adverise with khmeread Index

សម្ពោធកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវជាង២០០នាព្រឹកនេះ

    ភ្នំពេញ ៖ ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះក្រសួងមហាផ្ទៃនឹងសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវមេរ៉ាសុវត្ថិភាពជាង ២០០គ្រឿង ដែលបំពាក់តាមភ្លើងស្តុបលើដងវិថីសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ដើម្បីតាមដានបទល្មើសនានា ។

   លោកឧត្តមសេនីយ៍ទោ មិន វណ្ណា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង និងជាប្រធានមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់អ្នកកាសែតថា កាមេរ៉ាជាង ២០០គ្រឿង ដែលជាជំនួយរបស់ក្រសួងសន្តិសុខចិន ត្រូវបានបំពាក់នៅលើគោលដៅភ្លើង ស្តុបលើដងវិថីសំខាន់ចំនួន ២០គោលដៅរួចរាល់ហើយ ហើយនឹងដាក់ឲ្យដំណើរការ ជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូឆ្នាំ២០១៥នេះ។

   លោក មិន វណ្ណា បន្តថា កាមេរ៉ា២០គោលដៅនេះ នឹងចូលរួមយ៉ាងសំខាន់ដើម្បីជួយពង្រឹងសន្តិសុខនៅរាជធានីភ្នំពេញ ឲ្យបានល្អប្រសើរជាងមុន ក្នុងតាមដានសកម្មភាពរបស់ក្រុមជនល្មើស លួច ឆក់ ប្លន់ និងជួយកត់ត្រាអត្តសញ្ញាណ អ្នកល្មើសច្បាប់ចរាចរណ៍ នៅតាមភ្លើងស្តុបផងដែរ។

   លោកមិន វណ្ណា បន្តថា លោកមានមន្រ្តីប្រចាំការនៅគ្រប់គ្រងកាមេរ៉ា ២៤ម៉ោង លើ២៤ម៉ោង ជួយឲ្យបានដឹងយ៉ាងច្បាស់ នូវសកម្មភាពរបស់អ្នកដំណើរឆ្លងកាត់ស្តុប។ កាមេរ៉ានេះនឹង ជួយឲ្យប៉ូលិសតាមដាន អ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ ឬ បង្កគ្រោះថ្នាក់ផ្សេងៗបាន។

  លោកបន្តទៀតថា នៅខែបន្តបន្ទាប់ទៀតនេះ កាមេរ៉ាប្រមាណ៤០០-៥០០គ្រឿងទៀត នឹងត្រូវបំពាក់តាមគោល ដៅផ្សេងៗទៀត។ ទៅថ្ងៃអនាគតកាមេរ៉ានេះ នឹងបំពាក់នៅគ្រប់បណ្តាផ្លូវ បូករួមទាំងផ្លូវតូចៗផងដែរ ដើម្បីតាមសកម្មភាពបទល្មើស នៅក្នុងរាជធានីភ្នំពេញ៕

adverise with khmeread

មតិយោបល់