adverise with khmeread C37b744f354ece9feb773fe596906b8a15bf42da

លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​ត ដែលប្រមាថសពស្ត្រីអូស្ត្រាលីឈ្នះការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន

​    ​យោងតាមវេបសាយ Straitstimes របស់សិង្ហបុរីចេញផ្សាយថ្ងៃអង្គារនេះបានឱ្យដឹងថា លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​ត (Rodrigo Duterte) បានទទួល​ជ័យជម្នះ​ដ៏​ធំ​សម្បើម​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន នេះ​បើ​យោងតាម​ការរាប់​សន្លឹក​ឆ្នោត​ដោយ​អង្គការ​ជាច្រើន បន្ទាប់ពី​យុទ្ធនា​ការឃោសនា​ដ៏រ​ន្ធឺ​របស់លោក​ក្នុងការ​សម្លាប់​ពួកឧក្រិដ្ឋជន​។ 

​     លោក​ឌូ​ធឺ​ត អភិបាលក្រុង​ដា​វ៉ា​វ (Davao) រាប់​វស្សា បាន​សណ្តំ​ចិត្ត​ប្រជាជន​រាប់លាន​នាក់​ជាមួយ​ការប្តេជ្ញា​ដោះស្រាយ​បញ្ហា​ពីរ​ដែល​កំពុង​ញាំញី​ហ្វីលីពីន​យ៉ាង​ឆាប់​បំផុត គឺ ឧក្រិដ្ឋកម្ម និង​ភាពក្រីក្រ ដែល​ប្រជាជន​ភាគច្រើន​ជឿថា​រឹតតែ​យ៉ាប់យ៉ឺន បើទោះបីជា​សេដ្ឋកិច្ច​រីកលូតលាស់​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ​ក៏ដោយ​។ 

​    ​ជាមួយ​ការរាប់​សន្លឹកឆ្នោត​បាន ៩០ ភាគរយ​គិត​ត្រឹម​ម៉ោង ៨ ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក​ឌូ​ធឺ​ត​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ ១៥ លាន​សំឡេង និង​នាំ​មុខដាច់ ៦ លាន​សំឡេង​ពី​គូប្រជែង​កៀក​បំផុត​របស់លោក គឺ​លោក ម៉ា រ៉ូ​ហ្សា​ស នេះ​បើ​យោងតាម​វេ​ប​សាយ GMA New Online​។​

​    ​អ្នកបោះឆ្នោត​ឆ្នាំនេះ​គឺមាន​ចំនួន ៨១,៦២ ភាគរយ​នៃ​ប្រជាជន​ដែលមាន​សិទ្ធិ​បោះឆ្នោត​ចំនួន ៥៤ លាន​នាក់ ច្រើនជាង​ចំនួន​អ្នកបោះឆ្នោត​ជា​មធ្យម ៧៥ ភាគរយ​នៃ​ការបោះឆ្នោត​មុនៗ​។ 

​    ​ខណៈ​ចេញ​លទ្ធផល​បណ្តើរៗ លោក​ឌូ​ធឺ​ត​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា "​ពិតជា​គួរឱ្យ​គោរព ពិតជា​គួរឱ្យ​គោរព​ខ្លាំង​បំផុត​។ នេះ​ជា​អំណាច​ប្រជាជន​។ អ្វីដែល​ខ្ញុំ​អាច​សន្យា​ជូន​អ្នក​បាន គឺថា ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថ​ភាពមិន​មែន​តែ​ពេល​ភ្ញាក់​ទេ​សូម្បីតែ​ពេលដេក​ក៏​ខ្ញុំ​ប្រឹងប្រែង​ដែរ​"​។ 

​     ព្រឹទ្ធសមាជិក លោកស្រី ហ្គេ​ស ប៉ូ (Grace Poe) កូនចិញ្ចឹម​របស់​តារាភាពយន្ត បានទទួល​សំឡេងគាំទ្រ ៨,៤ លាន​សំឡេង ប៉ុន្តែ​បានទទួល​ស្គាល់​បរាជ័យ​កាលពី​ពាក់​កណ្តាលយប់​ថ្ងៃ​ចន្ទ​។ 

​    ​លោកស្រី​ប៉ូ​បាន​និយាយថា "​ក្នុងនាម​ជា​អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​នៃ​ការកែទម្រង់​ការបោះឆ្នោត ខ្ញុំ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​សំឡេង​និង​ទស្សនៈ​របស់​ប្រជាជន​យើង​។ ខ្ញុំ​គោរព​លទ្ធផល​បោះឆ្នោតរ​បស់​យើង​។ ខ្ញុំ​សូម​អបអរ​អភិបាលក្រុង លោក​រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​ត និង​សូម​សន្យា​នូវ​ការគាំទ្រ​របស់ខ្ញុំ​ក្នុងការ​សហការ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ និង​ដើម្បី​រួបរួម​ប្រជាជន​របស់​យើង​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រទេស​យើង​ជា​បន្តទៅទៀត​"​។ 

​     លោក​ឌូ​ធឺ​ត អាយុ ៧១ ឆ្នាំ ដែល​ងើប​ពី​អ្នក​ក្រៅ​សុទ្ធសាធ​មក​ក្លាយជា​បេក្ខជន​ឈានមុខ​គេ​ក្នុង​ការស្ទង់មតិ​ជាមួយ​ការប្តេជ្ញា​ដាច់ខាត​របស់លោក​ដើម្បី​សម្លាប់​ឧក្រិដ្ឋ​ជាន​រាប់ម៉ឺន​នាក់​នោះ បាន​គំរាម​បង្កើត​ការដឹកនាំ​ក្រោម​មនុស្ស​តែ​ម្នាក់ ប្រសិនបើ​សមាជិកសភា​មិន​គោរព​គាត់ និង​សន្យា​ឱបក្រសោប​យក​ពួក​ឧទ្ទាម​កុម្មុយនីស្ត​ទៀតផង​។​

​    ​លោក​ក៏បាន​អួត​ផងដែរ​អំពី​ស្នេហា​លួចលាក់​របស់លោក​ដែល​ជំរុញ​ដោយ​ថ្នាំសម្រើប Viagra ខណៈ​សន្យា​ចំពោះ​អ្នកបោះឆ្នោត​ថា សា​ហាយ​ស្មន់​របស់លោក​នឹងមិន​ចំណាយ​អស់​ច្រើន​ទេ ព្រោះ​លោក​បាន​ទុក​ថ្នាំ​តម្លៃថោក​ក្នុងផ្ទះ​ឯកជន និង​លេប​វា​សម្រាប់​ការរួម​ភេទ​នៅ​សណ្ឋាគារ​ជា​លក្ខណៈ​កម្សាន្ត​មួយរយៈ​ខ្លី​។ 

​    ​គាត់​ក៏បាន​បង្កឱ្យមាន​ការ​ស្អប់ខ្ពើម​បន្ថែម​ផងដែរ​ក្នុង​វដ្ត​នៃ​ការទូត​អន្តរជាតិ ជាមួយនឹង​ការលេង​សើច​ថា គាត់​ចង់​រំលោភ​អ្នក​ផ្សព្វផ្សាយ​សាសនា​សញ្ជាតិ​អូស្ត្រាលី "​ដ៏​ស្រស់ស្អាត​" ម្នាក់ ដែល​គេ​សម្លាប់​ក្នុង​កុបកម្ម​ពន្ធនាគារ​នៅ​ហ្វីលីពីន​ក្នុង​ឆ្នាំ ១៩៨៩ និង​បាន​ហៅ​សម្តេច​ប៉ាប​ថា "​កូនប្រុស​ស្រីសំផឹង​" ទៀតផង​៕

ប្រភព៖ Straitstimes

adverise with khmeread

មតិយោបល់