បាត់ដំបង ៖ មានករណីពួកចោរប្រដាប់អាវុធមួយក្រុមបានធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិអស់២ម្ចាស់នាវេលាមៅង៧ និង២០នាទីយប់ថ្ងៃទី៧ ឧសភា ឆ្នាំ២០១៦នៅត្រង់ចំណុចក្រុមទី១៣ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយពួកចោរយកអស់លុយនិងមាសប្រាក់មួយចំនួន តែពុំមានមនុស្សរងគ្រោះថ្នាក់ឡើយ។
ប៉ូលិសមូលដ្ឋានបានឱ្យដឹងថា អំពើប្លន់ប្រដាប់អាវុធបង្កដោយជនសង្ស័យមានគ្នាចំនួន៥នាក់មិនស្គាល់អត្តសញ្ញាណប្រដាប់ដោយអាវុធ២ដើម(អាវុធខ្លី១ដើមអាវុធវែង១ដើម) និងដែកត្បែង១បានចូលធ្វើសកម្មភាពប្លន់ផ្ទះលក់គ្រឿងសំណង់ និងសាំងដែលមានម្ចាស់ផ្ទះឈ្មោះ រ៉ើន រុន ភេទប្រុស អាយុ៤១ឆ្នាំយកទ្រព្យសម្បត្តិនិងសម្ភារៈមួយចំនួន។
អំពើប្លន់នេះពួកចោរយកបាន ៖ ខ្សែកផ្លាកទី១ខ្សែ ទម្ងន់១ដំឡឹង៥ជី ,ខ្សែកមាស១ខ្សែ ទម្ងន់៤ជី ,កងដៃផ្លាកទីន១ខ្សែតម្លៃ២០០$ ,លុយខ្មែរ៨០ម៉ឺនរៀល,ទូរសព្ទ័៣គ្រឿង(សាំសុង១ ហួវៃ១ចុចពិល១)។
បន្ទាប់មកពួកចោរប្លន់យកពីឈ្មោះ សូត្រ សុខ ភេទស្រី អាយុ៣២ឆ្នាំជាអ្នកភូមិជាមួយគ្នាដែលមកលេងផ្ទះជនរងគ្រោះយកអស់ ៖ ខ្សែកផ្លាកទី១ខ្សែ ទម្ងន់៥ជី ,កងដៃផ្លាកទីនទម្ងន់៥ជី,លុយខ្មែរ៣០ម៉ឺនរៀល។
ប៉ូលិសបន្តថា ខណៈពេលពួកចោរកំពុងធ្វើសកម្មភាពកម្លាំងអធិការដ្ឋានប៉ូលិសស្រុកមោងឫស្សីបានចុះធ្វើអន្តរាគមន៍បាញ់ចំនួន២គ្រាប់ ហើយជនសង្ស័យទាំងនោះក៏រត់គេចខ្លួនតាមរបងទ្វារខាងក្រោយឆ្ពោះទៅទិសខាងជើងកាត់វាលស្រែបាត់។
ក្នុងករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវកន្លែងកើតហេតុរកវត្ថុតាងនិងមុខសញ្ញាជនសង្ស័យ៕
