07dd3c03 98d4 480e 93ac 4ceb7f47c41a

ព័ត៌មាន​បន្ថែម​ស្តីពី​សាកសព​ដែល​ស្អុយ រលួយ សល់​តែ​លលាដ៍ក្បាល​នៅ​ផ្លូវ​៦០​ម៉ែត្រ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​ប៉ូលីស​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បើក​ការស្រាវជ្រាវ រហូត​ឈានទៅដល់​ការវែកមុខ ជនសង្ស័យ​បាន​ហើយ នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦​។​

    យោង​របាយការណ៍​រប​ស់​ប៉ូលិស​បានឱ្យ​ដឹ​ងថា ជនសង្ស័យ​ឈ្មោះ យឺន មាន អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​ពិ​ដាន​ផ្ទះ មាន​ទីលំនៅ​ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​បន្តថា ការសម្លាប់​នេះ​ជា​ករណី​ប្លន់​ដើម្បី​យក​ទ្រព្យសម្បត្តិ។ ចំណែក​ទ្រព្យ​ដែល​បាត់បង់​រួមមាន ម៉ូតូ​១​គ្រឿង ម៉ាក​Zoomer-X ពណ៌ ទឹកប្រាក់ សេរី​២០១៦ គ្មាន​ស្លាក​លេខ និង​ទូរស័ព្ទ​១​គ្រឿង​ម៉ាក ​iPhone​។​

    របាយការណ៍​បន្តថា ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១ មានឈ្មោះ ពេជ្រ រដ្ឋា ភេទ​ស្រី អាយុ​២០​ឆ្នាំ បានមក​ពិនិត្យ​លើ​វត្ថុតាង​ដែល​បន្សល់ទុក​នៅលើ​សាកសព រួច​ក៏​អះអាងថា វត្ថុតាង​ដែល​រកឃើញ​នេះ គឺ​ពិតជា​របស់​ជនរងគ្រោះ​ឈ្មោះ ជឿន សា​រុំ ត្រូវជា​ប្អូនជីដូនមួយ​ដែល​បាន​បាត់​ខ្លួន​ចេញពីផ្ទះ​នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ល្ងាច ដោយ​ជនរងគ្រោះ​យក​ម៉ូតូ​១​គ្រឿង​ Zoomer-X ទៅ​ឌុប​ឈ្មោះ យឺន មាន ជា​អ្នក​នៅ​ស្រុក​ជាមួយគ្នា​។​

    លុះ​មកដល់​ម៉ោង​៨​ និង​២៥​នាទី កម្លាំង​ខណ្ឌមានជ័យ​ស​ហ​ការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បារាយណ៍ និង​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​ចុះ​ឃាត់​ជនសង្ស័យ​ឈ្មោះ យឺន មាន កំពុង​លាក់ខ្លួន​នៅផ្ទះ​ភូមិ​ខ្យា​របឹង​វែង ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម យកមក​ធ្វើការ​សាកសួរ ទើប​ជនសង្ស័យ​ឈ្មោះ យឺន មាន បាន​ឆ្លើយ​សារភាពថា​រូបគេ និង​បក្ខពួក​ឈ្មោះ សឹង្ហ​, ឈ្មោះ វីរៈ (​កំពុង​គេចខ្លួន​) បានធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ជឿន សា​រុំ យក​ទ្រព្យសម្បត្តិ​កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​យប់​នៅ​ចំណុច​វាល​បឹង​ចា​រ៉ា​ច ផ្លូវ​៦០​ម៉ែត្រ ភូមិ ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ប្រាកដ​មែន​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លូន​ទៅ​តុលា​ចាត់ការ​តាម​នីតិវិធី​៕

អ្នកនឹងចូលចិត្ត

មតិយោបល់