adverise with khmeread 972230c7 ca8a 4078 93aa dfddcee45f6c

កម្ពុជា​នឹង​ចាប់ផ្ដើម​ចម្រាញ់​ប្រេងកាត​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ​២០១៨

     ភ្នំពេញ ៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ កម្ពុជា​នឹងមាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​របស់ខ្លួន​នៅ​ចុងឆ្នាំ​២០១៨​ខាងមុខនេះ ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ភេ​ត្រូ​ខេ​មី​ខ​ល ខូ​អិ​ល​ធី​ឌី (CPC) ជាមួយ​ក្រុមហ៊ុន CNPC Northeast Refining & Chemical Engineering របស់​ប្រទេស​ចិន។​

     រោងចក្រ​ចម្រាញ់​ប្រេងកាត​នេះ នឹង​អនុវត្ត​នៅ​ដំណាក់កាល​ទី​១ ក្នុង​ទំហំ​ទឹកប្រាក់​៦២០​លាន​ដុល្លារ​អាមេរិក ដែលមាន​សមត្ថភាព​ផលិត​បាន​២​លាន​តោន​ក្នុង​១​ឆ្នាំ ស្ថិតនៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លើ​ផ្ទៃដី​ប្រមាណ​៤០​ហិកតា ក្នុងចំណោម​ផ្ទៃដី​សរុប​៤០០​ហិកតា។​

     ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា កាលពី​ថ្ងៃទី​៤​ឧសភា ឆ្នាំ​២០១៦ លោក​ឧកញ៉ា ហាន់ ឃៀង អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន (CPC) បាន​មានប្រសាសន៍ថា «ក្រុមហ៊ុន​យើង​ដាក់ទុន​វិនិយោគ​ចំនួន​៦២០​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ដំណាក់កាល​ទី​១ នៃ​ការសាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​នេះ។ បើ​គ្មាន​ការប្រែប្រួល​ទេនោះ ការសាងសង់​វគ្គ​ដំបូង​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨ ជាមួយនឹង​សមត្ថភាព​ផលិត​ជា​ផលិតផល​សម្រេចបាន​២​លាន​តោន​ក្នុង​១​ឆ្នាំ។ នេះ​អាច​រាប់​ជា​កាលានុវត្តភាព​នៃ​ការអភិវឌ្ឍ និង​ឈានឡើង​នៃ​វិស័យ​ឧស្សាហកម្ម​ប្រេងឥន្ធនៈ​កម្ពុជា ដើម្បី​កិត្តិនាម​រួម​របស់​កម្ពុជា និង​ជា​ពេលវេលា​ដ៏​សមស្រប​មួយ​សម្រាប់​កម្ពុជា ក្នុង​ការកសាង​កេរ្ដិ៍ឈ្មោះ​បោះ​សំឡេង​នៅ​ទូទាំង​ពិភពលោក ខណៈដែល​ខ្លួន​មាន​សមត្ថភាព​អាច​ផលិត​ប្រេង​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​ធ្វើការ​នាំចេញ​បាន»។​

     លោក​ឧកញ៉ា​បន្ដថា «គម្រោង​នេះ​នឹងត្រូវ​សាងសង់ឡើង​ជាមួយ​ឧបករណ៍ ព្រមទាំង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត ព្រោះ​វា​ជា​រោងចក្រ​ចម្រាញ់​ប្រេង​ទី​១​នៅ​កម្ពុជា។ ក្រុមហ៊ុន​នឹង​បង្កើន​ការវិនិយោគ​បន្ថែម​នៅក្នុង​គម្រោង​៣​ចំនួន​ប៊ី​លាន​ដុល្លារ​អាមេរិក​ទៀត ជាមួយនឹង​ការបង្កើន​សមត្ថភាព​ផលិត​ឲ្យ​បាន​៥​លាន​តោន​ក្នុង​១​ឆ្នាំ នៅ​ដំណាក់កាល​បន្តបន្ទាប់»។​

     លោក LI LIMIN ប្រធាន​អគ្គនាយក​ក្រុមហ៊ុន CNPC Northeast បាន​មានប្រសាសន៍ថា CNPC Northeast ជា​សហគ្រាស​រដ្ឋ​របស់​ចិន​ក្នុង​វិស័យ​ឧស្សាហកម្ម​គីមី​ឥន្ធនៈ ហើយ​ជា​សហគ្រាស​បុត្រ​សម្ព័ន្ធរ​បស់​សហគ្រាស​រដ្ឋ​ដ៏​ធំ​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឈ្មោះ «​ក្រុមហ៊ុន CNPC» (​ស៊ី​.​អិន​.​ភី​.​ស៊ី​) ។ ក្រុមហ៊ុន​CNPC បាន​ចុះបញ្ជី​ផ្សារភាគហ៊ុន​នៅ​ឆ្នាំ​២០១០ ដោយមាន​តម្លៃ​ហ៊ុន​សរុប​ជាង​៣.០០០​ប៊ី​លាន​ដុល្លារ​អាមេរិក ។​
     លោក​បន្តថា «ក្រុមហ៊ុន CNPC Northeast ជា​ក្រុមហ៊ុន​នាំមុខគេ​ដែលមាន​ជំនាញ​ខាង​រចនា​ប្លង់​សរុប​ទាំង​ការសាងសង់​និង​ដំឡើង​ខ្សែសង្វាក់​ផលិក​ម្ម​រោងចក្រ​ចម្រាញ់​ប្រេង។ ក្រុមហ៊ុន​នេះ​មាន​ធនធានមនុស្ស​ជំនាញ​ផ្នែក​វិស្វកម្ម​សំណង់​ឧស្សាហកម្ម​គីមី​ឥន្ធនៈ​ប្រកបដោយ​សក្តានុពល។ ដោយសារ «​ក្រុមហ៊ុន​ស៊ី​.​ភី​.​ស៊ី​» របស់​កម្ពុជា​ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់បំផុត​ដល់​សហគ្រាស​យើងខ្ញុំ ទើប​សម្រេច​ឲ្យ​យើង​ធ្វើជា​ភាគី​អនុវត្ត​កិច្ចសន្យាការងារ​លទ្ធកម្ម និង​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​នេះ »។​

     លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ក៏បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​គម្រោង​នេះ​ផងដែរ ហើយ​លោក​មានប្រសាសន៍ថា  « ការវិនិយោគ​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ពី​ទំនុកចិត្ត​របស់​បណ្ដា​វិនិយោគិន​ទៅលើ​ស្ថិរភាព​ន​យោ បាយ និង​បរិយាកាស​សេដ្ឋកិច្ច​នៅ​កម្ពុជា។ គម្រោង​នេះ មិន​ត្រឹមតែ​ផ្ដល់នូវ​គុណសម្បត្តិ​ដ៏​មហាសាល​ដល់​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ចូលរួមចំណែក​ក្នុងការ​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​របស់​កម្ពុជា និង​ចិន​ផងដែរ »។ លោក​រដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​ការ​អរគុណ​យ៉ាង​ស្មោះ​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បាន​ជំរុញ​វិនិយោគិន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា។​

     គួរ​បញ្ជាក់ថា ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ភេ​ត្រូ​ខេ​មី​ខ​ល ខូ​អិ​ល​ធី​ឌី «C.P.C» គឺជា​ក្រុមហ៊ុន​មួយ​មាន​ម្ចាស់​ភាគហ៊ុន​ជា​ពាណិជ្ជករ​ក្នុងស្រុក​និង​បរទេស ដែល​បាន​ចុះ​បញ្ជិការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១០។ កន្លងមក ក្រុមហ៊ុន​នេះ​បានទទួល​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធ្វើការ​វិនិយោគ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​យ៉ាង​ធំ​មួយ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ។ រោងចក្រ​ចម្រាញ់​ប្រេងកាត​នេះ ជា​គម្រោង​វិនិយោគ​លើ​វិស័យ​ប្រេងឥន្ធនៈ​ប្រកបដោយ​មហិច្ឆតា​តែមួយគត់ មិន​ធ្លាប់មាន​ពីមុន​នៅ​កម្ពុជា​គិត​មកដល់ពេលនេះ នឹងត្រូវ​ប្រើ​ទឹកប្រាក់​បណ្តាក់ទុន​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អាមេរិក។ នៅពេល​សាងសង់​រួច​ជា​ស្ថាពរ​ហើយ​ដំណើរការ​ពេញ​សមត្ថភាព រោងចក្រ​នេះ​អាច​ផលិត​ប្រេង​បាន​៥​លាន​តោន​ក្នុង​១​ឆ្នាំ។​

     បច្ចុប្បន្ននេះ កម្ពុជា​បាន​នាំចូល​នូវ​ប្រេងឥន្ធនៈ​ទាំងស្រុង​ពី​ប្រទេស​វៀតណាម សិង្ហ​បុរី និង​ថៃ ខណៈដែល​ប្រេង​និង​ឧស្ម័ន​នៅ​បាតសមុទ្រ និង​ក្រោម​ដី​របស់​កម្ពុជា​មិនទាន់​អាចធ្វើ​អាជីវ​កម្មបាន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់