កំពត ៖ បុរសជាបុគ្គលិកឥណទានមីក្រូហិរញ្ញវត្ថុ«អម្រឹត» ម្នាក់ត្រូវបានជនសង្ស័យជាម្ចាស់ផ្ទះអារ.កសម្លាប់ដ៏សាហាវឃោរឃៅ ខណៈបុគ្គលិករូបនេះចុះមកកាន់លំនៅដ្ឋានជនសង្ស័យដើម្បីពិភាក្សាគ្នារឿងដាក់ប្រាក់សន្សំ ក្រោយពីធ្វើសកម្មភាពជនសង្ស័យបានរត់ឡើងលើដំបូលផ្ទះចុងក្រោយប៉ូលិសវ៉ៃខ្នោះ។
អំពើឃោរឃៅខាងលើបានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃត្រង់ទី១០ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិប្រមូល ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។
បន្ទាប់ពីសមត្ថកិច្ចកំពុងតែធ្វើការឡោមព័ទ្ធជុំវិញបរិវេណផ្ទះជនសង្ស័យ អស់ជាច្រើនម៉ោង ឃាតករបានបង្ខំចិត្តចុះពីលើដំបូលផ្ទះដើម្បីប្រគល់ខ្លួនឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។
ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះជាបុគ្គលិកឥណទានមីក្រូហិរញ្ញវត្ថុអម្រឹតឈ្មោះជីន បុរិន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិត្នោតរលើង ឃុំវត្តអង្គរខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។
ចំណែកជនសង្ស័យឈ្មោះ ប្រុក វិត អាយុ៤៧ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។ សមត្ថកិច្ចបានបន្តថា បន្ទាប់ពីធ្វើសកម្មភាព ជនសង្ស័យបានរត់ចូលទៅក្នុងផ្ទះជាមួយនឹងដៃកាន់កាំបិត។ ពេលនោះអ្នកជិតខាងរួមទាំងសមត្ថកិច្ចក៏ បានទៅកាន់ទីនោះដើម្បីជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះ។
ប៉ុន្តែដោយស្ថានភាពចំពោះមុខរបួសធ្ងន់ធ្ងរជនរងគ្រោះបានស្លាប់ ក្រោយមកជនសង្ស័យនៅវេលាម៉ោង២ និង១៥នាទីរត់គេចពីក្នុងផ្ទះឡើងទៅលើដំបូលដែលពេលនោះសមត្ថកិច្ចកំពុងឡោមព័ទ្ធ។
បន្ទាប់មកជនបង្ក គឺជាមនុស្សសតិមិនគ្រប់ អាចខាងបុគ្គលិកឥណទានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលចុះមកបំពេញការរបស់ខ្លួន ពុំបានសិក្សាលម្អិតអំពីស្ថានភាព បុគ្គលិកលក្ខណៈរបស់ម្ចាស់ផ្ទះក៏អាចថាបាន៕
