14fd89c2 7ed1 4806 925f c26e26449367

ជិះ​ម៉ូតូ​វ៉ា​រថយន្ដ​វ៉ា​ក់​ជាមួយ​រទេះ​លក់​ទឹកអំពៅ​ចាប់​ហ្វ្រាំង​ដួល​ចូល​ក្រោម​កង់​រថយន្ដ​កិន​បែកក្បាល​ស្លាប់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ដោយសារតែ​រូបគាត់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​វ៉ា​រថយន្ដ​មួយ​គឿង​ហើយ​វ៉ា​ក់​ជាមួយ​រទេះ​លក់​ទឹកអំពៅ​ចាប់​ហ្វ្រាំង​ដួល​ខ្ទាតចូល​ក្រោម​កង់​រថយន្ដ​កង់​តឺ​ន័​រ​កិន​ចំពាក់​កណ្ដាល​ខ្លួន​បែកក្បាល​ធ្លាយ​ខួរ ​និង​ធ្លាយ​ពោះ ហើយ​រថយន្ដ​បាន​បើក​រត់​បាន​ប្រហែល​១០០​ម៉ែត្រ​ទើប​តៃកុង​រថយន្ដ​ឈប់​បើកទ្វារ​ចុះ​រត់​គេចខ្លួនបាត់​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩ ​និង​៣០​នាទី​យប់​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ទល់មុខ​ផ្ទះសំណាក់​យីហោ សុវណ្ណ​គី​រី ស្ថិតក្នុង​សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ឈ្មោះ ហឿន សុខ​ម៉េង ភេទ​ប្រុស អាយុ២៦ឆ្នាំ  មុខរបរ​ជាជាង​ផ្សា​ដែក ស្នាក់នៅ​ម្ដុំ​ផ្សារ​បែក​ចាន ស្រុក​អង្គស្នួល​និង​មាន​ស្រុកកំណើត​នៅ​ភូមិ ព្រែក​ត្បេះ ឃុំ​ព្រែក​ពោរ​ធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​បុរស​ជា​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C125​ពណ៍​ខ្មៅ  សេរី​ឆ្នាំ​2014 ពាក់​ស្លាក​លេខ ភ្នំពេញ​1CN-2753 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ជនរងគ្រោះ​បាន​បើក​វ៉ា​រថយន្ដ​មួយគ្រឿង​ហើយ​បាន​វ៉ា​ក់​ជាមួយ​រទេះ​លក់​ទឹកអំពៅ ហើយ​ជនរងគ្រោះ​បាន​ចាប់​ហ្វ្រាំង​បង្ខំ​បណ្ដាលឱ្យ​ដួល​ខ្ទាតចូល​ក្រោម​កង់​រថយន្ដ​កង់​តឺ​ន័​រពាក់​ស្លាក​លេខ ភ្នំពេញ​3D-2291 ផ្នែក​ខាងក្រោយ​បណ្ដាលឱ្យ​កិន​ពេញ​លើ​ដងខ្លួន​ជនរងគ្រោះ បែកក្បាល​ធ្លាយ​ខួរ​និង​ធ្លាយ​ពោះ​ស្លាប់​ភ្លាមៗ​តែម្តង​ចំណែក​ម៉ូតូ​រង​ការខូចខាត​បន្តិច​ប​ន្ទួ​ច​។​

    ក្រោយពី​កើតហេតុ​រថយន្ដ​បាន​បើក​រត់​បាន​ប្រហែល​១០០​ម៉ែត្រ​ទើប​តៃកុង​រថយន្ដ​ឈប់​រថយន្ដ​ហើយ​បើកទ្វារ​រថយន្ដ​ចុះ​រត់​គេចខ្លួនបាត់​។​

    ក្រោយមក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ដ​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕​

 

អ្នកនឹងចូលចិត្ត

មតិយោបល់