adverise with khmeread 1

សម្តី​របស់​ម្ចាស់​ក្លឹប​បាន​កែប្រែ Vardy ពី​កីឡាករ​ប្រមឹក​និង​គ្មាន​គោលដៅ​ជីវិត​ទៅជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្លឹប Leicester

​    ​កីឡាករ Jamie Vardy ប៊ិះ​តែ​នឹង​បាត់បង់​ឱកាស​ដ៏​ធំ​សម្បើម​នៅ​ក្លឹប​បាល់ទាត់ Leicester បន្ទាប់ពី​បាន​ចូលរួម​ហ្វឹកហាត់​ទាំង​ស្រវឹង​។​

​    ​អនុប្រធាន​ក្លឹប​កញ្ជ្រោង លោក Aiyawatt Srivaddhanaprabha បាន​និយាយថា Vardy មិនបាន​ដឹងថា គួរ​សម្រប​ខ្លួន​យ៉ាងដូចម្តេច​នោះទេ​ពេល​រាង​មាន​លុយ​ចាយ​បន្តិចបន្តួច បន្ទាប់ពី​គាត់​ផ្ទេរ​ពី​ក្រុម Fleetwood មកកាន់ Leicester កាលពី​ឆ្នាំ ២០១២ ក្នុងតម្លៃ ១ លាន​ផោន​។​

​    ​លោក Srivaddhanaprabha បាន​ប្រាប់​ទស្សនាវដ្ដី A Day របស់​ប្រទេស​ថៃ​ថា "​គាត់​បាន​ចូលរួម​ពី​ក្រុម​នៅ​លំដាប់​ទាប​មកកាន់​ក្រុម​នៅ​ក្របខ័ណ្ឌ Championship ដែល​រំពេច​នោះ បានធ្វើឱ្យ​គាត់​ផឹកស្រា​រាល់ថ្ងៃ​។ យើង​មិនដឹង គួរ​ធ្វើ​អ្វី​នោះទេ​។ ខ្ញុំ​មិនបាន​ដឹង​រឿង​នេះឡើយ​រហូតដល់​មាន​មនុស្សម្នា​ក់បាន​ប្រាប់​ខ្ញុំ​ថា គាត់​បានមក​ហ្វឹកហាត់​ទាំង​ស្រវឹង​"​។​

​    ​គាត់​បាន​បន្តថា "​ដូច្នេះ​ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​ផ្ទាល់ ដោយបាន​សួរ​គាត់​ថា តើ​អ្នក​ចង់​បញ្ចប់​អាជីព​ទាំង​បែបនេះ​មែន​ទេ​? តើ​អ្នក​ចង់​នៅ​បែបនេះ​មែន​ទេ​? យើង​នឹង​ទុកឱ្យ​កុងត្រា​របស់​អ្នក​ផុតកំណត់​បន្ទាប់មក​ប​ណ្តេ​ញ​ចេញ​តែម្តង​។ យើង​មិន​រំពឹង​គោលដៅ​អាជីព​ល្អ​ណាមួយ​ពី​អ្នក​សោះ​"​។ លោក​បាន​ប្រាប់ទៀតថា "​គាត់​បាន​និយាយថា គាត់​មិនដឹងថា គួរ​ធ្វើ​អ្វី​ជាមួយ​ជីវិត​របស់គាត់​ឡើយ​។ គាត់​នឹងមិន​អាច​រក​ប្រាប់​ចំណូល​ច្រើន​សម្បើម​នោះឡើយ​! ដូច្នេះ ខ្ញុំ​បាន​សួរ​គាត់​ថា តើ​សុបិន​អ្នកជា​អ្វី​? តើ​អ្នក​គិតថា​ជីវិត​របស់​អ្នកនឹង​ទៅជា​អ្វី​? គិត​ឱ្យបាន​ច្បាស់​អំពី​អ្វីដែល​អ្នកនឹង​ធ្វើ​ដើម្បី​ក្លឹប​នេះ​។ ខ្ញុំ​បាន​វិនិយោគ​ជាមួយ​អ្នក ប៉ុន្តែ​អ្នក​មិន​គិតថា គួរ​តបស្នង​អ្វី​សម្រាប់​ក្លឹប​ទេ​ឬ​?"​។​

​    ​បន្ទាប់ពី​ការសន្ទនា​នោះមក កីឡាករ Vardy បាន​ឈប់​ផឹក​ហើយ​ចាប់ផ្តើម​ប្រឹង​ហ្វឹកហាត់ ប៉ុន្តែ​នៅពេលនោះ រាងកាយ​របស់គាត់​មិនទាន់​ល្អ​ដូច​សព្វថ្ងៃ​នេះឡើយ​។ អនុប្រធាន​ក្លឹប​បាន​ប្រាប់ទៀតថា "​យើង​ដឹងថា គាត់​មាន​សន្ទុះ​ដ៏​ខ្លាំងក្លា ប៉ុន្តែ​យើង​មិនបាន​ដឹងថា គាត់​ជា​កីឡាករ​ល្អ​បែបនេះ​សោះ​! គាត់​ជាម​នុស្ស​ងាយ​សម្រប​ខ្លួន​! ការហ្វឹកហាត់​លើ​កាយសម្បទា​បាន​កែប្រែ​គាត់​ទៅជា​មនុស្ស​ថ្មី​មួយទៀត ហើយ​វា​ជា​រឿង​ដ៏​ល្អ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់