កណ្តាល ៖ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ម៉ោង០៧ និង៥នាទី នៅចំណុច មុខសាលាបឋមសិក្សាក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឡៅ ចាន់ក្តឹប ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់តែគុជ។
ចំណែកជនល្មើសឈ្មោះដួង ចាន់រស្មី ភេទប្រុស អាយុ២៤ឆ្នាំទីលំនៅ ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖កាំបិតបុ័ងតោ ដងឈើ ចំនួន០១និងប្រអប់ក្រដាសសំរាប់ដាក់ កាំបិត០១។
ប៉ូលិសបន្តថា នៅវេលាកើតហេតុខាងលើ ពេលដែលជន រងគ្រោះកំពុងតែអង្គុយលក់តែគុជនៅកន្លែងកើតហេតុខាងលើពេលនោះស្រាប់តែ ជនល្មើស បានដើរម្នាក់ឯងកាន់កាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះចំនួន០២កាំបិតបណ្តាលឲ្យត្រូវក្បាលផ្នែកចំហៀងខាងឆ្វេង និងដាច់ប្រអប់ដៃខាងឆ្វេង ហើយបានរត់គេចខ្លួនបាត់តែម្តង។
ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ច បានជួយសង្គ្រោះ ជនរងគ្រោះ និងដោយបានចម្លើយ ច្បាស់លាស់ពីជនរងគ្រោះកម្លាំងជំនាញក្រុង សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាល សង្កាត់ព្រែកឬស្សី និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ដើមមៀន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនល្មើសបាននៅវេលាម៉ោង០៩ និង៤០នាទី បាននាំទៅចាប់យកវត្ថុតាង កាំបិតដែលលាក់ទុកក្នុងគុម្ពចេក នៅបរិវេណមន្ទីរពេទ្យជ័យជំនះ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិត ប្រាកដមែន ព្រោះខឹងនឹងជនរងគ្រោះបានវាយម្តាយរបស់ខ្លួន កាលពីប៉ុន្មានថ្ងៃមុន។
សូមបញ្ជាក់ថាកាំបិតដែលជនល្មើសយកទៅកាប់ជនរងគ្រោះ គឺជនល្មើសបានទិញពីផ្សារតាខ្មៅចាស់ ក្នុងតម្លៃ១៨.០០០រៀល មុនពេលកើតហេតុ៣០នាទី។ កន្លងមកជនល្មើសធ្លាប់ប្រើប្រាស់ថ្នាំញៀន តែឈប់ប្រើរយៈពេល០៣ ឆ្នាំមកហើយ៕
