ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញា លួច ឆក់ ប្លន់ និងប្រើប្រាស់គ្រឿងញៀន២នាក់ត្រូវបានប៉ូលិសខណ្ឌសែនសុខបង្ហាញមុខកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មុនពេបញ្ជូនទៅតុលាការ។
លោកអធិការ ម៉ក់ ហុង អធិការប៉ូលិសខណ្ឌសែន បានឱ្យដឹងថា មុខសញ្ញាឆក់ប្លន់ និងប្រើប្រាស់គ្រឿងញៀនទាំងពីរនាក់ ដែលត្រូវបានបង្ហាញមុខ នេះគឺត្រូវបានកម្លាំងល្បាតអន្តរាគមន៍ខណ្ឌសែនសុខ បង្ក្រាបបានកាលពីវេលាម៉ោង៥ និង៤0នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវណតប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកបន្តថា ជនសង្ស័យទី១-ឈ្មោះ ស៊ុំ ហឹត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣០ ភូមិសែនសុខទី០៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងទី២-ឈ្មោះ សាន វិសាល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ3E1 ផ្លូវ១៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
គួររំលឹកថា មានករណីប្លន់ប្រដាប់អាវុធបានសម្រេចម៉ូតូមួយគ្រឿងម៉ាក ZoomerX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FU-7863 (ស្លាកលេខបាត់ហើយ) កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ តាមផ្លូវសហព័ន្ធរុស្សី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពីនារីរងគ្រោះឈ្មោះ ឡេង ស្រីលីន អាយុ២០ឆ្នាំ មុខរបរបកប្រែរភាសាចិន ស្នាក់នៅផ្ទះជួលភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ក្រោយពីបង្ហាញមុខសញ្ញា លួច ឆក់ ប្លន់ ទាំងពីរនាក់រួចមក លោក ម៉ក់ហុង អធិការខណ្ឌសែនសុខបានប្រគល់ម៉ូតូ១គ្រឿង ដែលត្រូវក្រុមជនសង្ស័យប្លន់ជូនម្ចាស់វិញ ហើយលោកក៏បានឧបត្ថម្ភថវិការលើកទឹកចិត្តជូនដល់កងកម្លាំងរបស់លោកដែលបានខិតខំបំពេញភារៈកិច្ចចំនួន៥០ម៉ឺនរៀលផងដែរ៕
