adverise with khmeread Bruce lee

ជីវប្រវត្តិរបស់ ប្រ៊ូស លី ឬ លី ស៊ាវឡុង

ប៊្រូស លី (Bruce Lee) ដែល​គេនិយម​ហៅ​ថា លី ស៊ាវឡុង កើតនៅ​តំបន់ឆាយណា​ថោន​​នៃទីក្រុង​សានហ្វ្រានស៊ីស្កូ​សហរដ្ឋអាមេរិកនៅ​ថ្ងៃទី២៧​ខែ​វិច្ឆិកា​ឆ្នាំ​១៩៤០ ហើយ​លោក​បាន ទទួល​មរណភាព​នៅ​ថ្ងៃទី​២០ ​ខែកក្កដា ឆ្នាំ​១៩៧៣។

 លី ស៊ាវឡុង គឺជា​តារាភាព​យន្ត​ក្បាច់​គុន​ហុងកុង​និងអាមេរិក ជាគ្រួបង្វឹក​ក្បាច់គុន ជា​ទស្សនវិទូ ផលិតករភាព​យន្តនិង​ជា​ស្ថាបនិក​ក្បាច់គុន Jeet Kune Do ផងដែរ។

កាលនៅតូច លោក លី រួមរស់ជាមួយ​ឪពុកម្តាយ​នៅ​ទីក្រុងហុងកុង ហើយ​បាន​ធំ​ធាត់​នៅ​ក្រុង​កូវលូន (Kowloon) ​ជាមួយក្រុមគ្រួសារ​រហូតដល់វ័យជំទង់។ លោក លី ត្រូវបាន​ឪពុក​របស់​លោកណែនាំ​ឲ្យ​ចូល​ប្រ​ឡូក​ក្នុង​វិស័យភាព​យន្ត​និងបានបង្ហាញមុខ​ក្នុង​ភាព​យន្តជា​ច្រើន​រឿង​ក្នុងឋានៈ​ជា​តារា​វ័យ​ក្មេង។

កាលវ័យ១២​ឆ្នាំ លោក លី ចាប់ផ្តើមចូលសិក្សានៅ​សាលា La Salle College ។ ក្រោយ​មក​លោក លី ត្រូវបានក្រុមអ្នក​លេង​តាមផ្លូវវាយ​ប្រហារ ដែល​ជំរុញទឹកចិត្តលោកឲ្យ​ចូល​ហាត់​ក្បាច់គុន​ដោយ​ទទួល​បានការបង្ហាត់ផ្ទាល់ពីលោក ស៊ីហ៊្វូ យីប មែន (Sifu Yip Man) ដែល​បាន​បង្ហាត់​​ក្បាច់គុនវិងឈុន​កុងហ៊្វូដល់លោកអស់រយៈ​ពេល​ប្រហែល​៥ឆ្នាំ។

ទោះបីជា​យ៉ាងណា អារម្មណ៍ឆេវឆាវនិងឆាប់ដៃដល់របស់លោកបានធ្វើ​ឲ្យលោក​មាន​បញ្ហាជាមួយនឹងប៉ូលិស​នៅហុងកុងច្រើនលើក​ច្រើនសា។ ឪពុកម្តាយ​របស់លោក​បាន​សម្រេច​បញ្ជូនលោក​ទៅរស់នៅសហរដ្ឋអាមេរិក​វិញក្នុងវ័យ១៨​ឆ្នាំ​ ហើយ​លោកបាន​បន្តការសិក្សា​ថ្នាក់​ខ្ពស់​នៅ​សាកលវិទ្យាល័យ University of Washington។​ អំឡុងពេល​នោះ លោកចាប់​ផ្តើម​បង្ហាត់​ក្បាច់គុន​ផងដែរ។

លោក លី បានទៅរស់នៅ​ឆាយណា​ថោន​​ក្នុង​ទីក្រុង​សានហ្វ្រានស៊ីស្កូ​កាលពីឆ្នាំ​១៩៥៩ ហើយធ្វើការនៅភោជនីយដ្ឋាន​របស់​សាច់​ញាតិ​ជិត​ដិតម្នាក់។ ទីបំផុតលោក​បាន​បន្តដំណើរ​ទៅ​​ក្រុងស៊ីអាថល​ រដ្ឋវ៉ាស៊ីនតោនទីដែលលោកចុះឈ្មោះ​ចូល​សិក្សានៅ​សាកលវិទ្យាល័យ ដើម្បី​សិក្សា​ពី​ទស្សនវិជ្ជា​ហើយ​បានឆ្លៀត​ពេល​ហ្វឹក​ហាត់​បច្ចេក​ទេស​និង​តិចនិក​ក្បាច់គុនកុងហ៊្វូជាទី​ស្រឡាញ់​​របស់គាត់។

             លោក លី បានចូលរួម​ជាភ្ញៀវក្នុងកម្មវិធីប្រកួត​ក្បាច់គុន​ធំៗជា​ច្រើន ហើយ​តាម​រយៈ​នេះ អ្នករៀបចំម៉ូតសក់ម្នាក់​ឈ្មោះ ជេ សេប្រិង (Jay Sebring) បានណែនាំលោក​ឲ្យ​ស្គាល់​ផលិត​ករ​​ភាព​យន្តប្រចាំទូរទស្សន៍គឺលោក វីលលៀម ដូហ្ស៊ីយេ (William Dozier) ។

បច្ចុប្បន្ន លី ស៊ាវឡុង នៅតែ​ជា​និមិត្តរូបដ៏ថ្លៃថ្លាបំផុតនៃ​វិស័យភាព​យន្តក្បាច់គុន និង​ជា​ឥស្សរជនសំខាន់ម្នាក់​ដែលបណ្តាញព័ត៌មាននាសម័យ​ទំនើបនៅតែ​លើក​យក​មក​និយាយ​។ បើកុំតែ​ដោយសារ ប៊្រូស លី និង​ភាពយន្តរបស់គាត់កាលពីដើម​ទសវត្សរ៍ ឆ្នាំ​១៩​៧០​ទេ គេមិន​ប្រាកដ​ថា វិស័យភាពយន្តក្បាច់គុននេះអាចមានឥទ្ធិពលក្នុងឧស្សាហកម្មភាព​យន្ត​និង​ទាក់​ទាញ​អារម្មណ៍ទស្សនិកជន​នៅ​តំបន់​អាមេរិកខាង​ជើងនិង​អឺរ៉ុបដូចដែលបាន​កើតមាន​ក្នុង​រយៈ​ពេល​បួនទសវត្សរ៍ចុង​ក្រោយ​នេះឬ​យ៉ាង​ណានោះទេ។​

នា​ពេល​បច្ចុប្បន្ន គេអាចមើលឃើញថា ប្រភេទ​ភាពយន្តជាច្រើនទៀត​រួមទាំង​ភាព​យន្ត​កំប្លែង​ ភាពយន្តវាយតប់ ភាព​យន្តភាគ​ ភាពយន្តបែបវិទ្យាសាស្ត្រជាដើម...​ សុទ្ធតែកើតចេញ​ពី​ឥទ្ធិពល​នៃ​វិស័យភាព​យន្ត​ក្បាច់គុន​នៅតំបន់អាស៊ី​ខាងកើត​ ​​ ហើយភាពយន្តទាំងនេះ​មាន​ឫសគល់ចេញ​ពី​​បាតុភូតដ៏អស្ចារ្យ​មួយ ដែលបាតុភូតនោះគឺលោក ប៊្រូស លី នេះតែម្តង។

លោក​​ត្រូវបានអ្នកធ្វើអត្ថាធិប្បាយ​ បណ្តាញព័ត៌មាននិង​តារាក្បាច់គុន​ផ្សេងទៀត​ចាត់​ទុក​ថា ជា​តា​រា​ក្បាច់គុនម្នាក់ក្នុងចំណោម​តារា​ក្បាច់គុន​ដែលមានឥទ្ធិពល​បំផុត។​ ជា​រឿយៗ​​​ លោក​ត្រូវ​បានគេកោតសរសើរ​ចំពោះការចូលរួម​កែប្រែ​មុខមាត់តារាអាស៊ីនៅក្នុង​វិស័យ​ភាព​យន្ត​អាមេ​រិក៕

adverise with khmeread

មតិយោបល់