adverise with khmeread 9 things

រឿង ៩ យ៉ាង មនុស្សជោគជ័យមិននិយាយនៅកន្លែងធ្វើការទេ

ប្រាកដណាស់ ដើម្បីទទួលបានការទុកចិត្ត និងមិត្តភាពពីសហសេវិករបស់អ្នក អ្នកត្រូវតែបើកចិត្តឲ្យទូលាយដល់ពួកគេបានដឹងពីអ្នក។ ទោះយ៉ាងណា វាមានខ្សែបន្ទាត់ព្រំដែនដ៏ច្បាស់លាស់មួយរវាងការផ្តល់នូវព័ត៌មានគ្រប់គ្រាន់អំពីខ្លួនអ្នក និងការផ្តល់ព័ត៌មានច្រើនហួសហេតុពេកអំពីខ្លួនអ្នក។ ប្រសិនបើអ្នកច្រឡំបង្ហាញនូវរឿងដែលខុស វាអាចមានន័យថាជាទីបញ្ចប់នៃអាជីពការងាររបស់អ្នកផងក៏មិនដឹង។ ដូច្នេះ អ្នកចាំបាច់ត្រូវរៀនសូត្រពីរបៀបបន្តនៅខាងដែលត្រឹមត្រូវនៃខ្សែបន្ទាប់ព្រំដែននោះ រួចស្វែងរកវិធីដើម្បីបង្ហាញពីខ្លួនអ្នកដោយមិនចាំបាច់បញ្ចេញនូវរឿងដែលគួរតែលាក់ទុកនៅនឹងខ្លួនអ្នកនោះទេ។ 

ខាងក្រោមនេះគឺជារឿងទាំង ៩ យ៉ាង ដែលមនុស្សជោគជ័យមិនយកមកនិយាយនៅកន្លែងធ្វើការ ឬសូម្បីនៅពេលពួកគេចេញទៅកម្សាន្តពេលរាត្រីជាមួយសហសេវិករបស់ពួកគេនោះទេ។

១- សកម្មភាពលើហ្វេសប៊ុករបស់ពួកគេ
សហការី និងនិយោជករបស់អ្នកមិនគួរស្ថិតនៅក្នុងបញ្ជីមិត្តភក្តិហ្វេសប៊ុករបស់អ្នកនោះទេ។ ប្រសិនបើពួកគេជាមិត្តលើហ្វេសប៊ុក ពួកគេនឹងឃើញអ្វីៗដែលអ្នកផូស (Post) ហើយអ្នកអាចនឹងផូសអ្វីមួយ ដែលអាចធ្វើឲ្យអ្នកជួបបញ្ហានៅកន្លែងធ្វើការ។ ប្រសិនបើអ្នកដាច់ខាតត្រូវតែមានពួកគេលើហ្វេសប៊ុក អ្នកគួរបង្កើតគណនីមួយដាច់ដោយឡែក ហើយកុំផូសអ្វីដែលជារឿងផ្ទាល់ខ្លួនលើវាឲ្យសោះ។  

២- មតិយោបល់អវិជ្ជមានរបស់ពួកគេលើអ្នកដទៃ
អ្នកនឹងមិនដែលធ្វើការនៅក្រុមហ៊ុនមួយ ដែលគ្មានបុគ្គលិកអសមត្ថភាពពីរឬបីនាក់នោះឡើយ ប៉ុន្តែអ្នកមិនគួរប្រាប់នរណាម្នាក់ថាអ្នកធ្វើការជាមួយមនុស្សដែលអ្នកគិតថាអសមត្ថភាពនោះឡើយ។ រឿងនេះនឹងមិនបានធ្វើអ្វីមួយក្រៅតែធ្វើឲ្យលោកអ្នកមើលទៅដូចជាមនុស្សម្នាក់ដែលមានគំនិតអវិជ្ជមានចំពោះអ្នកដទៃនោះឡើយ។ 

៣- ការគិតរបស់ពួកគេលើរឿងនយោបាយ និងសាសនា
ទាំងនេះគឺជាប្រធានបទពីរ ដែលមិនគួរលើកយកមកពិភាក្សាជាមួយសហការី និងសហសេវិកក្នុងក្រុមហ៊ុនរបស់អ្នកនោះទេ។ វាគឺជាប្រធានបទដ៏រសើបបំផុត ព្រោះមនុស្សយកជំនឿសាសនា និងនយោបាយជារឿងសំខាន់ណាស់។ 

៤- ទម្លាប់ផឹកស៊ីរបស់ពួកគេ
អ្នកប្រហែលជាចង់ផឹកប៉ុន្មានកំប៉ុងនៅចុងសប្តាហ៍។ នោះគឺជាការសម្រេចចិត្តដែលអ្នកត្រូវធ្វើ ប៉ុន្តែគ្មាននរណាម្នាក់នៅកន្លែងធ្វើការរបស់អ្នកចង់ដឹងពីរឿងនេះទេ។ ប្រសិនបើអ្នកមកធ្វើការរាល់ព្រឹកថ្ងៃចន្ទដោយនិយាយអួតថាអ្នកផឹកខ្លាំងប៉ុណ្ណានោះ អ៊ីចឹងមិនយូរមិនឆាប់ទេអ្នកនឹងត្រូវគេមើលឃើញថាជាមនុស្សចូលចិត្តផឹកស៊ី និងមិនមែនជាមនុស្សម្នាក់ដែលគេគិតថាសំខាន់ទៀតទេ។  

៥- ចំណូលរបស់ពួកគេ
ខណៈដែលវាមិនមានបញ្ហាក្នុងការឲ្យសមាជិកគ្រួសារដឹងពីចំណូលរបស់អ្នកប្រសិនបើពួកគេចង់ដឹង វាមិនមែនជាអ្វីមួយដែលអ្នកគួរចែករំលែកជាមួយមិត្តរួមការងាររបស់អ្នកនោះទេ។ នេះអាចធ្វើឲ្យអ្វីៗហាក់បីដូចជាកាន់តែប្រកួតប្រជែង និងនាំមកនូវការថ្នាំងថ្នាក់ចិត្តថែមទៀត ប្រសិនបើអ្នកផ្សេងរកលុយបានតិចជាង។ 

៦- សកម្មភាពនៅបន្ទប់ដេករបស់ពួកគេ
នេះគឺជាប្រធានបទមួយទៀតដែលវានៅឆ្ងាយពីដែនកំណត់ក្នុងកន្លែងធ្វើការ។ អ្នកមិនចង់ស្តាប់អំពីអ្វីដែលសហការីរបស់អ្នកបានធ្វើនៅក្នុងបន្ទប់ដេករបស់ពួកគេទេ ហើយពួកគេក៏មិនចង់ស្តាប់ពីសកម្មភាពក្នុងបន្ទប់ដេករបស់អ្នកដូចគ្នា។ មនុស្សមួយចំនួនហាក់បីដូចជាត្រូវបានប្រមាថសម្បើមណាស់ដោយការនិយាយពីសកម្មភាពក្នុងបន្ទប់ដេកបែបនេះ ដូច្នេះវាជារឿងល្អប្រសើរខ្លាំងណាស់ដែលត្រូវកុំនិយាយពីរឿងនេះនៅកន្លែងធ្វើការ។ 

៧- ការបញ្ចេញគំនិតរបស់ពួកគេអំពីអ្វីដែលអ្នកដទៃបានធ្វើនៅក្នុងបន្ទប់ដេករបស់ពួកគេ
ជីវិតផ្លូវភេទរបស់អ្នកដទៃមិនមែនជារឿងរបស់អ្នកនោះទេ ហើយក៏គ្មានអ្វីចាំបាច់ឲ្យអ្នកនិយាយទៅកាន់មិត្តរួមការងារអំពីជីវិតផ្លូវភេទរបស់អ្នកដទៃនោះដែរ។ វាក៏ដូចគ្នាដែរចំពោះការនិយាយអំពីសម្ព័ន្ធផ្លូវភេទរបស់មនុស្សភេទទីបី។ ជាទូទៅ សូមទុករឿងផ្លូវភេទនេះឲ្យនៅផ្ទះចុះ កុំយកវាមកនិយាយនៅកន្លែងធ្វើការ។ 

៨- គំនិតអវិជ្ជមានរបស់ពួកគេអំពីអ្វីដែលពួកគេកំពុងធ្វើ
កុំប្រាប់មិត្តរួមការងាររបស់អ្នកថាអ្នកស្អប់ការងាររបស់អ្នក។ គ្មាននរណាម្នាក់ចង់ស្តាប់ការរអ៊ូរទាំរបស់អ្នកនោះទេ។ វានឹងបានត្រឹមតែធ្វើឲ្យអ្នកត្រូវគេមើលឃើញថាជាមនុស្សអវិជ្ជមាន និងមិនមែនជាមនុស្សអាចធ្វើការជាក្រុមបានទេ។ ចៅហ្វាយនាយនឹងប្រតិកម្មចំពោះរឿងនេះ ហើយចុងបញ្ចប់អ្នកអាចនឹងត្រូវជំនួសកន្លែងដោយអ្នកផ្សេង ដែលគេចង់ធ្វើនូវកិច្ចការរបស់អ្នក។ 

៩- ការនិយាយលេងសើចឆ្អេះឆ្អះ ឬចំអន់របស់ពួកគេ
ភាគច្រើននៃពួកយើងចូលចិត្តនិយាយលេងសើចបែបឆ្អេះឆ្អះឬចំអន់ណាស់ ប៉ុន្តែវាមានពេលវេលា និងទីកន្លែងរបស់វា។ កន្លែងធ្វើការមិនមែនជាកន្លែងសមស្របសម្រាប់និយាយវាទេ។ អ្នកខ្លះអាចយល់ថាវាគួរឲ្យសប្បាយ ប៉ុន្តែអ្នកផ្សេងទៀតអាចយល់ថាជាការប្រមាថខ្លាំងណាស់។  

ការធ្វើតាមបុគ្គលជោគជ័យនឹងជួយអ្នកឆ្ពោះទៅរកជីវិតការងារដ៏ប៉ិនប្រសព្វ ដោយមិនចាំបាច់បារម្ភពីមិត្តរួមការងារដែលពូកែឈ្នានីស ឬ បារម្ភពីការធ្វើឲ្យតំណែងរបស់ខ្លួនជួបគ្រោះថ្នាក់នោះឡើយ៕ 

adverise with khmeread

មតិយោបល់