adverise with khmeread 54

លីដាដែលមានបងប្អូន ១២ នាក់បានចូលរៀនដូចបំណងដោយសារកូនៗរបស់ចូលីជួយចេញលុយថ្លៃសាលា

​    បើយោងតាមវេបសាយដេលីមែលរបស់អង់គ្លេសបានផ្សាយថា ​ចិ​ត្ដ​សប្បុរស​របស់​អ៊ែន​ជែ​ល​លី​ណា ចូ​លី បាន​ពង្រីក​ទៅដល់​កូនៗ​របស់​នាង ដែល​បាន​ជួយ​ឱ្យ​ម្តាយ​ដ៏​ល្បីល្បាញ​របស់​ពួកគេ​ជួយ​ចិញ្ចឹម​កូនៗ​កម្ពុ​ជាមួយ​គ្រួសារ និង បានដាក់​ពួកគេ​ចូលរៀន​នៅ​សាលា​ឯកជន​។ 

​    ​តារាភាពយន្ត​ពោរពេញ​ដោយ​ទឹកចិត្ត​សប្បុរស​រូបនេះ​មាន​ក្តីរំភើប​ជាខ្លាំង​ចំពោះ​មិត្តភាព ដែល​កូនៗ​របស់​នាង​បាន​សាង​ជាមួយ សួន លីដា អាយុ ១៦ ឆ្នាំ និង​បងប្អូន​របស់​នាង បន្ទាប់ពី​ពួកគេ​បាន​ជួបគ្នា​ក្នុងប្រទេស​កម្ពុជា ជាទី​ដែល​តារា​រូបនេះ​កំពុង​ថត​ភាពយន្ត​ចុងក្រោយ​បំផុត​របស់​នាង គឺ​រឿង "First They Killed My Father" (​ដំបូង​ពួកគេ​សម្លាប់​ឪពុក​ខ្ញុំ​)​។

 

​    ​កូនៗ​របស់​ចូ​លី​ត្រូវបាន​ក្មេងៗ​កម្ពុជា​ចូលមក​រក​មុន នៅពេល​ពួកគេ​កំពុង​ដើរ​សុំ​លុយ​ទេសចរ​បរទេស​ក្នុង​ទីក្រុង​សៀមរាប​។ 

​    ​ប្រ៊ែ​ត​ភី​ត បាន​ប៉ាវ​ការ៉េម​ពួកគេ ប៉ុន្តែ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​កាលពី​ឆ្នាំមុន កូនៗ​របស់​ចូ​លី​គឺ ស៊ីឡូ​ស អាយុ ៩​ឆ្នាំ និង​សាហា​រ៉ា អាយុ ១១ ឆ្នាំ​បានបង្ហាញ​ទឹកចិត្ត​សប្បុរសធម៌​ផ្ទាល់ខ្លួន​របស់​ពួកគេ​ចំពោះ​មិត្តភក្តិ​កម្ពុជា​។ 

​    ​ពួកគេ​មាន​បងប្អូន​ប្រុស​ស្រី ១២ នាក់ ដែលមាន​អាយុ​ចន្លោះ ១៩ ឆ្នាំ​និង ១៦ ខែ​ហើយ​ពួកគេ​រស់នៅ​ក្នុងផ្ទះ​ខ្ទម​មួយ​ជាមួយ​ឪពុកម្តាយ​នៅក្នុង​តំបន់​អនាធិបតេយ្យ​មួយ​នៃ​ក្រុង​សៀមរាប​។ 

​    ​ដូច​មនុស្ស​ជាច្រើន​នាក់​ទៀត​ក្នុង​ទីក្រុង គ្រួសារ​នេះ​រស់នៅ​ពឹង​ផ្អែកលើ​អាហារ​ផ្តល់ឱ្យ​ដោយ​អង្គការ​សប្បុរសធម៌ ប៉ុន្តែ​កូនស្រី​របស់​ចូ​លី​បាន​ជួយសង្គ្រោះ​ពួកគេ​ចេញពី​ជីវិត​បែបនេះ​។ 

​    ​កូនស្រី​របស់​ចូ​លី​បាន​យក​ក្មេងៗ​ទាំងនោះ​ទៅ​ញ៉ាំ​អាហារ ទិញ​សម្លៀកបំពាក់​ថ្មី និង​កង់​ថ្មី ខណៈ​បាន​ជ្រាប​ដោយផ្ទាល់​អំពី​ថា​តើ​ជីវិត​របស់​ជនក្រីក្រ​បំផុត​នៅក្នុង​ពិភពលោក​មាន​សភា​ពបែ​ប​ណា​។ 

​    ​នៅ​គ្រានោះ លីដា​និយាយថា នាង​មិនបាន​រៀនសូត្រ​ទេ​។ លីដា​អាយុ ១៦ ឆ្នាំ​បាន​ប្រាប់​វេ​ប​សាយ​ដេលី​មែ​ល​ថា "​សាលារៀន​នៅ​ឆ្ងាយ​ណាស់ ខ្ញុំ​មិនអាច​ដើរទៅ​ដល់​ទេ ដូច្នេះ​ខ្ញុំ​មិន​ទៅ​រៀន​ទេ​។ ខ្ញុំ​ត្រូវ​បង់លុយ​ដល់​សាលា​រដ្ឋ ប៉ុន្តែ​យើង​មិនអាច​លៃលក​បានទេ​។ វា​មានតម្លៃ ៥ ដុល្លារ​ក្នុង​មួយ​មុខវិជ្ជា​ក្នុង​មួយខែ​សម្រាប់​សិស្ស​ម្នាក់​។ វា​ថ្លៃ​ណាស់​សម្រាប់​យើង​។ ប៉ុន្តែ​ខ្ញុំ​ចង់​ប្រឹងប្រែង​រៀនសូត្រ​ណាស់​។ ខ្ញុំ​ចង់​ជួយ​អ្នកផ្សេង និង​ធ្វើជា​គំរូ​ល្អ​សម្រាប់​គ្រួសារ​ខ្ញុំ​"​។

 

​    ​ឥឡូវ​គ្រួសារ​ចូ​លី​ភី​ត​បានចេញ​វិធានការ​មួយ​ជំហាន​បន្ថែមទៀត និង​បាន​បំពេញ​ក្តី​សុបិន​របស់​លីដា​ក្នុងការ​បញ្ជូន​នាង និង​បងប្អូន​នាង​ទៅ​សាលារៀន ដោយបាន​ចុះឈ្មោះ​ពួកគេ​ចូលរៀន​នៅ​សាលា​ឯកជន New York International School ជា​សាលា​ល្អ​ដាច់​គេ​មួយ​នៅក្នុង​តំបន់​។ 

​    ​រៀងរាល់ថ្ងៃ​នៅ​ម៉ោង ៦​និង​៤៥​នាទី​ព្រឹក លីដា និង​បងប្អូន ៧ នាក់​របស់​នាង ដែល​ដល់​វ័យ​ចូលរៀន ក្នុងនោះ​មាន​បងប្អូន​ប្រុស​ស្រី​ឈ្មោះ ឌី​ណា​, ផ្ល​យ​, ឡ​ន​, ឌូ និង​ដាន បាន​ញញឹម​ទាំង​មោទនភាព​ខណៈ​ពួកគេ​ឡើង​ជិះឡាន​ក្រុង​ក្នុង​ឈុត​ស​និង​ខៀវ​ដ៏​ស្រស់​ឆើតឆាយ​។ 

​    ​ឡានក្រុង​បាន​យក​ពួកគេ​ទៅ​សាលារៀន ជាទី​ដែល​ពួកគេ​រៀន ៥ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​រហូតដល់​ម៉ោង ៥ ល្ងាច និង​ទទួលបាន​អាហារ​ពេល​រសៀល​។ 

​    ​ក្មេងៗ​កម្ពុជា​ទាំងនោះ​បាន​ចុះឈ្មោះ​ចូលរៀន​កាលពី​ខែធ្នូ ហើយ​ពួកគេ​បាន​ប្រឹងប្រែង​រៀនសូត្រ​ខ្លាំងណាស់​។ មិនយូរ​មិនឆាប់​ទេ លីដា​និង​ផ្ល​យ​នឹង​មិនមែនជា​អ្នកចេះ​និយាយ​ភាសា​អង់គ្លេស​ក្នុង​គ្រួសារ​តែឯង​នោះឡើយ ខណៈដែល​សាលា​បានរៀបចំ​មេរៀន​ទាំង​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​។ 

​    ​អ្វីដែល​រឹតតែ​សំខាន់​នោះ​គឺថា ក្មេងៗ​ទាំងនេះ​លែង​ដើរ​សុំទាន​តាមផ្លូវ​ក្នុង​ក្រុង​សៀមរាប​រហូតដល់​យប់​ទៀតហើយ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់