ប្រធាន FIFA លោក Sepp Blatter និងប្រធាន UEFA លោក Michel Platini ត្រូវបានផ្អាកប្រាំបីឆ្នាំពីសកម្មភាពទាក់ទងនឹងបាល់ទាត់ បន្ទាប់ពីមានការស៊ើបអង្កេតផ្នែកក្រមសីលធម៍។
អ្នកទាំងពីរត្រូវបានរកឃើញថាមានទោសពីបទរំលោភបំពានទាក់ទងនឹង "ការទូទាត់មិនស្មោះត្រង់" ក្នុងចំនួនទឹកប្រាក់ ២ លានដុល្លា ដែលបានធ្វើឡើងសម្រាប់លោក Michel Platini កាលពីឆ្នាំ ២០១១។ លោកបុរសទាំងពីរនាក់នេះបានបដិសេធថាមិនបានធ្វើខុសអ្វីទេ ប៉ុន្តែបំរាមនេះបានចូលជាធរមានភ្លាមៗទៅហើយ។
លោក Sepp Blatter វ័យ ៧៩ឆ្នាំ ជាប្រធាន FIFA តាំងពីឆ្នាំ ១៩៩៨ បានធ្វើការប្រកាសថាលោកនឹងចុះចេញពីតំណែងមុនពេលការបោះឆ្នោតជ្រើសរើសប្រធានថ្មីក្នុងខែកុម្ភៈខាងមុខ និងលោក Michel Platini វ័យ ៦០ ឆ្នាំ ក៏ត្រូវបានគេរំពឹងថាជាអនាគតប្រធាន FIFA និងសង្ឃឹមថានឹងធ្វើបានជោគជ័យបន្ទាប់ពីលោក Sepp Blatter។
អតីតកីឡាករឆ្នើមប្រចាំឆ្នាំចំនួនបីដងរបស់បាល់ទាត់អឺរ៉ុបនិងជាអតីតប្រធានក្រុមជម្រើសជាតិបារាំងលោក Platini បានក្លាយជាប្រធាន UEFA តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ៕
អ្នកទាំងពីរក៏ត្រូវបានផាកពិន័យជាប្រាក់ផងដែរ ដោយលោក Sepp Blatter ត្រូវបង់ប្រាក់ចំនួន ៤០.០០០ ដុល្លា និងលោក Michel Platini ចំនួន ៨០.០០០ ដុល្លា៕
