លោក Jose Mourinho បានត្រៀមខ្លួនរួចរាល់អស់ហើយដើម្បីទទួលយកការងារនៅក្លឹបបិសាចក្រហម Manchester United នេះបើយោងតាមរបាយការណ៍លេចឭជាហូរហែក្នុងចក្រភពអង់គ្លេស។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានក្លឹបតោខៀវ Chelsea បណ្តេញចេញកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែគាត់បានប្រកាសពីចេតនារបស់គាត់ក្នុងការវិលត្រឡប់ចូលពិភពបាល់ទាត់វិញឆាប់ៗនេះ។
កៅអីរបស់លោកគ្រូបង្វឹក Louis van Gaal កំពុងតែក្តៅកាន់តែខ្លាំងឡើង បន្ទាប់ពីបរាជ័យក្នុងផ្ទះក្រោមថ្វីជើងរបស់ក្រុម Norwich ដោយលទ្ធផល ២-១ កាលពីថ្ងៃសៅរ៍កន្លងទៅ។
បើយោងតាម The Sunday Times លោក Jose Mourinho ក៏ដឹងដែរថាលោក Louis van Gaal គឺកំពុងត្រៀមខ្លួនឲ្យគេបណ្តេញចេញ ហើយរូបគាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលមកដឹកនាំក្រុម Manchester United។
អតីតគ្រូបង្វឹកក្រុម Real Madrid និង Inter Milan រូបនេះតាមដឹងត្រូវបានគេទាក់ទងឲ្យមកដឹកនាំនៅ Old Trafford ភ្លាមបន្ទាប់ពីត្រូវ Chelsea បណ្តេញចេញ ហើយគាត់ក៏ចង់ស្ថិតនៅក្នុងប្រទេសអង់គ្លេសបន្តទៀតដែរ។ គាត់គ្មានអារម្មណ៍ចង់សម្រាកពីបាល់ទាត់ទេហើយប្រសិនបើការងារនៅ Manchester United ទំនេរ គាត់នឹងរីករាយក្នុងការចូលមកដឹកនាំក្រុមនេះភ្លាម។
ឥឡូវនេះការសម្រេចចិត្តគឺស្ថិតទាំងស្រុងទៅលើម្ចាស់ក្លឹបរបស់ Manchester United ថាតើពួកគេគួរតែចែកផ្លូវជាមួយលោក Louis van Gaal ឬយ៉ាងណា៕
