Mireia web

និសិ្សតវ័យ២៣ឆ្នាំរបស់អេស្ប៉ាញគ្រងតំណែងបវរកញ្ញាពិភពលោក

តំណែង​បវរកញ្ញាពិភពលោកឆ្នាំ​២០១៥​ បាន​ធ្លាក់​ទៅលើ​ប្រទេស​អេស្ប៉ាញ​ដែល​តំណាងដោយ​និសិត្សវ័យ២៣​ឆ្នាំ​ម្នាក់​មកពី​ទីក្រុងបាសេឡូណា។ មីរ៉េយ៉ា ឡាឡាហ្គូនា រ៉ូយ៉ូ (Mireia Lalaguna Royo) ដណ្តើម​បាន​ម្កុដសម្រាប់​កញ្ញាឯក​ពិភពលោក​កាល​ពី​យប់ថ្ងៃទី១៩​ខែធ្នូនៅ​សាលមហោស្រព Beauty Crown Grand Theatre នៅ​ក្រុង​សានយ៉ា ប្រទេសចិន​ ទីដែលមានការរៀប​ចំប្រ​កួត​បវរកញ្ញាឯក​ពិភពលោក​លើក​៦៥។ នេះជាលើកដំបូង​ហើយ​ដែល​ប្រទេស​អេស្ប៉ាញ​ដណ្តើម​បាន​ម្កុដបវរកញ្ញាពិភពលោក។

          រ៉ូយ៉ូ ដែល​មានសញ្ញាបត្រផ្នែក​ឱសថវិទ្យា​និង​កំពុងតែ​ស្វែង​រក​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិតផ្នែក​ចំណីអាហារនោះ បាន​យក​ឈ្នះ​បេក្ខនារី​មក​ពី​១១៦​ប្រទេស​ទូទាំងពិភពលោក។

បវរកញ្ញាមកពីប្រទេសរុស្ស៊ី សូហ្វៀ នីគីតឆុក (Sofia Nikitchuk) និងកញ្ញា​ឯក​ឥណ្ឌូណេស៊ី ម៉ារៀ ហាហ្វាទី (Maria Harfanti) ទទួលបាន​ចំណាត់ថ្នាក់​ទី​២​និង​ទី​៣​រៀងគ្នា។ ចំណែក​នាង សានណេតា​ មីរី (Sanneta Myrie) មក​ពី​ប្រទេស​ចាម៉ៃកាទទួលបាន​ចំណាត់ថ្នាក់លេខ​៥ និង​នាង វ៉ាឡេរី អាបូ ចាក្រា (Valerie Abou Chacra) មកពីប្រទេសលីបង់ជាប់ចំណាត់ថ្នាក់លេខ៤។
          បន្ទាប់ពី​ទទួល​បាន​ពាន​នេះ ឡាឡាហ្គូណា បាន​និយាយថា “បើ​គ្មាន​សេច ក្តី​ស្រឡាញ់​ដែលខ្ញុំទទួលបាន​ពីមនុស្សគ្រប់គ្នា​ដែល​ខ្ញុំបានជួប​នៅ​ទីនេះ​និង​ពី មនុស្សគ្រប់គ្នា​ដែល​បាន​ជូនពរនិង​គាំទ្រ​ពី​ប្រជាពលរដ្ឋនៅ​ប្រទេស​ខ្ញុំទេ ខ្ញុំ​នឹង​មិនអាចទទួល​បាន​តំណែងនេះទេ។ ខ្ញុំចង់បង្ហាញពួកគាត់និង​ពិភព​លោក​ថា ខ្ញុំ សមនឹងទទួលបាន​តំណែងបវរកញ្ញាឯក​ពិភពលោក ហើយខ្ញុំសង្ឃឹម​ថា នឹង​ធ្វើ​ឲ្យ​មនុស្សគ្រប់គ្នា​មានមោទនភាព”៕

ប្រភព៖ aceshowbiz.com

មតិយោបល់