adverise with khmeread 680fbd17 0044 4d2e b363 dedfb8d1a8a1

ធ្លាក់ភ្លៀង​១​មេ​ធំ ទៅ​ចាប់​ត្រី​ឡើង​តាម​ទឹកភ្លៀង ត្រូវ​រន្ទះបាញ់​ស្លាប់​

    កំពង់ចាម ៖ បុរស​ម្នាក់​ត្រូវបាន​រន្ទះបាញ់ បណ្ដាល​ឲ្យ​ស្លាប់​នៅតាម​មាត់បឹង ខណៈពេល​ជនរងគ្រោះ​ទៅ​ចាប់​ត្រី​ឡើង​តាម​ទឹក ពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង ដែល​គ្រោះថ្នាក់​ធម្មជាតិ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច ថ្ងៃទី​៦ ខែឧសភា ឆ្នាំ២០១៦ នៅ​ចំណុច​បឹង​បាក់រទេះ ស្ថិត​ខាងជើង​ភូមិ​ព្រែកកុយ ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្តកំពង់ចាម។​

    ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ ព្រឿង ណាន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃកើតហេតុ ជនរងគ្រោះ​បានចេញ​ទៅ រក​ចាប់​ត្រី​ឡើង​ទឹកភ្លៀង នៅត្រង់ចំណុច​កើតហេតុ​តែម្នាក់ឯង ដោយ​បាត់​យូរ​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ ក្រុមគ្រួសារ​ក៏បាន​នាំគ្នា​ទៅតាម​រក រហូតដល់​វេលា​ម៉ោង​២ រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៧ ឧសភា ទើប​ប្រទះឃើញ​សាកសព​ជនរងគ្រោះ ដេកស្លាប់​នៅ​មាត់បឹង។​

    យោងតាម​ការអះអាង របស់​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់ ដោយ​រន្ទះបាញ់​ប្រាកដ​មែន ព្រោះ​មួក​និង​ក្រមា ដែល​ជនរងគ្រោះ​ពាក់​និង​ជួត​នៅលើ​ក្បាល​នោះ មាន​ស្នាម​ឆេះ​ខ្លោច។​

    ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុក​កងមាស បាន​ចុះទៅពិនិត្យ​សាកសព​ជនរងគ្រោះ ដោយ​មិនឃើញ​មាន​ពាក់ព័ន្ធ ទៅនឹង​បទល្មើស​ផ្សេង​ទេនោះ ក៏បាន​ប្រគល់​ឲ្យ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់