adverise with khmeread 8 signs of a man

សញ្ញា ៨ របស់បុរសដែលនឹងស្រឡាញ់អ្នកឥតងាករេ

ជួនកាលពួកយើងជាបុរសតែងត្រូវគេមើលឃើញថាជាមនុស្សពូកែផិតក្បត់។ ពាក្យដែលស្រីៗចូលចិត្តនិយាយ "ពួកប្រុសៗ" (ដែលសំដៅលើប្រុសក្បត់) មិនមានអ្វីពាក់ព័ន្ធនឹងប្រភេទបុរសដូចខាងក្រោមនេះឡើយ។​ ធាតុពិតជាក់ស្តែង នៅពេលដែលបុរសណាម្នាក់បានស្វែងរកឃើញមនុស្សដែលគាត់ដឹងថា គាត់នឹងចំណាយពេលសេសសល់ចុងក្រោយក្នុងជីវិតរបស់គាត់ជាមួយនោះ គាត់នឹងច្បាស់ជាប្រឹងប្រែងខ្លាំងបំផុតដើម្បីរក្សាពួកគេឲ្យនៅក្បែរខ្លួនគាត់គ្រប់ពេលវេលា។ ប្រសិនបើអ្នកមានបុរសម្នាក់ ដែលប្រកាន់ខ្ជាប់នឹងអ្វីដែលមាននៅខាងក្រោមនេះ នោះអ្នកនឹងបានជ្រាបថាគាត់ច្បាស់ជាមនុស្សដែលនឹងមើលថែអ្នកអស់មួយជីវិតគាត់ជាក់ជាមិនខាន។ 

១- គាត់ប្តេជ្ញាចិត្តទាំងស្រុងចំពោះអ្នក និងទំនាក់ទំនងស្នេហារបស់អ្នកជាមួយគាត់
ការរួមរស់ជាមួយគ្នាឆ្លងកាត់ពេលវេលាល្អៗគឺជារឿងងាយស្រួលទេ។ ប៉ុន្តែអ្វីដែលសំខាន់អ្នកទាំងពីរនៅតែបន្តរួមរស់ជាមួយគ្នា នៅពេលដែលជួបការលំបាកក្នុងជីវិត។ បុរសពិតប្រាកដមិនចេះរត់គេចបន្ទាប់ពីជួបការលំបាកក្នុងជីវិតទេ។  

២- គាត់មិនដែលចៀសពីបញ្ហានោះទេ
ដូចដែលបាននិយាយខាងដើម បុរសពិតប្រាកដមិនចេះរត់ទៅណាទេនៅពេលអ្វីៗកាន់តែមានការលំបាកទៅៗ។ ហើយគាត់ក៏មិនចេះទម្លាយអារម្មណ៍ពិត (ខឹង) ឲ្យចេញមកក្រៅនោះដែរ។ ប្រសិនបើអ្វីមួយមករំខានគាត់ក្នុងទំនាក់ទំនងស្នេហា គាត់នឹងលើកយកវាមកនិយាយដោយប្រុងប្រយ័ត្ន និងប្រកបដោយការគោរពបំផុត។ គាត់ធ្វើចិត្តត្រជាក់ធម្មតាក្នុងការនិយាយអំពីបញ្ហាដែលគាត់បានជួប និងប្រឹងប្រែងអស់ពីចិត្តដើម្បីដោះស្រាយបញ្ហាចម្បងនានា ដែលកំពុងញាំញីទំនាក់ទំនងស្នេហា។ គាត់យល់ច្បាស់ណាស់ថាបញ្ហាទាំងនោះមិនមែនជាអ្នកមកកំណត់នូវទំនាក់ទំនងស្នេហាគាត់នោះទេ ហេតុនេះហើយបានជាអ្នកទាំងពីរអាចរួមរស់ជាមួយគ្នាឆ្លងកាត់គ្រប់បញ្ហា និងឧបសគ្គនានាបាន។ 

៣- គាត់យកចិត្តទុកដាក់លើរឿងតូចតាចទាំងអស់
ប្រសិនបើគាត់រស់នៅតែឯង គាត់ប្រហែលជាមិនខ្វល់ថាតើចានបានលាងហើយឬនៅ សំរាមបានបោសរួចឬនៅ ឬថាតើរបស់ញ៉ាំតែមួយគត់ក្នុងផ្ទះគឺជានំភីហ្សាឬក៏អត់នោះទេ។ ប៉ុន្តែគាត់ដឹងច្បាស់ថារូបអ្នកបានយកចិត្តទុកដាក់ចំពោះរឿងទាំងនេះរួចហើយ ដូច្នេះបានជាគាត់យកពេលទំនេរពីធ្វើការមកធ្វើឲ្យប្រាកដថា ផ្ទះមានសភាពស្អាតបាត ហើយទូរទឹកកកមានរបស់ក្លាសេពេញៗ។ គាត់នឹងមិនមើលភាពយន្តដែលអ្នកទាំងពីរចូលចិត្តដោយគ្មានវត្តមានរូបអ្នកនៅក្បែរគាត់នោះទេ ហើយគាត់នឹងទុកឲ្យអ្នកចាក់ iPod ក្នុងរថយន្តតាមចិត្ត សូម្បីគាត់ចង់បើកប៉ុស្តិ៍វិទ្យុស្តាប់ក៏ដោយ។ 

៤- គាត់ឆ្លាតហើយមានប្រាជ្ញា
ការដែលមានបុរសឆ្លាតម្នាក់ជាគូកំណាន់ចិត្តគឺជាអត្ថប្រយោជន៍មួយហើយសម្រាប់អ្នក។ ប៉ុន្តែការវាស់វែងភាពវ័យឆ្លាតពិតប្រាកដរបស់បុរសមិនមែនត្រឹមតែកម្រិតនៃភាពឆ្លាតរបស់គាត់ប៉ុណ្ណោះទេ តែថែមទាំងកម្រិតនៃប្រាជ្ញារបស់គាត់ទៀតផង។ គាត់មើលឃើញអ្វីៗចេញពីគោលគំនិតវិជ្ជមាន ហើយអាចផ្តល់ដំបូន្មានអស្ចារ្យដល់អ្នកជាមួយនឹងស្ថានភាពដែលអ្នកកំពុងប្រឈម។ គាត់ចូលមកលូកដៃក្នុងរឿងរបស់អ្នកគ្រប់ពេល ដូច្នេះគាត់បានដឹងយ៉ាងច្បាស់នូវអ្វីដែលអ្នកកំពុងឆ្លងកាត់ ហើយគាត់នឹងមិនធ្វើឲ្យអ្នកក្លាយជាមនុស្សមិនសំខាន់តាមរយៈការស្តីបន្ទោសដែលគ្មានចិត្តថ្លើមនោះទេ។ ហើយអ្នកនឹងបានដឹងថាគាត់នឹងពោលតែពាក្យពេចន៍អស្ចារ្យប្រកបដោយប្រាជ្ញាញាណចំពោះអនាគតកូនៗរបស់អ្នកប៉ុណ្ណោះ នៅពេលអ្នកទាំងពីរមានចាប់ផ្តើមមានកូនជាមួយគ្នា។ 

៥- គាត់ចង់ឲ្យអ្នកមានអារម្មណ៍ល្អអំពីខ្លួនអ្នក
គាត់មិននិយាយចំអន់អ្នកទេ នៅពេលអ្នកតែងខ្លួនមិនស្អាត ផ្ទុយមកវិញគាត់នឹងរកវិធីនិយាយសរសើរសម្រស់របស់អ្នកឲ្យទាល់តែចេញ ទោះបីជារូបអ្នកមិនស្អាតដូចស្រីដទៃក៏ដោយ។  

៦- គាត់យកបញ្ហារបស់អ្នកមកធ្វើជាបញ្ហារបស់គាត់
ប្រសិនបើមានអ្វីមួយរំខានអ្នក វាក៏រំខានដល់គាត់ផងដែរ។ គាត់នឹងទទួលយកបញ្ហារបស់អ្នក ហើយព្យាយាមរកវិធីដោះស្រាយវា។ បញ្ហារបស់អ្នកធ្វើឲ្យគាត់ដេកយប់ជ្រៅរាល់រាត្រី ប៉ុន្តែរឿងនេះពុំមានអ្វីរំខានដល់គាត់ទេ។ អ្វីដែលរំខានគាត់គឺនៅពេលដែលអ្នកប្រឈមនឹងបញ្ហាដែលគាត់មិនអាចជួយបាន។ នៅពេលដែលស្ថានភាពទាំងនេះកើតឡើងដោយចៀសមិនរួច គាត់នឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឈរក្បែរអ្នករហូត មិនថាមានអ្វីកើតឡើងនោះទេ។ 

៧- គាត់សើចបន្លប់ពីកំហុសរបស់អ្នក
គាត់ដឹងថាគ្រប់គ្នាតែងតែមានកំហុស ហើយគាត់អាចធ្វើឲ្យអ្នករួចផុតពីកំហុសយ៉ាងងាយស្រួល។ ប្រសិនបើអ្នកនិយាយអ្វីមួយដែលប៉ះពាល់អារម្មណ៍គាត់ គាត់ច្បាស់ជាដឹងថាអ្នកពុំមានបំណងនោះទេ។ គាត់នឹងសើចបន្លប់ ទោះបីជាវាមានការឈឺចាប់ក្នុងចិត្តបន្តិចក្តី។ ប្រសិនបើអ្នកធ្វើឲ្យគាត់ខកចិត្តតាមរបៀបខ្លះ (ដូចជា អ្នកនៅធ្វើការដល់យប់ជ្រៅ ទោះបីជាគាត់ខំប្រឹងរៀបចំម្ហូបពេលល្ងាចដ៏អស្ចារ្យក៏ដោយ) គាត់ក៏នឹងមិនខឹងឬប្រកាន់នឹងអ្នកដែរ។ គាត់ក៏ច្បាស់ជាកើតទុក្ខ និងអន់ចិត្តខ្លះដែរ ប៉ុន្តែគាត់នឹងមិនធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អចំពោះការដែលធ្វើឲ្យគាត់មានអារម្មណ៍ឈឺចាប់ដោយអចេតនានោះឡើយ។  

៨- គាត់យកចិត្តទុកដាក់ណាស់ចំពោះកំហុសផ្ទាល់ខ្លួនរបស់គាត់
មួយវិញទៀត គាត់ដឹងច្បាស់ណាស់ថា រាល់កំហុសដែលគាត់បានធ្វើ ដែលបណ្តាលឲ្យអ្នកឈឺចាប់ នឹងក្លាយជាអំរែកដ៏ធ្ងន់ធ្ងរលើស្មារបស់គាត់រយៈពេលយូរអង្វែង។ គាត់កម្រនឹងធ្វើឲ្យមានកំហុសណាស់ ប៉ុន្តែនៅពេលគាត់ធ្វើឲ្យអ្នកឈឺចាប់ គាត់នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកែកំហុសនោះវិញ។ គាត់នឹងមិននិយាយប្រាប់ទៅមនុស្សដែលគាត់ស្រឡាញ់ថា "ឈប់ខឹងទៅ" បងគ្រាន់តែ "និយាយលេងទេ"។ គាត់ដឹងពីអ្នកច្បាស់ណាស់ថាតើត្រូវធ្វើអ្វីដើម្បីឲ្យអ្នកឈឺចាប់ ប៉ុន្តែគាត់ប្រាថ្នា១លានឆ្នាំទៀតក៏មិនចង់សុបិនធ្វើរឿងបែបនេះដែរ៕

 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread

មតិយោបល់