adverise with khmeread 8f8fc4ce c73c 4573 b4a0 5eff78bfa9ee

បញ្ជូន​ជនសង្ស័យ​៥​នាក់​ទៅ​តុលាការ​ជា​បន្តបន្ទាប់​ដើម្បី​ផ្ដន្ទាទោស​

     ភ្នំពេញ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​អំពើ​ឆក់​ប្លន់​នៅ​រាជធានី​ភ្នំពេញ​ចំនួន​៥​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ហាញមុខ​នា​ព្រឹក​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ២០១៦​នេះ មុននឹង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី។ 

     មន្ត្រី​អាវុធហត្ថ​រាជធានី​បានឱ្យដឹង​នា​ព្រឹក​ថ្ងៃទី​៩ ខែ​ឧសភា​ថា ពេល​ថ្មីៗ​នេះ​មាន​ករណី​ប្លន់​កើត​ឡើងជា​ហូរហែ បង្កដោយ​ក្រុមក្មេងស្ទាវ​មាន​គ្នាច្រើន ប្រើ ដាវ កាំបិត ដំបង ឬ វត្ថុ​រឹង​ផ្សេងៗ ដេញ​វាយ​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ ទូរស័ព្ទ កាបូប​លុយ និង​ទ្រព្យសម្បត្តិ​មានតម្លៃ​ជាច្រើន​ទៀត ធ្វើ​ឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្កើន​ការងារ​ល្បាត​ជា​រៀងរាល់​យប់ និង​ស្រាវជ្រាវ​រហូត​ឈានដល់​ការចាប់​បាន​ក្រុមចោរប្លន់​ទាំងនោះ​ជា​បន្តបន្ទាប់​។​

     មន្ត្រី​អាវុធហត្ថ​បន្ទ​ថា កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦ អាវុធហត្ថ​ខណ្ឌដូនពេញ បាន​បញ្ជូន​ចោរប្លន់​ម្នាក់​ក្នុងចំណោម​បក្ខពួក​៦​នាក់ ទៅ​តុលាការ​ឈ្មោះ​ សារឹម រស្មី (​ហៅ បឿន​) ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ចំការ​ដូង ដែល​ជនសង្ស័យ​ម្នាក់នេះ​ត្រូវបាន​ចាប់ខ្លួន ខណៈដែល​ក្រុម​វា បាន​ប្រើ​ខ្សែក្រវ៉ាត់​វាយ​បែកក្បាល​ជនរងគ្រោះ​ម្នាក់ ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក MSX នៅ​សង្កាត់​ផ្សា​ថ្មី​ទី​៣ ខណ្ឌដូនពេញ បន្ទាប់មក​នៅ​យប់​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៦​នោះដែរ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ស្រាវជ្រាវ​ចាប់បាន​ជនសង្ស័យ មា្ន​ក់ទៀត​ជា​មេខ្លោង​ឈ្មោះ ហ៊ុន ណា (​ហៅ​អា​ធ្មេញ​) អាយុ​១៩​ឆ្នាំ​។​

     តាម​ចម្លើយសារភាព​របស់​ក្រុមចោរ​ទាំងនេះ​បាន​ប្រាប់ថា កន្លងមក​ក្រុម​វា​ច្រើនតែ​ធ្វើ​សកម្មភាព​វាយ​សិស្សសាលា​ទួល​ទំពូង​យកលុយ និង​ក្នុង​ឆ្នាំ​២០១៦​ថ្មីៗ​នេះ ពួកវា​បានធ្វើ​សកម្មភាព​ឆក់​ប្លន់​ចំនួន​៤​លើក គឺ​លើក​ទី​១-​វាយ​ជនរងគ្រោះ​យក​ទូរស័ព្ទដៃ​នៅ​ម្តុំ​អតីត​រោងកុន​គីរីរម្យ​, លើក​ទី​២ -​វាយ​ជនរងគ្រោះ​យក​ម៉ូតូ​មួយគ្រឿង នៅ​ម្តុំ​ផ្លូវ​ចូល​វត្ត​ដំបូក​ខ្ពស់​, លើក​ទី​៣ -​ឆក់​ខ្សែក នៅ​ម្តុំ​ផ្លូវ​ចូល​វត្ត​ដំបូក​ខ្ពស់ និង​លើក​ទី​៤ -​វាយ​ជនរងគ្រោះ​បែកក្បាល​ប្លន់​យក​ម៉ូតូ​មួយគ្រឿង នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ហើយ​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួនបាន​។​

     មន្ត្រី​អាវុធហត្ថ​បន្តថា បក្ខពួក​៤​នាក់​ទៀត​ដែល​បានគេច​ខ្លួន​រួមមាន​៖ ១.​ឈ្មោះ ស្នា អាយុ​១៩​ឆ្នាំ​, ២.​ឈ្មោះ ហាំង អាយុ​២៤​ឆ្នាំ​, ៣.​ឈ្មោះ ឆាយ អាយុ​១៩​ឆ្នាំ និង ៤.​ឈ្មោះ តុលា មិនដឹង​អាយុ។​

     ជាមួយគ្នា​នោះដែរ ក្រុម​ល្បាត​របស់​អាវុធហត្ថ​ខណ្ឌមានជ័យ ក៏បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ផ្សេងទៀត ដែលមាន​ឈ្មោះ​អ៊ុន ប៊ុន​ហួត (​ហៅ ង៉ោ​ល​) មុខរបរ​មិន​ពិតប្រាកដ ខណៈដែល​យុវជន​រូបនេះ​រួមជាមួយ​បក្ខពួក​ម្នាក់ទៀត បាន​កាន់​កាំបិតប៉័ងតោ បម្រុង​ទៅធ្វើ​សកម្មភាព តែ​ចៃដន្យ​ជួប​មួយក្រុម​ល្បាត​អាវុធហត្ថ​ខណ្ឌមានជ័យ នៅ​ចំណុច​ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

     មន្ត្រី​អាវុធហត្ថ​បន្តថា​នៅ​យប់​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ​៧​​ និង​៣០​នាទី យប់​មាន​ក្រុមចោរ​១​ក្រុម​ទៀត​គ្នា​ចំនួន​២​នាក់ បានធ្វើ​សកម្មភាព​ប្រើ​ដាវ​កាប់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ នៅត្រង់ចំណុច ផ្លូវ​លេខ​៤៣២ កែង​ផ្លូវមុនី​វង្ស សង្កាត់​បឹងត្របែក ខណ្ឌចំការមន  ត្រូវ​ក្រុម​ល្បាត​អាវុធហត្ថ​ខណ្ឌចំការមន​ចាប់ខ្លួនបាន​។​

     ជនសង្ស័យ​ទាំង​២​នាក់​នេះ​ទី​១-​ឈ្មោះ ​លឹម វីរៈ (​ហៅ អប្រិយ​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ​ន៏ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ​និង​ទី​២-​ឈ្មោះ ម៉ក់ ធា​រៈ (​ហៅ វ៉ៃ​) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរសិស្ស ទីលំនៅផ្ទះជួល ផ្លូវ​២៧១ ភូមិ​បឹងទំពុន សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌមានជ័យ។​

     គួរ​បញ្ជាក់ដែរថា ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​គឺ សុទ្ធតែ​មានការ​ប្រើប្រាស់​គ្រឿង​ញៀន ក្រោយពី​បានធ្វើ​តេស្ត​ទៅលើ​ទឹកនោម​ឃើញថា​មាន​ផល​វិជ្ជមាន​ទាំងអស់​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា​ការ​ជា​បន្តបន្ទាប់ ហើយ​បក្ខពួក​ដែល​នៅ​សេសសល់​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់