20

តារាល្បីលើពិភពលោកចាប់ផ្តើមមកដល់ទីក្រុងកានស្របពេលបារាំងពង្រឹងសន្តិសុខយ៉ាងតឹងរ៉ឹង

​    វេបសាយដេលីមែលបានចុះផ្សាយថា ​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​កាន​ជាទូទៅ​សម្បូរ​ទៅដោយ​តារា​ឈរ​ត្រៀបត្រា ប៉ុន្តែ​ឆ្នាំនេះ ផ្លូវ​ទាំងនោះ​ក៏​នឹងមាន​កងទ័ព ប៉ូលិស និង​ភ្នាក់ងារ​សន្តិសុខ​ឈរ​ត្រៀបត្រា​ផងដែរ ខណៈដែល​ទីក្រុង​នេះ​ត្រៀមខ្លួន​ការពារ​ប្រឆាំង​ការវាយប្រហារ​ភេរវកម្ម​ដែល​អាច​កើតឡើង​ណាមួយ​។ 

​    ​ទីក្រុង​កាន​កំពុង​ប្រុង​ជើងការ​ខ្ពស់​ស្រប​ពេលដែល​តារា​លំដាប់​ពិភពលោក (A-list) បាន​ចុះមក​ដល់ទី​ក្រុង​នេះ​សម្រាប់​មហោស្រព​ភាពយន្ត​រយៈពេល ១២ ថ្ងៃ​ដ៏​ល្បី​របស់​ពិភពលោក​។ 

​    ​អាជ្ញាធរ​ក្រុង​មិនបាន​ព្រងើយកន្តើយ​នឹង​ហានិភ័យ​នៃ​ការវាយប្រហារ​ភេរវកម្ម​នោះឡើយ​។ កាលពី​ខែ​មុន​កងកម្លាំង​ប៉ូលិស​ពិសេស​បានរៀបចំ​ការវាយប្រហា​រ​ភេរវកម្ម​សិប្បនិម្មិត​នៅ​រោង​មហោស្រព Palais des Festivals ជាទី​តាំង​សម្រាប់​ការ​បញ្ចាំងភាពយន្ត​ខ្នាត​ធំ​។ 

​    ​ទន្ទឹមនេះ តំបន់​គ្មាន​កងទ័ព​នៅ​ដែនអាកាស​និង​ដែនសមុទ្រ​ត្រូវបាន​ប្រកាស ក៏ដូចជា​បម្រាម​លើ​យន្តហោះ​ដ្រូ​ន​ផងដែរ​។ ហើយ​ប៉ូលិស​បារាំង​និយាយថា ការរុករក​ត្រួសៗ​តាម​ដងផ្លូវ​នឹងត្រូវ​រៀបចំ​ធ្វើឡើង​ដូចគ្នា​។​

​    ​លោក​អភិបាលក្រុង ដេវីដ លី​ស្នា​ត (David Lisnard) បាន​បដិសេធ​ការបារម្ភ​ថា ការពង្រឹង​សន្តិសុខ​តឹងរ៉ឹង​នឹងធ្វើ​ឱ្យ​ល្អក់កករ​ដល់​ព្រឹត្តិការណ៍​ដ៏​អធិកអធម​នេះ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ពុធ​នេះ​រហូតដល់​ថ្ងៃទី ២២ ខែឧសភា​៕ 

ប្រភព៖ ដេលីមែល

មតិយោបល់