេ​ក៏​ជិះ​ចូល​ផ្លូវ​ក្រោម​ដី ព្យាយាម​គេចខ្លួន តែ​គេច​មិន​ផុត​ក៏ត្រូវ​ជន​មិន​ស្គាល់មុខ​នោះ​ដេញតាម​ទាន់​ក៏​វាយ​ពួកគេ។ ដោយ​ឃើញ​សកម្មភាព​បែបនេះ គេ​ដួល​ម៉ូតូរ​ត់រក​កន្លែង​មាន​សុវត្ថិភាព ហើយ​ជន​មិន​ស្គាល់មុខ​មួយក្រុម​នោះ​ក៏​វាយ​សម្លាប់​បុរស​ដែល​ជិះ​ម៉ូតូ​ជាមួយ​គេ​ដែរ បណ្តោយ​ស្លាប់​ភ្លាមៗ​ហើយក៏​លើកយក​ម៉ូតូ​របស់គេ​ជិះ​ចេញទៅ​តែម្តង។​

     បុរស​ឈ្មោះ លី​ សាវុធ បាន​បញ្ចា​ក់ថា គេ​មិន​ធ្លាប់​ស្គាល់​បុរស​ពីរ​នាក់​ដែល​ជិះ​ជាមួយ​គេ​នោះឡើយ។ ចំពោះ​ករណីនេះ គេ​ពុំ​ដឹងថាក្រុម​ជនរងគ្រោះ និង​ក្រុម​ជនដៃដល់​មានទំនាស់​គ្នា​រឿង​អ្វី​ឡើយ។

     ប៉ូលិស​បាន​បន្ថែមទៀត​ថា ចំពោះ​ជនរងគ្រោះ​ដែល​ស្លាប់​ខាងលើនេះ ក៏មាន​គ្រឿង​ញៀន​​ប្រភេទ​ម៉ា​ទឹកកក ពីរ​កញ្ចប់​តូច និង​ស្លាក​លេខ​ម៉ូតូ​របស់​ជនរងគ្រោះ​ផងដែរ។​

     ក្រោយ​កើតហេតុ​សមត្ថកិច្ច​កំពុង​សួរនាំ​បុរស​ឈ្មោះ​អះអាងថា​ខ្លួន​ជាជនរងគ្រោះ​និង​ជាម្ចាស់​ម៉ូតូ នៅ​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣ ដើម្បី​ឱ្យដឹង​ដើមចម​នៃ​សាច់រឿង នេះ​ថា​ជា​ករណី​ប្លន់​ឬក៏​ជា​រឿង​ទំនាស់៕

អ្នកនឹងចូលចិត្ត

មតិយោបល់