Thief

ឃាត់សង្ឃ១អង្គនិងយុវជនម្នាក់លួចលុយ វត្តស្រយ៉ូវ៣៧លានរៀល

      កំពង់ធំ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសក្រុងស្ទឹងសែន ចាប់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពលួចលុយព្រះចៅអធិការវត្តស្រយ៉ូវ ស្ថិតនៅភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន អស់ចំនួន៣៧លានរៀល។
     ប៉ូលិសក្រុងស្ទឹងសែនបានឲ្យដឹងថា ប៉ូលិសក្រុងស្ទឹងសែនសហការជាមួយប៉ូលិសជំនាញព្រហ្មទណ្ឌខេត្តចុះស្រាវជ្រាវ កាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០១៥វេលាម៉ោង៧និង៣០នាទីបន្ទាប៉ពីបានទទួលពាក្យបណ្ដឹងពីព្រះគ្រូ ចៅអធិការវត្តស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថាមានករណីបាត់ប្រាក់ សម្រាប់ទុកកសាងវត្តចំនួន៣៧លានរៀល (សាមសិបប្រាំពីរលានរៀល)កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ដែលទុកក្នុងកុដិលោក។
     ក្រោយទទួលបានបណ្ដឹង ប៉ូលិសបានប្រើប្រាស់វិធានការជំនាញ ធ្វើការអង្កេតស្រាវជ្រាវរកឃើញឈានទៅកំណត់មុខសញ្ញាបានហើយធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យ ចំនួន២នាក់នៅវេលាម៉ោង១១និង៣០នាទីក្នុងនោះមានសង្ឃ១អង្គ និង បក្ខពួកជាប្រជាពលរដ្ឋម្នាក់ ដែលធ្លាប់បានលួចចូលក្លឹបកម្សាន្តជាមួយលោកសង្ឃអង្គនៅពេលយប់ ទាំងខ្លួននៅជាសង្ឃដោយស្លៀកពាក់ខោអាវ និង ពាក់មួក។
    ប៉ូលិសបន្តថា ជនសង្ស័យទាំង២នាក់ត្រូបានឃាត់ខ្លួន ដោយមានការឯកភាពពីព្រះរាជអាជ្ញារួចហើយគឺ៖១-ឈ្មោះ ឆែម បូរី ភេទប្រុសអាយុ១៨ឆ្នាំ ជាសង្ឃបួសនៅវត្តស្រយ៉ូវនិង២-ឈ្មោះ ម៉ុល ប៊ុនធឿន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិចំបក់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។
    ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង១០នាក់បានសារភាពថាខ្លួនបានលួចប្រាក់ពិតប្រាកដមែនដោយមានបក្ខពួកម្នាក់ទៀតគេចខ្លួនឈ្មោះ ហេង មាន ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិពុកយក សង្កាត់ស្រយ៉ូវក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
    ករណីនេះប៉ូលិសកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ និង តាមស្រាវជ្រាវចាប់មុខសញ្ញាដែលគេចខ្លួនម្នាក់ទៀត៕

មតិយោបល់