adverise with khmeread Trees

ការសិក្សា​រកឃើញថារ​ស់​នៅក្បែរ​ដើមឈើ​នាំមក​នូវ​អត្ថប្រយោជន៍​សុខភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំនួន ៦

​តើ​វា​ផ្តល់នូវ​អត្ថប្រយោជន៍​សុខភាព​បែបណា​សម្រាប់​អ្នក នៅពេល​អ្នករស់នៅ​ក្បែរ​ដើមឈើ​? តើ​ដើមឈើ​ពិតជា​អាចធ្វើ​ឲ្យ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​អ្នក​បាន​ប្រសើរ​ពិតមែន​? ការសិក្សា​ជាច្រើន​បាន​បញ្ជាក់ថា ការរស់នៅ​ក្បែរ​ដើមឈើ ឬ​ព្រៃ​គឺ​សឹងតែ​ជា​ឱសថ​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​។  

១- រស់នៅ​ក្បែរ​ដើមឈើ​ជួយ​អ្នក​ឲ្យ​ដកដង្ហើម​បានល្អ​ប្រសើរ​
​ដើមឈើ​ទាំងអស់​នៅ​អាមេរិក​បាន​ជួយ​កាត់បន្ថយ​ការបំពុល​បរិយាកាស​បាន ១៧,៤ លាន​តោន​ក្នុង​មួយឆ្នាំៗ​។ ដើមឈើ​អាចធ្វើ​រឿងនេះ​បាន​គឺ​ព្រោះតែ​ស្លឹក​របស់​វា​បាន​ស្រូបយក​សារធាតុបំពុល​ក្នុង​ខ្យល់ ដែល​អាច​បង្ក​ឲ្យ​មនុស្ស​កើត​ជំងឺ​ផ្លូវដង្ហើម​។ សូម​នាំគ្នា​ដាំ​ដើមឈើ​ដើម្បី​ការពារ​មនុស្ស​ដែល​យើង​ស្រឡាញ់​។ ដើមឈើ​កាន់តែច្រើន​គឺ​កាន់តែ​ល្អ​។ 

២- រស់នៅ​ក្បែរ​ដើមឈើ​អាច​សង្គ្រោះ​ជីវិត​របស់​អ្នក​បាន
​នៅ​អាមេរិក​ដើមឈើ​ឈ្មោះថា Ash tree ត្រូវបាន​សត្វ​អណ្តើកមាស​បំផ្លាញ​រាប់លាន​ដើម​។ លោក​វេជ្ជបណ្ឌិត Geoffrey Donovan និង​ក្រុម​ស្រាវជ្រាវ​មកពី​មជ្ឈមណ្ឌល Pacific Northwest Research Station បាន​បង្ហាញថា តំបន់​ដែលមាន​ការបាត់បង់​ដើមឈើ​ប្រភេទ​នេះ​ច្រើន គឺមាន​អត្រា​អ្នកស្លាប់​ដោយសារ​ជំងឺ​បេះដូង និង​ជំងឺ​ផ្លូវដង្ហើម​ខ្ពស់​។ 

​លោក Geoffrey Donovan បាន​និយាយថា "​តាម​សម្មតិកម្ម​របស់ខ្ញុំ​គឺថា ដើមឈើ​ជួយ​ធ្វើ​ឲ្យ​សុខភាព​មនុស្ស​ល្អប្រសើរ​ឡើង​។ ហើយ​ប្រសិនបើ​នេះ​ជាការ​ពិត អ៊ីចឹង​ការដែល​ងាប់​ដើមឈើ ១០០ លាន​ដើម​ក្នុង​រយៈពេល ១០ ឆ្នាំ​គឺ​ច្បាស់​ជាមាន​ផលប៉ះពាល់​ជាមិនខាន​។ ដូច្នេះ​ប្រសិនបើ​យើង​បំផ្លាញ​ដើមឈើ ១០០ លាន​ដើម តើ​សុខភាព​មនុស្ស​នឹងរង​ផលប៉ះពាល់​ឬទេ​? យើង​បាន​រកឃើញថា​ពិត​ជាមាន​ផលប៉ះពាល់​មែន​"​។ 

៣- រស់នៅ​ក្បែរ​ដើមឈើ​នឹង​ជួយ​អ្នក​ឲ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ
​ប្រសិនបើ​អ្នកមាន​មនុស្ស​ណា​ម្នាក់ ដែល​កំពុង​ប្រឹង​ជាសះស្បើយ​ឡើងវិញ​ពី​ជំងឺ​ឬ​ការវះកាត់ អ៊ីចឹង​សូម​ធ្វើ​ឲ្យ​ប្រាកដថា​ពួកគេ​មាន​បន្ទប់​មួយ ដែលមាន​ទេសភាព​ដើមឈើ ប្រសិនបើ​មាន​ដើមឈើ​ក្បែរ​បន្ទប់​! អ្នកជំងឺ​នៅ​មន្ទីរពេទ្យ Pennsylvania ដែល​កំពុង​សះស្បើយ​ឡើងវិញ​ពី​ការវះកាត់​ផ្លោក​នោម​បានជា​សះស្បើយ​លឿន​ជាង​នៅពេល​បន្ទប់​ពួកគេ​មាន​ទេសភាព​ដើមឈើ​ធៀប​នឹង​អ្នកជំងឺ​ដែល​បន្ទប់​មាន​ទេសភាព​អគារ​សុទ្ធ​។ 

៤- រស់នៅ​ក្បែរ​ដើមឈើ​អាចជួយ​អ្នក​បាន​ជាមួយនឹង​ការ​ធុញថប់ ស្ត្រេ​ស៍ និង​ការបាក់​ទឹកចិត្ត
​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ University of Wisconsin បានសម្រេច​ចិត្ត​ពិនិត្យ​មើលថា​តើ​ដើមឈើ​ក្បែរ​ផ្ទះ​ប្រជាជនមាន​ប្រសិទ្ធភាព​អត្ថប្រយោជន៍​ណាមួយ​ដែរឬទេ​លើ​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ​។ ពួកគេ​ចង់​ប្រៀបធៀប​វា​នឹង​អ្នក​ដែល​រស់នៅ​ជុំជិត​ដោយ​អគារ​បេតុង​។ ពួកគេ​បាន​រកឃើញថា អ្នក​ដែល​រស់នៅ​ក្បែរ​ដើមឈើ​ជួប​បញ្ហា​ធុញថប់ ស្ត្រេ​ស៍ និង​បាក់​ទឹកចិត្ត​តិចជាង អ្នក​ដែល​រស់នៅ​តំបន់​ដែល​គ្មាន​ដើមឈើ​សោះ​។ 

៥- រស់នៅ​ក្បែរ​ដើមឈើ​នឹង​ជួយ​អ្នក​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ធាត់ និង​ជំងឺ​ទឹកនោមផ្អែម​
​ក្រុម​អ្នកស្រាវជ្រាវ​នៅ​ទីក្រុង Toronto បាន​រកឃើញថា ការ​ដែលមាន​ដើមឈើ​កាន់តែច្រើន​ក្បែរ​អគារ មនុស្ស​កាន់តែ​លែង​សូវ​កើត​ជំងឺ​ធាត់ និង​ជំងឺ​ទឹកនោមផ្អែម​។ ពួកគេ​ក៏​ទំនង​មាន​អាយុ​វែង​បន្ថែម ៧ ឆ្នាំ​ទៀត​ដែរ​។ ពួក​អ្នកស្រាវជ្រាវ​និយាយថា ការ​ដែលមាន​ដើមឈើ​ច្រើន​អាច​ជម្រុញ​ទឹកចិត្ត​មនុស្ស​ឲ្យ​ចេញ​ក្រៅ​ហាត់ប្រាណ​កាន់តែច្រើន​។ ត្រឹម​ដើមឈើ​តែ ១០ ដើម​ក្នុង​ប្លុក​អគារ​មួយ​នឹង​អាចធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​បាន​ផងដែរ​។ 

៦- រស់នៅ​ក្បែរ​ដើមឈើ​អាចជួយ​ឲ្យ​អ្នក​គេង​បាន​លក់​ស្រួល
​អ្នកជំនាញ​សុខភាព​ជាច្រើន​ព្រួយបារម្ភ​ថា​ការ​គេង​មិន​គ្រប់គ្រាន់​អាច​នាំទៅរក​ការកើត​ជំងឺ​ធាត់ បញ្ហា​ចុះខ្សោយ​សុខភាព និង​ថែមទាំង​ការ​លែងលះគ្នា​ទៀតផង​។ សាស្ត្រាចារ្យ លោក Diana Grigsby-Toussaint មកពី​សាកលវិទ្យាល័យ University of Illinois បាន​ដឹកនាំ​ការស្រាវជ្រាវ​មួយ​លើ​ដើមឈើ និង​សុខភាព​។ ទិន្នន័យ​ពី​ប្រជាជន​អាមេរិក ២៥០.០០០ នាក់​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​សិក្សា​នេះ​។ គេ​បាន​រកឃើញថា អ្នក​ដែល​រស់នៅ​ក្បែរ​តំបន់​បៃតង​អាច​គេង​បាន​លក់​ស្រួល ជាពិសេស​ប្រសិនបើ​ពួកគេ​មាន​អាយុ ៦៥ ឆ្នាំ​ឡើងទៅ​៕ 

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់