ភ្នំពេញ ៖ បុរសជាប្ដីម្នាក់ប្រើអំពើហិង្សាយកដំបងវាយទៅលើប្រពន្ធរបស់ខ្លួនបណ្ដាលឲ្យរងរបួសជាំភ្នែកខណៈប្រពន្ធមានកូនខ្ចី១ឆ្នាំ បណ្ដាលឲ្យស្ត្រីរងគ្រោះអត់ទ្រាំមិនបានក៏ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនសាកសួរ។ ឥឡូវបែកធ្លាយរឿងបុរសជាប្ដីជាអ្នកប្រើប្រាស់គ្រឿងនិងបានសម្លាប់មនុស្ស២លើកថែមទៀត។
អំពើហិង្សាខាងលើបានកើតឡើងតាំងតែពីវេលាម៉ោង ១២និង១០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ត្រង់ចំណុចផ្សារលិច ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មកម្ល៉េះ។ តែអ្វីដែលធ្វើឱ្យគេមានការចាប់អារម្មណ៍គឺ ប៉ូលិសទើបនឹងសួរធ្លាយរឿងសម្លាប់មនុស្សនាថ្ងៃទី១២ឧសភានេះ ។
មន្ត្រីប៉ូលិសមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យឈ្មោះឈុន ណាង ហៅអាមីឆា អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិ-ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ដកហូតដំបឈើមូលប្រវែង០,៥០ម៉ែត្រមួយដើម។
ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះហ៊ូ សានី អាយុ២០ឆ្នាំ មានស្រុកកំណើតស្ថិតនៅភូមិ លូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ប្ដីប្រពន្ធទាំងពីរនាក់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសង្កាត់កើតហេតុខាងលើ។
ស្ត្រីរងគ្រោះបានប្រាប់ប៉ូលិសថា មុនកើតហេតុ ប្តីរបស់ខ្លួនបានមកសុំលុយ តែប្រពន្ធមិនឱ្យទើបក្លាយជាអំពើហិង្សា ដំបូងយកស្លាបព្រាវាយក្បាល តែប្រពន្ធមិនតបតសុខចិត្តអង្គុយយំ ។ បន្ទាប់មកលោកប្តីទាញដំបងសំពងតែម្តងបណ្ដាលឱ្យរងរបួសជាំភ្នែកឈឺពេញខ្លួនទាំងសរសៃខ្ចីព្រោះទើបសម្រាលកូនបានជិតមួយឆ្នាំប៉ុណ្ណោះ។ដោយទ្រាំនឹងទង្វើរបស់ប្តីមិនបាន ក៏សម្រេចចិត្តប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនតែម្ដងទៅ ។
ប៉ូលិសបន្តថា ក្រោយឃាត់ខ្លួនប៉ូលិសបានធ្វើការសាកសួរតាមជំនាញពាក់ព័ន្ធករណីប្រើហិង្សានេះ ស្រាប់តែបុរសជាជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនបាន សម្លាប់មនុស្ស២ករណីមកហើយដោយលើកទី១បានប្រព្រិត្តនៅខេត្តរតៈគិរីនិងលើកទី២បានប្រព្រឹត្តនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីរយៈពេលកន្លងមក»។
ចម្លើយ សារភាពរបស់ជនសង្ស័យបន្តថា រូបគាត់គឺជាអ្នកប្រើ ប្រាស់គ្រឿងញៀនជាយូរឆ្នាំមកហើយ ។ ដោយឡែកជនរង គ្រោះដែលត្រូវខ្លួនសម្លាប់នោះ ខ្លួនបានពឹងពាក់ឲ្យជួយទិញគ្រឿងញៀនមកជក់ ប៉ុន្តែជន រងគ្រោះមិនបានយកលុយទៅទិញគ្រឿងញៀនទេគឺស៉ីដាច់លុយនោះ ទើបខ្លួនបានយកកាំប៊ិតប៉ាំងតោទៅកាប់ជនរងគ្រោះជិតដាច់ក ចេញពីស្មាបណ្ដាលឱ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ។
បច្ចុប្បន្នជនសង្ស័យ រួមនិវត្ថុតាង ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅ អធិការដ្ឋានប៉ូលិសខណ្ឌព្រែកព្នៅដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕
