30s

គោលដៅ​ហិរញ្ញវត្ថុ​ទាំង ១០ ត្រូវ​ចាប់យក​មុនពេល​អ្នក​ឈានដល់​វ័យ​ខ្ទង់ ៣០

​    ​ការដែល​ស្ថិតក្នុង​វ័យ​ខ្ទង់ ២០ ឆ្នាំ​គឺជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ ដែល​អ្នក​អាចមាន​សេរីភាព​គ្រប់គ្រាន់​ដើម្បី​កំណត់​គោលដៅ និង​ធ្វើ​ម្ចាស់ការ​លើ​ខ្លួនឯង​។ ប៉ុន្តែ​ផ្នែក​មួយ​នៃ​ភាពម្ចាស់ការ​លើ​ខ្លួនឯង​គឺ​ការដែល​អាច​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​បាន​ដោយ​ខ្លួនឯង​។ វា​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​ដឹងថា​អ្នក​អាច​ម្ចាស់ការ​លើ​ប្រាក់​របស់​អ្នក​។ វ័យ​ខ្ទង់ ២០ គឺជា​វ័យ​ដ៏​ល្អ​ឥត​ខ្ជោះ​ក្នុងការ​ចាប់ផ្តើម​រក្សា​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​។ កុំឱ្យ​ខាត​ពេល​យូរ សូម​មើល​ទាំងអស់គ្នា​នូវ​គោលដៅ​ហិរញ្ញវត្ថុ​ទាំង ១០ ដែល​ត្រូវ​ចាប់យក មុនពេល​អ្នក​ឈានដល់​វ័យ​ខ្ទង់ ៣០​។​

​    ​១- ផ្តោតលើ​ការសង​បំណុល​របស់​អ្នក​ឱ្យអស់​
​    ​រាល់​បំណុល​សុទ្ធតែ​មានការ​ប្រាក់ ប្រសិនបើ​អ្នក​ទុក​កាន់តែ​យូរ ការប្រាក់​នឹង​កាន់តែ​កើន​។ អ្នក​នឹងមាន​អារម្មណ៍​អស្ចារ្យ​ក្រោយពី​បាន​សងបំណុល​រួច​អស់រលីង ហើយ​វា​ក៏​ជួយ​បើកផ្លូវ​ឱ្យ​អ្នក​ចាប់ផ្តើម​សន្សំ​ប្រាក់​កាន់តែ​ងាយស្រួល​ផងដែរ​។  

​    ​២- បង្កើត​គម្រោង​ថវិកា​ប្រចាំខែ​
​    ​ការ​សន្សំ​ប្រាក់ និង​សងបំណុល​នឹងមាន​ភាពងាយស្រួល​ជាង​មុន​នៅពេល​អ្នកមាន​គម្រោង​ថវិកា​នៅនឹងកន្លែង​។ នៅពេល​អ្នកមាន​ពេលទំនេរ អ្នក​អាច​អង្គុយ​ចុះ​រួច​កត់ត្រា​រាល់​ចំណូល​និង​ចំណាយ​របស់​អ្នក​។ ត្រូវ​កំណត់​លុយ​ដាច់ដោយឡែក​សម្រាប់​ថ្លៃ​ជួល​ផ្ទះ ថ្លៃ​ទឹក​ភ្លើង អាហារ ការកម្សាន្ត ការសង​បំណុល និង​ការ​សន្សំ​។ នៅពេល​អ្នកមាន​ចំនួន​ទឹកប្រាក់​កំណត់​មួយ​ដើម្បី​ចំណាយ អ្នកនឹង​កត់សម្គាល់ឃើញ​ថា អ្នក​កំពុង​សន្សំ​លុយ​ដោយ​មិនចាំបាច់​គិតពី​វា​ខ្លាំង​ដូច​មុន​នោះទេ​។ 

​    ​៣- ឈប់​ចាយវាយ​ខ្ជាំ​ងៗ​
​    ​ការចំណាយ​ខ្ជាំ​ងៗ​អាចធ្វើឱ្យ​ប្រាក់​សន្សំ​រប​ស់​អ្នក​ថយចុះ ហើយ​វា​ក៏​ជាការ​ខ្ជះខ្ជាយ​លុយ​ផងដែរ​! មុនពេល​អ្នកទិញ​រប​ស់​អ្វីមួយ ត្រូវ​សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​ត្រូវការ​របស់​ដែល​ចង់​ទិញ​នោះដែរ​ឬទេ​? ហេតុអ្វី​? តើ​ខ្ញុំ​ត្រូវ​យកលុយ​ក្នុង​គម្រោង​ថវិកា​ទិញ​វា ឬដ​កលុយ​សន្សំ​ទិញ​វា​? 

​    ​៤- ត្រូវមាន​ផែនការ​អភិវឌ្ឍ​អាជីព​ការងារ​ច្បាស់លាស់​ដើម្បី​ជំរុញ​ទឹកចិត្ត​ខ្លួនឯង​ឆ្ពោះទៅ​គោលដៅ​
​    ​អ្នក​ប្រហែល​ជាមាន​ផែនការ​អភិវឌ្ឍ​អាជីព​ការងារ​របស់​អ្នក​ដើម្បី​រកលុយ​ឱ្យបាន​ច្រើនជាង​មុន ប៉ុន្តែ​ប្រសិនបើ​អ្នកសរសេរ​ផែនការ​ហិរញ្ញវត្ថុ​ឱ្យបាន​ច្បាស់លាស់ វា​នឹង​ជួយ​អ្នក​ឱ្យ​ប្រកាន់ខ្ជាប់​នឹង​ផែនការ​នោះបាន​យ៉ាង​ល្អ ហើយ​វា​ក៏​ជួយ​ជំរុញ​ទឹកចិត្ត​របស់​អ្នក​ឱ្យ​ឆាប់​សម្រេច​គោលដៅ​នោះ​ផងដែរ​។ 

​    ​៥- លុបបំបាត់​ភាព​ហ៊ឺហា​
​    ​មនុស្ស​ភាគច្រើន​តែងតែ​ធ្លាប់​ចំណាយលុយ​ដើម្បី​ភាព​ហ៊ឺហា​ដូចជា​ចូល​ហាង​ថ្លៃ ឬ​ទិញ​របស់​ថ្លៃៗ​មក​ប្រើ​ជាដើម​។ ត្រូវ​ព្យាយាម​តាមដាន​ការចំណាយ​ប្រចាំខែ និង​ពិនិត្យ​មើលថា​តើ​មានបាន​ខ្ជះខ្ជាយ​លុយ​លើ​អ្វីមួយ​ដែរឬទេ​។ ការកាត់បន្ថយ​ចំណាយ​លើ​ភាព​ហ៊ឺហា​នឹង​ជួយ​ឱ្យ​អ្នក​សន្សំ​ប្រា​ក់បាន​យ៉ាងច្រើន​!

​    ​៦- បង់ថ្លៃ​ទឹក​ភ្លើង​ឱ្យបាន​ទាន់ពេល​
​    ​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ហិរញ្ញវត្ថុ​ដ៏​សំខាន់បំផុត​ក្នុង​វ័យ​ខ្ទង់ ២០ ឆ្នាំ​របស់​អ្នក​គឺ​ត្រូវ​បង់ថ្លៃ​ទឹក​ភ្លើង​ឱ្យបាន​ទាន់ពេល​។ វិក្ក​យ​ប័ត្រ​ទឹក​ភ្លើង​ដែល​មិនទាន់​បង់​រួច​នឹង​ធ្វើឱ្យ​អ្នកមាន​ឈ្មោះ​មិនល្អ ហើយ​ពេល​វិក្ក​យ​ប័ត្រ​ទាំងនោះ​គរ​ច្រើនឡើងៗ​អ្នកនឹង​ជួប​ការលំបាក​ក្នុងការ​ទូទាត់​ជាមិនខាន​។ ព្យាយាម​រក​មធ្យោបាយ​ទូទាត់​ដោយ​ស្វ័យប្រវត្តិ ដូចនេះ​ទើប​អ្នក​នឹងមិន​ខកខាន​ការបង់ថ្លៃ​ទឹក​ភ្លើង​ទាំងនោះ​។ 

​    ​៧- ត្រូវ​សន្សំ​លុយ​សម្រាប់​គ្រាអាសន្ន ដែល​អាច​ផ្គត់ផ្គង់​ការចំណាយ​បាន ៦ ខែ​
​    ​វា​ហាក់ដូចជា​រយៈពេល​មួយ​យូរណាស់ ប៉ុន្តែ​តាមរយៈ​ការ​សន្សំ​លុយ​រាល់​ខែ ទីបំផុត​អ្នកនឹង​មាន​លុយ​សន្សំ​គ្រប់គ្រាន់​សម្រាប់​ការចំណាយ​កន្លះ​ឆ្នាំ​។ អនាគត​ខាងមុខ​មិន​ប្រាកដប្រជា​នោះទេ ហើយ​ជីវិត​របស់​អ្នកនឹង​លែង​សូវ​មាន​ស្ត្រេ​ស៍ ប្រសិនបើ​អ្នក​ដឹងថា​អ្នកមាន​សំណាញ់​សុវត្ថិភាព​សម្រាប់​សេណា​រី​យ៉ូ​ដ៏​អាក្រក់​ណាមួយ ដូចជា​បាត់បង់​ការងារ ឬ​ឈឺ​មិនអាច​ធ្វើការ​បានជា​ដើម​។ 

​    ​៨- សន្សំ​ប្រាក់​សម្រាប់​ទិញ​ផ្ទះ​
​    ​វា​ដូចជា​មិនទាន់​ចាំបាច់​ទេ​ក្នុងការ​សន្សំ​ប្រាក់​ដើម្បី​ទិញ​ផ្ទះ​នៅពេល​អ្នកមាន​អាយុ​ខ្ទង់ ២០ ឆ្នាំ ប៉ុន្តែ​ការដែល​អ្នក​ឆាប់​សន្សំ​ប្រាក់ អ្នក​ក៏​នឹង​ឆាប់​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ទិញ​ផ្ទះមួយ​ផ្ទាល់ខ្លួន​ផងដែរ​។ ការ​សន្សំ​ប្រាក់​ទិញ​ផ្ទះ​គឺ​ត្រូវ​ចំណាយពេល​យូរណាស់ ប្រសិនបើ​អ្នកមាន​វ័យ​ជ្រេ​ហើយ​នោះ អ្នក​ច្បាស់​ជា​ជួប​ការលំបាក​ច្រើន​ក្នុងការ​សន្សំ​ដើម្បី​ទិញ​ផ្ទះ​។ 

​    ​៩- វិនិយោគ​ឱ្យ​ឆ្លាត​វៃ​
​    ​ការវិនិយោគ​គឺជា​វិធី​ដ៏​មាន​ប្រយោជន៍​ក្នុងការ​បង្កើន​ប្រាក់​សន្សំ​របស់​អ្នក ប៉ុន្តែ​ត្រូវ​ចេះ​ប្រុងប្រយ័ត្ន​នៅពេល​អ្នកមាន​គម្រោង​វិនិយោគ​។ ស្វែងរក​ការណែនាំ​ពី​អ្នកជំនាញ និង​ទុកឱ្យ​ពួកគេ​គាំទ្រ និង​ណែនាំ​ផ្លូវ​អ្នក នៅពេលដែល​អ្នកធ្វើការ​សម្រេចចិត្ត​វិនិយោគ​។ 

​    ​១០- ចាប់ផ្តើម​សន្សំ​ប្រាក់​សម្រាប់​ការចូលនិវត្តន៍​
​    ​នៅពេល​អ្នកមាន​វ័យក្មេង​នៅឡើយ ការ​សន្សំ​ប្រាក់​សម្រាប់​ចូលនិវត្តន៍​ពី​ពេល​ឥឡូវ​ដូចជា​មិន​ទំនង​ទេ ព្រោះ​អ្នក​នៅសល់​ពេល​រាប់​ទសវត្សរ៍​ខាងមុខ​ទៀត​ឯណោះ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចាប់ផ្តើម​ដាក់​ប្រាក់​សន្សំ​ក្នុង​ចំនួន​តូច​មួយ​រាល់​ខែ​ពី​ឥឡូវ​ទៅ អ្នកនឹង​ឃើញ​លុយ​ចូលនិវត្តន៍​មាន​ចំនួន​ច្រើន​មិន​នឹកស្មាន​ដល់​។ ត្រង់ចំណុច​នេះ ការ​សន្សំ​មិនចាំបាច់​ច្រើន​អី​ពេក​ទេ ត្រឹម ១០​ដុល្លារ​រាល់​ខែ​គឺ​ល្អ​ពេក​ហើយ​៕

ប្រភព៖ ឡាយ​ហ៊ែ​ក​

អ្នកនឹងចូលចិត្ត

មតិយោបល់