adverise with khmeread 1200x 1

ប្រធានាធិបតីថ្មីហ្វីលីពីនមិនទាន់ស្បថកាន់តំណែងផ្លូវការផងត្រៀមផែនការហាមឃាត់ការលក់គ្រឿងស្រវឹង

​    ​យោងតាមវេបសាយប៊ីប៊ីស៊ីចេញផ្សាយថ្ងៃពុធនេះបានឱ្យដឹងថា ដំណឹងដែលថាលោក រ៉ូឌ្រីហ្គោ ឌូធឺតអាច​នឹង​ហាម​គ្រឿង​ស្រវឹង​នៅ​ទីសាធារណៈ​នោះបានធ្វើឱ្យ​ប្រជាជន​ផ្ទុះ​កំហឹង​ពេញ​អន​ឡាញ ប៉ុន្តែ​អ្នកខ្លះ​និយាយថា នេះហើយ​ជា​មូល​ហេតុដែល​ប្រជាជន​បោះឆ្នោតឱ្យ​គាត់​។ 

​    ​លោក​រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​ត (Rodrigo Duterte) ដែល​ល្បី​ខាង​យុទ្ធសាស្ត្រ​ប្រឆាំង​ឧក្រិដ្ឋកម្ម​យ៉ាង​តឹងរ៉ឹង បាន​ដណ្តើម​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ចន្ទ ទី​៩ ខែឧសភា​។ 

​     អ្នកនាំពាក្យ​របស់លោក​បាន​និយាយថា លោក​ឌូ​ធឺ​ត​ក៏​អាច​ដាក់ចេញ "​បម្រាម​គោចរ​ទូទាំងប្រទេស​" ចំពោះ​កុមារ​ផងដែរ​។ 

​    ​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ពុំទាន់​បានប្រកាស​នៅឡើយ​ទេ ប៉ុន្តែ​លោក​ឌូ​ធឺ​ត​បាន​បញ្ចេញ​ការដឹកនាំ​ដ៏​ខ្លាំង​កា្ល​របស់គាត់​រួចជាស្រេច​ទៅហើយ​។ 

​    ​លោក​ឌូ​ធឺ​ត​បានឱ្យ​តម្លៃភាព​ជោគជ័យ​ក្នុង​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី​ទៅលើ​ជំហរ​រឹងមាំ​របស់លោក​ទាក់ទិន​ច្បាប់​និង​សណ្តាប់ធ្នាប់​។ 

​    ​កំណត់ត្រា​បង្ក្រាប​បទឧក្រិដ្ឋ​ក្នុងនាម​ជា​អភិបាលក្រុង​ដា​វ៉ា​វ (Davao) នៅ​ភាគខាងត្បូង​ប្រទេស​ជាទី​កន្លែង​ដែល​គ្មាន​ច្បាប់​និង​ពោរពេញ​ដោយ​អំពើ​ឃោរឃៅ បានធ្វើឱ្យ​រូបលោក​យកឈ្នះ​បេះដូង​អ្នកបោះឆ្នោត​។ 

​    ​ក្នុងចំណោម​វិធានការ​ដទៃទៀត​ក្នុង​ទីក្រុង​ដា​វ៉ា​វ លោក​បាន​ហាមឃាត់​ការលក់​គ្រឿង​ស្រវឹង​នៅ​ចន្លោះ​ពាក់កណ្តាល​អា​ធ្រា​ត្រ​ដល់​ម៉ោង ៨ ព្រឹក ហើយ​អ្នកនាំពាក្យ​និយាយទៀតថា គាត់​អាច​នឹង​ពង្រីក​ការហាមឃាត់​នេះ​នៅ​ទូទាំងប្រទេស នៅពេល​កាន់អំណាច​ពេញដៃ​៕ 

ប្រភព៖ ប៊ីប៊ីស៊ី
 

adverise with khmeread

មតិយោបល់