adverise with khmeread Index

ចាប់ចោរលួចឡានពេលយប់៣នាក់

     ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសខណ្ឌពោធិ៍សែនជ័យចាប់ខ្លួន កាលពីវេលាម៉ោង១និង២០នាទីយប់អាធ្រាត្រថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៥នេះ នៅចំណុចក្លឹបរីឡិច ផ្លូវ២០១១ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីបានធ្វើសកម្មភាពលួចរថយន្តដែលប្រជាពលរដ្ឋចតទុកមុខផ្ទះ។
     ប៉ូលិសនិយាយថា ដំបូងម្ចាស់រថយន្តបានចតនៅមុខផ្ទះលេខ៥១ផ្លូវលេខ៥១ភូមិទួលពង្រ សង្កាត់ចោមចៅ ត្រូវចោរលួចទៅបាត់។បន្ទាប់​ពីទទួលពាក្យបណ្តឹងពីប្រជាពលដ្ឋថាបានបាត់រថយន្តមួយគ្រឿងភ្លាម លោកអធិការបានចាត់កម្លាំង មន្ត្រីថ្នាក់ក្រោមរបស់លោក  ដែលមានការដឹកនាំផ្ទាល់ដោយលោក  តូច  ថន  អធិការរងផ្នែកយុត្តិធម៌  បានចុះស្រាវជ្រាវ បានរកឃើញរថយន្តម៉ាកCOROLLAពណ៌ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2N.5202  ស៊េរីឆ្នាំផលិត ១៩៩៧  និងឃាត់ជនសង្ស័យបានចំនួន៣នាក់ ប្រុស២នាក់ និងស្រីម្នាក់នៅចំណុចក្លឹបរីឡិច នៅតាមបណ្តោយផ្លូវ២០១១ ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
    ប៉ូលិសបន្តថា ជនសង្ស័យទី១-ឈ្មោះភឿន វិបុល ភេទប្រុសអាយុ២៧ឆ្នាំមុខរបរបើកបរនៅផែស្ងួតសូងួន ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ទី២-ឈ្មោះនន ផល្លីភេទប្រុសអាយុ២៨ឆ្នាំមុខរបរជាងសំណង់ស្នាក់នៅផ្ទះជួលសង្កាត់ទឹកថ្លាខណ្ឌសែនសុខ និងទី៣-ឈ្មោះលី រ័ត្ន ភេទស្រីអាយុ៣០ឆ្នាំមុខរបរបម្រើខារ៉ាអូខេ ស្នាក់នៅហាងខារ៉ាអូខេយីហោ"សែនអាល័យ"ភូមិត្រពាំងល្វា សង្កាត់កាកាប។
    បច្ចុប្បន្នជនសង្ស័យទាំង៣នាក់សមត្ថកិច្ចយកមកសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕

adverise with khmeread

មតិយោបល់