adverise with khmeread 13e3890e 46b2 431e 8fcf a249c5c67e89

ស្លាប់​២​នាក់ របួស​៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​

    តាកែវ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​ម៉ូតូ​២​គ្រឿង បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ និង​អ្នករួមដំណើរ​២​នាក់​ស្លាប់  និង​របួសធ្ងន់​ស្រាល​៣​នាក់​។​

      គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង ៩​និង ២០​នាទី​យប់ ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦ ត្រង់ចំណុច​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៧៥-៧៦ ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្លូត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

     ប៉ូលិស​ចរាចរណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១១ ពាក់​ស្លាក់​លេខ​តាកែវ 1E-9403 បើកបរ​ដោយ​ឈ្មោះ វ៉ា សីហា ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្រគៀត ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ បាន​ស្លាប់​នៅ​កន្លែង និង​មាន​អ្នករួមដំណើរ​ពីក្រោយ​ចំនួន​០២​នាក់​ទៀត ១-​ឈ្មោះ ម៉ុ​ន សុភ​ក្ត្រ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រងរបួស​ធ្ងន់​និង ២-​ឈ្មោះ នៅ មឿ​ក ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រងរបួស​ស្រាល អ្នក​ទាំងពីរ​រស់នៅ​ភូមិ​រំ​ពាក់​ពេន ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្ត​តាកែ  វ​។​

      គាត់​បាន​បើកបរ​ម៉ូតូ​មកពី​ទិស​ខាងជើង លុះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​អ៊ែរ​ប្លែក ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ តឹង សុភា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​បា​ខុង ខាងលិច ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ស្លាប់​នៅ​កន្លែង​និង​មាន​អ្នករួមដំណើរ​ពីក្រោយ​ម្នាក់​ឈ្មោះ ឆន ចរិយា ភេទ​ស្រី អាយុ​២១​ឆ្នាំ របួសស្រាល រស់នៅ​ភូមិ​ចំការ​ដៀប ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​បើកបរ​មកពី​ទិស​ខាងត្បូង ។​

    ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​ចរាចរណ៍ បាន​ចុះ​ធ្វើការ​វាស់វែង និង​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ព្រមទាំង​ធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុ តាង​ទាំងពីរ​គ្រឿង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ដើម្បី​បំពេញបែបបទ​តាម​នីតិវិធី ។ ចំណែក​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់