adverise with khmeread 10 thoughts

រឿង ១០ យ៉ាងដែលរារាំងអ្នកមិនឲ្យចាកចេញពីស្ថានភាពសុខស្រួល (Comfort Zone)

    ​មិន​ថា​អ្នក​ជឿ​វា​ឬក៏​អត់​ទេ សមត្ថភាព​ក្នុងការ​ចាកចេញ​ពី​ស្ថានភាព​សុខ​ស្រួល​ដោយ​ឆន្ទៈ​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​យូរអង្វែង​គឺជា​អ្វីមួយ​ដែល​ញែក​ដាច់​មនុស្ស​ដ៏​ចំណាន​ចេញពី​ហ្វូងមនុស្ស​ធម្មតា​។ 

​    ​សូម​ស្រមៃ​ដល់​វដ្ដ​ចំនួន​ពីរ ដែល​មិន​ត្រូវបាន​ភ្ជាប់​ជាមួយគ្នា​ទាល់តែសោះ​។ វដ្ត​មួយ​មាន​ទំហំ​តូច​ហើយ​ធម្មតា ចំណែកឯ​វដ្ត​ទី​ពីរ​មាន​ទំហំ​ធំ​ជាង និង​ខ្លាំងក្លា​ជាង​។ វដ្ត​ទីមួយ​តំណាង​ឲ្យ​ជីវិត​ពោរពេញ​ដោយ​ភាពស្រណុកសុខស្រួល ដោយមាន​ការ​ឆែក​អ៊ី​ន​ធឺ​ណេ​ត ដេក​លើ​គ្រែ​ពេញ​មួយថ្ងៃ​នៅ​ចុង​សប្តាហ៍ និង​ទទួលទាន​សូកូឡា​សំណព្វចិត្ត​យ៉ាងច្រើន​រាប់មិនអស់​។ វា​គឺជា​និមិត្តរូប​នៃ​ជីវិត ដែល​រស់នៅក្នុង​ស្ថានភាព​សុខ​ស្រួល​។ មើល​មួយ​ភ្លែត វា​ហាក់ដូចជា​ឥ​ន្ធ​ធនូ និង​សេះ​ដុះ​ស្នែង ប៉ុន្តែ​ធាតុពិត វា​គឺជា​វដ្ត​មួយ ដែល​ពុំ​ធានា​ឲ្យ​អ្នក​នូវ​អ្វី​ទាំងអស់​ក្រៅតែពី​ការ​ស្តាយក្រោយ​នោះឡើយ​។ 

​    ​បន្ទាប់មក​គឺមាន​វដ្ត​ទី​ពីរ​: ដែល​បំពេញ​ទៅដោយ​ដែនដី​គ្មាន​នរណា​ស្គាល់ ដែល​រង់ចាំតែ​គេ​រក​ឲ្យ​ឃើញ​, សុបិន​ធំៗ​ដែល​ត្រូវការ​រូបអ្នក​ដើម្បី​ធ្វើ​ឲ្យ​វា​ក្លាយជា​ការពិត និង គ្រឿង​លើកទឹកចិត្ត​ជាច្រើន​ដែល​គរ​លើ​គ្នា​រហូតដល់​ថ្នាក់​អ្នក​មិន​ចង់យក​វា​ទៅ​ដោះដូរ​ជាមួយ​អ្វី​ផ្សេង​ទៀតឡើយ​។ នេះហើយ​គឺជា​រូបរាង​របស់​ឆាកជីវិត ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្រៅ​ស្ថានភាព​សុខ​ស្រួល​។ បែបផែន​ជីវិត​របៀបនេះ​គឺជា​ការធ្វើ​តេស្ត​មួយ​លើ​អំណាច​ឆន្ទៈ និង​វិន័យ​របស់​អ្នកជា​ប្រចាំ​។ រាល់ថ្ងៃ​ថ្មី​នីមួយៗ​គឺ​សុទ្ធតែជា​ការពុះពារ​ថ្មី​។ ទោះយ៉ាងណា រង្វាន់​សម្រាប់​ភាពក្លាហាន និង​ការប្តេជ្ញា​របស់​អ្នក​ដើម្បី​ចាប់យក​ជីវិត​បែបនេះ​គឺ​ពិត​មាន​ទំហំ​ធំ​សម្បើម និង​សម​នឹង​ឲ្យ​ធ្វើការ​ប្រឹងប្រែង​ដើម្បី​វា​ណាស់​។ 

​    ​ដើម្បី​បោះជំហាន​ទៅមុខ​ដ៏​ល្អប្រសើរ អ្នក​ត្រូវតែ​ប្តេជ្ញា និង​លុបបំបាត់​នូវ​ការគិត​បែប​អវិជ្ជមាន ដែល​បំបាក់ទឹកចិត្ត​អ្នក​មិន​ឲ្យ​ចាក​ចេញពី​ស្ថានភាព​សុខ​ស្រួល​ដើម្បី​ចាប់យក​អ្វីដែល​ល្អ​។ ខាងក្រោម​នេះ​គឺជា​បញ្ជី​នៃ​រឿង​ទាំង ១០ យ៉ាង​ដែល​សំខាន់ និង​គ្រោះថ្នាក់​បំផុត​។ 

​    ​១- "​ខ្ញុំ​ពិតជា​មិនត្រូវ​ធ្វើ​រឿងនេះ​ទេ​"
​    ​ប្រសិនបើ​គ្មាន​នរណា​ផ្សេង ដែល​រុញ​អ្នក​ឲ្យ​ធ្វើ​អ្វីមួយ វា​ពិតជា​លំបាក​ណាស់​ក្នុងការ​បន្ត​មាន​ទឹកចិត្ត​នៅពេលដែល​អ្នក​ចង់​បោះបង់​វា​ចោល​។ ភ្លាមៗ​នោះ​ស្រាប់តែ​ក្នុង​ចិត្ត​អ្នក​ចាប់ផ្តើម​ផ្ទុះ​ចេញ​នូវ​ហេតុផល​ក្នុងការ​បោះបង់ចោល​គោលដៅ​របស់​អ្នក និង​ធ្វើ​អ្វី​ផ្សេង​ដែល​រីករាយ​ជាង​នេះ ព្រោះ "​អ្នក​មិនចាំបាច់​ត្រូវ​លំបាក​តទៅទៀត​ទេ​"​។ គំនិត​នេះ​គឺ​វា​សាមញ្ញ​ទូទៅ​ទៅហើយៗ​ខ្ញុំ​ក៏​ធ្លាប់​ឆ្លងកាត់​វា​ច្រើនលើកច្រើនសា​ណាស់​មកហើយ​ដែរ​។ ខ្ញុំ​ថែមទាំង​ធ្លាប់​ជឿថា​ធ្វើ​អ្វីមួយ​បាន រួចហើយ​បោះបង់ចោល​ការប្តេជ្ញាចិត្ត​នោះ​។ ទោះយ៉ាងណា ការដែល​ខ្ញុំ​កាន់​តែមាន​អារម្មណ៍​ថា​បាន​ភ្លក្ស​រសជាតិ​ភាពជូរចត់​ពី​ការបរាជ័យ ខ្ញុំ​កាន់តែដឹង​ច្បាស់​ពី​ការ​ជម្រុញ​ទឹកចិត្ត និង​ការប្តេជ្ញាចិត្ត​វា​សំខាន់​ប៉ុនណា​។  

​    ​ជាការ​ពិត អ្នក​ច្បាស់​ជា​ធ្លាប់​ធ្វើបែបនេះ វា​គ្មានអ្វី​ត្រូវ​សង្ស័យ​ទេ​។ មិន​ថា​គោលដៅ​របស់​អ្នក​គឺជា​អ្វី​ទេ អ្នក​មិនត្រូវ​បោះបង់​វា​ចោល​ដោយ​ផ្អែក​តាម​អារម្មណ៍​ដែល​កើតឡើង​អំឡុងពេល​វេលា​ដ៏​លំបាក​នោះឡើយ​។ នៅពេលណា​ដែល​ការ​ជញ្ជឹងគិត​ដ៏​គ្រោះថ្នាក់​នេះ​ចាប់ផ្តើម​ដក់​ក្នុង​ចិត្ត​របស់​អ្នក អ្នក​ត្រូវ​រំឭក​ខ្លួនឯង​ពី​អត្ថបទ​នេះ និង​ដំបូន្មាន​របស់ខ្ញុំ​។ នៅពេល​ខួរក្បាល​របស់​អ្នក​លែង​បញ្ចុះបញ្ចូល​ឲ្យ​អ្នក​ចុះ​ញ៉ម ដូច​នោះ​អ្នក​នឹងមាន​អារម្មណ៍​ល្អប្រសើរ​មួយ​រំពេច ព្រោះ​អ្នកដឹង​ថាបើ​គិត​ដូច្នោះ​អ្នកនឹង​កាន់តែ​មាន​អារម្មណ៍​ពិបាក​កាន់តែខ្លាំង​នៅពេល​ក្រោយ​។ 

​    ​២- "​ខ្ញុំ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​"
​ជួនកាល​វា​គឺជា​រឿង​ល្អ​បំផុត ដែល​អ្នក​អាច​ធ្វើបាន​។ ទោះយ៉ាងណា វា​អាចមាន​ប្រសិទ្ធភាព​ទៅបាន​ដរាបណា​អ្នក​ពិតជា​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​មែន​។ បញ្ហា​ពិត​គឺថា មនុស្ស​ភាគច្រើន​មិនបាន​ចាប់ផ្តើម​ទេ ហើយ​ថ្ងៃស្អែក​ក៏​មិនដែល​កើតឡើង​ដែរ​។ ថ្ងៃស្អែក​គឺ​នឹង​មកដល់​នៅ​កាលបរិច្ឆេទ​ដែល​គេ​មិនដឹង​ក្នុង​ពេលអនាគត​។ 

​    ​អាចនិយាយបាន​ថា​អ្នក​ចង់​ចាប់ផ្តើម​រត់​ហាត់ប្រាណ​ជា​ទៀត​ទាត់ ហើយ​អ្នកសម្រេចចិត្ត​ចាប់ផ្តើម​ថ្ងៃស្អែក​។ ប្រសិនបើ​អ្នក​ប្តេជ្ញា​ពិតប្រាកដ​មែន​ថា​ពេលណា​អ្នកនឹង​ហាត់ប្រាណ ត្រូវ​ប្រាប់​ខ្លួនឯង​ថា​ហេតុអ្វី​បានជា​អ្នកធ្វើ​រឿងនេះ និង​ត្រូវដាក់​ឈុត​រត់​ហាត់ប្រាណ​នៅ​កន្លែង​ដែល​អាច​មើលឃើញ អ៊ីចឹង​ទើប​អ្នក​ទំនងជា​អាច​ប្រកាន់ខ្ជាប់​នូវ​ពាក្យសន្យា​របស់ខ្លួន​បាន​។​

​    ​ទោះយ៉ាងណា ប្រសិនបើ​អ្នក​គ្រាន់តែ​បោក​បញ្ឆោត​ខ្លួនឯង​ថា​អ្នកនឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​ព្រោះតែ​ឥឡូវនេះ​អ្នកមាន​អារម្មណ៍​ចង់​មើល​វីដេអូ​សំណើច​លើ YouTube នោះ អ៊ីចឹង​វា​គ្រាន់តែ​ជាការ​បង្អែបង្អង់​ពេល​មិនចេះចប់​មិនចេះហើយ​របស់​អ្នក​តែប៉ុណ្ណោះ​។ 

​    ​៣- "​ឥឡូវនេះ​មិនមែនជា​ពេល​ដ៏​ល្អឥតខ្ចោះ​នៅឡើយ​ទេ​"
​    ​ខ្ញុំ​ចង់​ចាប់ផ្តើម​បង្កើត​ប្លុក (Blog) អំពី​ការកែប្រែ​ឲ្យ​ប្រសើរ​ដោយ​ខ្លួនឯង (self-improvement)  ប៉ុន្តែ​ខ្ញុំ​ពុំមាន​អារម្មណ៍​ថា​ការចាប់ផ្តើម​នាពេល​ឥឡូវ​គឺជា​គំនិតល្អ​នោះឡើយ​។ ផ្ទុយទៅវិញ ខ្ញុំ​បែរជា​បន្ត​បញ្ចុះបញ្ចូល​ខ្លួនឯង​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​តែប៉ុណ្ណោះ ខ្ញុំ​នឹង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចាប់ផ្តើម ប្រៀប​បីដូច​ជា​មែនទែន​អ៊ីចឹង​។ នៅពេលដែល​រយៈពេល​ប៉ុន្មាន​ខែ​នោះបាន​កន្លងផុតទៅ ខ្ញុំ​ក៏រ​កលេ​សបាន​មួយ​ទៀតថា​ការរង់ចាំ​រយៈពេល​មួយខែ​ទៀត​វា​ប្រសើរ​ជាង​ចាប់ផ្តើម​នៅថ្ងៃនេះ​។ 

​    ​ដូចដែល​អ្នក​អាច​ស្រមៃ​គិត​ឃើញ​អ៊ីចឹង វា​គឺជា​វដ្ត​មួយ​ដែល​វិល​ឥត​ឈប់​។ ប្រសិនបើ​អ្នក​សម្រប​យកតាម​គំនិត​បែបនេះ អ្នកនឹង​មិនអាច​ចាប់ផ្តើម​បានឡើយ​។ នៅពេលណា​ដែល​ការខកចិត្ត​របស់ខ្ញុំ​ឈានដល់​ចំណុច​ក្តៅគគុក​ហើយ​នោះ ខ្ញុំ​ក៏បាន​ចាប់​ផ្តើមធ្វើ​អ្វី ដែល​ខ្ញុំ​មិនបាន​ធ្វើ​អស់​ពេល​រាប់​ខែ ហើយ​ក្នុងពេល​តែ​ប៉ុន្មាន​ម៉ោង​វេ​ប​សាយ​របស់ខ្ញុំ​ក៏​ចាប់បដិសន្ធិ​។ ទីបំផុត ខ្ញុំ​ក៏​សម្រេចចិត្ត​លែងយក​លេស​តទៅទៀត ហើយ​ងើប​ចេញពី​ស្ថានភាព​សុខ​ស្រួល​។ ប្រាប់​ការពិតទៅ​ចុះ វា​គឺជា​ការសម្រេចចិត្ត​មួយ ដែល​អ្នក​នឹងមិន​ស្តាយក្រោយ​នោះឡើយ​។ ការបង្អែបង្អង់​នឹង​នាំមក​នូវ​ការសោកស្តាយ និង​ធ្វើ​ឲ្យ​អ្នក​ឆ្ងល់​ថា "​តើ​នឹងមាន​អ្វី​កើតឡើង​បើ​ខ្ញុំ​ព្យាយាម​នោះ​..."​។ 

​    ​៤- “​ខ្ញុំ​នឹង​ចាប់ផ្តើម​ប្រសិនបើ​ខ្ញុំ​មាន _____​ច្រើន​“
​    ​តាម​បទពិសោធន៍​ផ្ទាល់ "​ចាំ​មាន​ពេល​ច្រើន​" ហាក់បីដូចជា​ការយក​លេស​ដ៏​ពេញនិយម​ក្នុង​ខួរក្បាល​របស់ខ្ញុំ​អ៊ីចឹង​។ នៅពេល​និយាយ​ដល់​ការធ្វើ​អ្វីមួយ​ដែល​មិន​ស្រួល វា​តែងតែមាន​អ្វីមួយ​ធ្វើ​ឲ្យ​យើង​រវល់ និង​មក​រំខាន​យើង​រហូត​។ ទោះយ៉ាងណា ការពិត​ជាក់ស្តែង រឿង​ដែលថា​ពិបាកធ្វើ​នោះ​នឹង​មិនបាន​ផ្លាស់ប្តូរ​អ្វី​សំខាន់​ចំពោះ​ឆាកជីវិត​របស់​អ្នក​ទេ ប៉ុន្តែ​អ្នក​នៅតែ​បន្ត​ប្រើ​វា​ជា​លេស​ដ៏​សាមញ្ញ​មួយ​។ វា​គឺ​ងាយស្រួល​បែបនេះ​ឯង​។  

​    ​នៅពេលណា​ដែល​អ្នក​ដឹងខ្លួន​ថា​អ្នក​ប្រើ​ការយក​លេស​បែបនេះ អ្នក​ត្រូវ​ដឹងថា ក្នុងករណី​ភាគច្រើន យើង​មាន​អ្វីៗ​អស់​រួចទៅហើយ​ដែល​យើង​ត្រូវការ​ដើម្បី​ធ្វើការ​ចាប់ផ្តើម​។ ប្រសិនបើ​អ្នក​មិន​ប្រឹងប្រែង​ឆ្ពោះទៅ​បង្កើត​បរិយាកាស​ល្អប្រសើរ​ដើម្បី​ចាប់ផ្តើម​ទេ ខ្ញុំ​ហ៊ាន​ធានាថា​រឿង​នោះ​នឹងមិន​កើតឡើង​ដោយ​ឯកឯង ឬ​ដោយ​ចៃដន្យ​នោះឡើយ​។ 

​    ​៥- “​ប្រសិនបើ​ខ្ញុំ​មាន _____, ខ្ញុំ​ច្បាស់​ជា​ជោគជ័យ​ជាមិនខាន​”
​    ​ការគិត​ឆ្កួតៗ​មួយទៀត​ដែល​រារាំង​មនុស្ស​ពី​ការសម្រេច​នូវ​ភាពជោគជ័យ​ក្នុង​ឆាកជីវិត​គឺ​ការ​គិតថា​អ្វីមួយ​ដាច់ខាត​ត្រូវតែមាន​ស្របគ្នា​ដែរ​ទើប​អាច​នាំទៅរក​ភាពជោគជ័យ​បាន​។ អ្វីដែល​អាច​ធ្វើទៅកើត​នោះ​គឺ​អាស្រ័យ​លើ​កត្តា​ខាងក្នុង​ទេ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​អ្នក​បានល្អ​ប្រសើរ​។  

​    ​ប្រាកដ​ណាស់ មនុស្ស​មួយចំនួន​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​អ្នក​ផ្សេងទៀត ប៉ុន្តែ​សមាសធាតុ​សំខាន់បំផុត​គឺ​ធ្វើ​សកម្មភាព និង បន្ត​តស៊ូ​សូម្បី​នៅពេលដែល​អ្នក​មិន​មើលឃើញ​លទ្ធផល​កើតចេញពី​ការ​ខំប្រឹង​នោះ​ក៏ដោយ​។ វា​គឺជា​កត្តា​ខាងក្នុង​ទេ ដែល​សំខាន់​ជាងគេ​បំផុត​នោះ​។ រាល់​កត្តា​ខាងក្រៅ​គឺ​គ្រាន់តែ​ជាការ​បន្ថែម​ដ៏​ល្អ​តែប៉ុណ្ណោះ​ប៉ុន្តែ​មិនចាំបាច់​តម្រូវ​ឲ្យ​ទាល់​តែមាន​វា​នោះទេ​។ 

​    ​៦- "​ខ្ញុំ​មិនទាន់​ល្អ​គ្រប់គ្រាន់​ក្នុងការ​ចាប់ផ្តើម​នៅឡើយ​ទេ​"
​    ​សព្វថ្ងៃនេះ​យើង​តែងតែ​ចូលចិត្ត​មើល​ពី​ជីវិត​អ្នកដទៃ​។ មិន​ថា​វា​ជាការ​ផ្សាយពាណិជ្ជកម្ម និង​ផ្ទាំង​បដា​ដែល​គេ​កាត់ត​, ប្រូ​ហ្វា​ល់ Instagram ឬ Facebook ឬ​ប្លុក​វីដេអូ​នោះទេ គឺថា​ព័ត៌មាន​ភាគច្រើន​ដែល​បាន​ចែករំលែក​តៗ​គ្នា​នោះ​គ្រាន់តែ​ជា​ចំណុច​ភស្តុតាង​តូច​មួយ​ប៉ុណ្ណោះ វា​មិន​ឆ្លុះបញ្ចាំង​ថា​អ្វីដែល​មាន​លើ​នោះ​គឺ​សុទ្ធតែ​ល្អ​ជាង​អ្នក​នោះទេ​។ ជាទូទៅ ការពិត​មែនទែន​គឺ​ត្រូវបាន​លាក់បាំង ចំណុច​ដែល​មិន​គ្រាន់បើ​ជាង​អ្នក​គេ​មិន​បញ្ចេញ​ឲ្យ​ដឹង​ទេ ដូចនេះ​អ្នក​នឹងមាន​អារម្មណ៍​ថា​ដូច​មាន​តែឯង​ទេ​ដែល​ជួបប្រទះ​ឆាក​ជិវិត​ដ៏​បរាជ័យ​។ 

​    ​ជា​លទ្ធផល អ្នក​នឹងមាន​អារម្មណ៍​ថា​ខ្លួនឯង​មិន​គ្រាន់​ជាងគេ​នៅ​ទីបំផុត​។ មនុស្ស​ភាគច្រើន​មាន​អារម្មណ៍​មិន​សុវត្ថិភាព មាន​មន្ទិល​លើ​ខ្លួនឯង និង​ជួបប្រទះ​នូវ​ស្ថានភាព​មួយ ដែល​អ្នក​គិតថា​មានតែ​ការចុះចាញ់​ប៉ុណ្ណោះ​ទើប​ជា​ដំណោះស្រាយ​។ វា​ប្រហែល​មកពី​បណ្តាញ​សង្គម​របស់​ពួកគេ​មិនបាន​ប្រាប់​ពី​រឿងរ៉ាវ​អស់ទាំង​ស្រុង​។ 

​    ​វា​គ្រាន់តែ​ជា​វិធី​ដែល​ខួរក្បាល​របស់​អ្នក​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ច្រឡំបល់​តែប៉ុណ្ណោះ​។ កុំ​ខ្វល់​ពី​វា ព្រោះ​អ្នក​ល្អ​គ្រប់គ្រាន់​រួចទៅហើយ​។ ហើយ​ប្រសិនបើ​អ្នក​នៅ​មិនទាន់​ល្អ​គ្រប់គ្រាន់​ទេ គ្រាន់តែ​បន្លប់​ខ្លួនឯង​ថា​ខ្លួនឯង​ល្អ​គ្រប់គ្រាន់​ទៅ​គឺ​បាន​ហើយ​!

​    ​៧- "​នេះ​គឺជា​ពេល​ចុងក្រោយ​ដែល​ខ្ញុំ​បង្អែបង្អង់​ពេលវេលា​!"
​    ​រាល់​ពេលដែល​អ្នកយក​លេស​រួចខ្លួន អ្នក​ច្បាស់​ជា​ធ្វើ​ឲ្យ​ការប្រឹងប្រែង​ធ្វើ​អ្វីមួយ​បន្ទាប់​នោះ​កាន់តែ​មានការ​ស្វិតស្វាញ​។ កន្លងផុតទៅ​ពីមួយ​គ្រា​ទៅមួយ​គ្រា ចិត្ត​របស់​អ្នកនឹង​បង្កើតបាន​ទម្លាប់​ដ៏​អាក្រក់​មួយ​ក្នុងការ​បង្អែបង្អង់​ពេលវេលា​ឲ្យ​ខាងតែបាន ហើយ​វា​នឹង​ក្លាយជា​ការលំបាក​ពិតប្រាកដ​មួយ​ក្នុងការ​ប្រកាន់ខ្ជាប់​ឲ្យ​បាន​នូវ​ការប្តេជ្ញាចិត្ត​របស់​អ្នក​។ អ្នក​ត្រូវតែ​ដឹង​ឲ្យ​ច្បាស់​ថា​វា​គឺជា​ពេលវេលា​ដ៏​លំបាក​បំផុត ហើយ​របៀប​ដែល​អ្នក​បញ្ចេញ​សកម្មភាព​នៅពេលដែល​រឿង​ទាំងនោះ​កើតឡើង វា​អាច​នឹង​សម្រេច​នូវ​ជោគវាសនា​របស់​អ្នក​បាន​។ ប្រសិនបើ​អ្នក​អាចធ្វើ​អ្វីមួយ​ដែល​លំបាក​បំផុត និង​គ្រាន់តែ​ចាប់ផ្តើម​ធ្វើ​សកម្មភាព នោះ​វា​នឹង​ជួយ​ឲ្យ​ការប៉ុនប៉ង​ធ្វើ​អ្វីមួយ​ក្នុងពេល​អនាគត​កាន់តែ​ងាយស្រួល​។  

​    ​ការសិក្សា​មួយ​បាន​បង្ហាញថា មនុស្ស​ដែល​តតាំង​ជាមួយនឹង​ការ​ប្រឈម​ខាង​ផ្លូវចិត្ត​ដែល​កើតឡើង​ឥត​ឈប់​គឺមាន​ការវិវត្តន៍​ល្អប្រសើរ​ជាង​នរណាៗ​ទាំងអស់​។ ក្រុម​អ្នក​ដែល​ប្រឈម​នឹង​កិច្ច​ការមិន​ស្រួល​ជាងគេ​បំផុត​តែងតែ​ទទួលបាន​នូវ​លទ្ធផល​អស្ចារ្យ​បំផុត​។ អ្នកវិទ្យាសាស្ត្រ​ខាង​ចិត្តសាស្ត្រ លោក ដេ​នី​ស ផាក (Denise Park) បានលើកឡើង​យ៉ាងច្បាស់​លាស់​ថា​: "​នៅពេលដែល​អ្នក​ស្ថិតនៅក្នុង​ស្ថានភាព​សុខ​ស្រួល អ្នក​គឺ​កំពុងតែ​នៅក្រៅ​ស្ថានភាព​រីកចម្រើន​ទៅមុខ​"​។ 

​    ​៨- "​ថ្ងៃនេះ​ខ្ញុំ​នឹង​សប្បាយ​ឲ្យ​អស់ដៃ​សិន ប៉ុន្តែ​ថ្ងៃស្អែក​ខ្ញុំ​នឹង​ផ្តោតលើ​គោលដៅ​របស់ខ្ញុំ​!"
​នេះ​តាមពិតទៅ​អាចទៅរួច ប៉ុន្តែ​ទាល់តែ​អ្នក​កែប្រែ​ប្រយោគ​ថា​អ៊ីចេស​វិញ​: ឥឡូវនេះ​ខ្ញុំ​នឹង​ប្រឹងប្រែង​ឆ្ពោះទៅរក​គោលដៅ​របស់ខ្ញុំ​អ៊ីចឹង​នៅ​ចុងបញ្ចប់​នៃ​ថ្ងៃនោះ​ខ្ញុំ​នឹង​អាចមាន​អារម្មណ៍​ពេញចិត្ត​ពេញ​ថ្លើម ដែល​បាន​សម្រេចបាន​នូវ​អ្វីៗ​ទាំងអស់​។ ប្រសិនបើ​អ្នកយក​ការសប្បាយ​ធ្វើជា​រឿង​អាទិភាព នោះ​វា​ច្បាស់​ជា​ពិបាក​ឲ្យ​អ្នក​ចាប់​ផ្តើមធ្វើ​សកម្មភាព​នានា​ដែលមាន​ការលំបាក​នៅពេល​ក្រោយ​ខ្លាំងណាស់​។​

​    ​ការដែល​សម្រេចបាន​នូវ​រឿង​ដែល​ធ្វើ​ឲ្យ​សប្បាយចិត្ត​ដោយ​មិនចាំបាច់​ប្រឹងប្រែង​នៅ​ដំណាក់កាល​ដំបូងៗ​គឺជា​ធាតុ​នៃ​ការបន្ត​នៅក្នុង​ស្ថានភាព​សុខ​ស្រួល​ហើយ​។ ប្រសិនបើ​អ្នក​ទៅតាម​ផ្លូវ​នេះ​មួយ​លើក​ជា​ពីរលើក ទម្លាប់​អាក្រក់​មួយទៀត​នឹង​ចាប់ផ្តើម​ដុះ​ឫសគល់​។ សំណាងល្អ អ្នក​អាចធ្វើ​វា​បាន តាមរយៈ​ការ​បញ្ចា​ស់សកម្ម​ភាព ដោយ​ធ្វើ​អ្វីដែល​ពិបាក​ជាមុន​សឹម​សង្ឃឹម​បាន​ភាព​ស្រណុក​ស្រួល​ជា​ក្រោយ​។ 

​    ​៩- "​ខ្ញុំ​មិនដឹងថា​ចាប់ផ្តើម​យ៉ាងម៉េច​ទេ​!"
​    ​ប្រសើ​ន​បើ​អ្នក​មិនដឹងថា​ចាប់ផ្តើម​យ៉ាងម៉េច អ្នក​គួរតែ​ត្រូវ​ដឹងថា អ្នកជំនាញ​ភាគច្រើន​គឺ​សុទ្ធតែជា​អ្នកថ្មី​ទាំងអស់​នៅ​គ្រា​ដំបូង​។ ការដែល​ដឹង​នូវ​អ្វីមួយ​មិនមែនជា​លទ្ធផល​នៃ​ភាពប៉ិនប្រសព្វ ឬ​វេទមន្ត​អ្វី​នោះទេ តែ​វា​ជា​លទ្ធផល​នៃ​ការប្រឹងប្រែង និង ការកែលម្អ​ឲ្យ​ប្រសើរឡើង​ឥតឈប់ឈរ​។ ក្នុង​ពិភពលោក​បច្ចុប្បន្ន​ដែល​ពោរពេញ​ដោយ​ព័ត៌មាន​ដែល​អាច​រកបាន​ភ្លាមៗ និង​រកបាន​ដោយ​ឥត​បង់ថ្លៃ​នោះ អ្នក​មិនអាច​បានត្រឹមតែ​និយាយថា​ខ្ញុំ​មិនដឹងថា​ត្រូវ​ចាប់ផ្តើម​ដូចម្តេច រួច​ចុះចាញ់​នោះឡើយ​។​

​    ​ខណៈដែល​ខ្ញុំ​កំពុង​សរសេរ​អត្ថបទ​នេះ មាន Blog Post ដល់​ទៅ​ជាង ២.០០០.០០០ ត្រូវបាន​សរសេរ​រួចទៅហើយ​សព្វថ្ងៃនេះ​។ ជាងនេះទៅទៀត សៀវភៅ​ជិត ១.៥០០.០០០ ក្បាល​ត្រូវបាន​ចេញផ្សាយ​គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៥​។ នេះ​មិន​រាប់បញ្ចូល​វីដេអូ​បែប​អប់រំ​ច្រើន​ម៉ោង​រាប់មិនអស់​ដែល​គេ​បង្ហោះ​លើ YouTube និង​វេ​ប​សាយ​ស្រដៀង​គ្នា​ផង​។ គ្រាន់តែ​ដាក់បញ្ចូល​គ្នា វា​មាន​វិធី​មិន​អស់​លុយ​មួយចំនួន​បាត់ទៅហើយ​ដើម្បី​រៀន​ពី​ដំណោះស្រាយ​ចំពោះ​បញ្ហា​ណាមួយ​ដែល​អ្នកមាន​។ អ្នក​អាច​រៀន​អ្វីៗ​គ្រប់បែបយ៉ាង ដែល​អ្នក​ដាក់ចិត្ត​ចំពោះ​វា​។​

​    ​១០- "​អ្នក​អាច​រស់នៅ​បានតែ​មួយជីវិត​ប៉ុណ្ណោះ អ៊ីចឹង​ជីវិត​ត្រូវតែ​សប្បាយ​!"
​    ​មានរឿង​មួយ​ដែល​ខ្ញុំ​ច្បាស់​បំផុត​គឺថា​ការសប្បាយ​និង​ភាព​រីករាយ​ពិតប្រាកដ​អា​ចរក​បានតែ​នៅក្នុង​ស្ថាន​ភាពមិន​ស្រណុក​ស្រួល​ប៉ុណ្ណោះ​។ អ្នក​នឹងមិន​សម្រេចបាន​សុភមង្គល​ពិតប្រាកដ និង ក្តី​បំណង​បាន​ភ្លាមៗ​នោះទេ​។ ប៉ុន្តែ​រឿងនេះ​វា​បាន​កើតឡើង​ចំពោះ​គ្រប់គ្នា​នៅ​គ្រប់ពេល​ទាំងអស់​។ អ្វីដែល​អ្នក​ត្រូវធ្វើ​ជាដំបូង​គឺ​ត្រូវ​ឱបក្រសោប​យក​ភាពអាសន្ន ដូចនេះ​ទើប​ទីបំផុត​អ្នក​អាច​រកឃើញ​សន្តិភាព​។ 

​    ​ការ​ស្ថិតនៅ​ក្នុងស្ថានភាព​សុខ​ស្រួល​ហាក់ដូចជា​រីករាយ​ណាស់​នៅ​ផ្ទៃ​ខាងលើ នោះ​ហើយ​គឺជា​ហេតុដែល​មនុស្ស​ភាគ​ច្រើន​មិនដែល​ចាក​ចេញពី​ស្ថានភាព​ដ៏​ស្រណុក​នេះ​។ ទោះយ៉ាងណា នៅពេលដែល​អ្នក​បោះជំហាន​ចូលក្នុង​ស្ថានភាព​ដែល​អ្នក​មិនដឹង និង​ធ្វើ​អ្វីមួយ​ដែល​អ្នក​មិន​ធ្លាប់ធ្វើ​ពីមុនមក អ្នក​ច្បាស់​ជា​គិតថា​អ្នក​បាន​សាង​កំហុស​មួយ​ផ្អែក​តាម​ការសន្និដ្ឋាន​ផ្ទាល់​របស់​អ្នក​។ វា​ហាក់ដូច​ជាការ​ស្ថិតនៅក្នុង​ស្ថានភាព​សុខ​ស្រួល​មានន័យថា​មិនមាន​ហានិភ័យ​អ្វី​ទាំងអស់​។ ទោះយ៉ាងណា តាមពិតទៅ អ្នក​កំពុង​ធ្វើ​ឲ្យ​ធនធាន​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​របស់​អ្នក​ជួប​ហានិភ័យ​ក្នុងពេលដែល​អ្នក​បន្ត​នៅក្នុង​ស្ថានភាព​សុខ​ស្រួល​។ អ្នកនឹង​ធ្វើ​ឲ្យ​ខាតបង់​អ្វីៗ​ទាំងអស់​ក្នុង​ជីវិត​របស់​អ្នក និង​ខកខាន​មិនបាន​ភ្លក្ស​រសជាតិ​នៃ​សមិទ្ធផល​ដ៏​អស្ចារ្យ​មិនគួរ​ឲ្យ​ជឿ​នោះឡើយ​។ សូមកុំ​ធ្វើ​រឿងនេះ​ចំពោះ​ខ្លួន​អ្នក​ឲ្យ​សោះ​៕​

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

អ្នកនឹងចូលចិត្ត

មតិយោបល់