ភ្នំពេញ ៖ មេដឹកនាំសហព័ន្ធសហជីពសេដ្ឋកិច្ចកម្មករកម្ពុជា (CWEF)បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដល់លោកថៅកែរោងចក្រចំនួន២ដែលមានទីតាំងស្ថិតនៅក្នុងសួនឧស្សាហកម្មសំរោងធំ ផ្លូវជាតិលេខ១ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានគំរាមបាញ់សម្លាប់និងបញ្ជាឱ្យក្រុមសន្តិសុខប្រើអំពើហិង្សាទាត់ធាក់និងរុញច្រានមកលើថ្នាក់ដឹកនាំសហជីព៤រូបជាស្ត្រីទន់ខ្សោយថែមទៀតផង។
លោក ស្រៀង ណារិទ្ធ ប្រធានសហព័ន្ធសហជីពសេដ្ឋកិច្ចកម្មករកម្ពុជាបានឱ្យដឹងនារសៀលថ្ងៃទី១២ឧសភានេះថា លោកថៅកែរោងចក្រណាហ្កាភីសខបភើរេសិន និងលោកថៅកែរោងចក្រស្កាយឡាញអាភើរៀល ដែលមានទីតាំងក្នុងសួនស្សាហកម្មសំរោងធំបានបញ្ឈប់ថ្នាក់ដឹកនាំសហជីពប្រចាំរោងចក្រ៤រូប និងគំរាមបាញ់សម្លាប់ និងបញ្ជាឱ្យក្រុមសន្តិសុខប្រើអំពើហិង្សាទាត់ធាក់ និងរុញច្រានមកលើថ្នាក់ដឹកនាំសហជីព៤រូបជាស្ត្រីទន់ខ្សោយកាលពីថ្ងៃទី១១ ឧសភា ឆ្នាំ២០១៦ វេលាម៉ោង៤ និង៤៥នាទីរសៀលនៅក្នុងក្រុមហ៊ុន។
លោក ស្រៀង ណារិទ្ធ បន្តថា ទង្វើខាងលើនេះគឺជាសកម្មភាពរំលោភទៅលើច្បាប់នៃព្រះណាជាណាចក្រកម្ពុជា យ៉ាងធ្ងន់ធ្ងរនិងការបំបិទសិទ្ធិសេរីភាព ការរើសអើងសហជីពនិងការគំរាមកំហែងកម្មករដទៃទៀតមិនឱ្យចូលរួមក្នុងសកម្មភាពសហជីព។
លោក ស្រៀង ណារិទ្ធ បានស្នើដល់លោកថៅកែរោងចក្រទាំង២ទទួលយកថ្នាក់ដឹកនាំសហជីពទាំង៤រូបចូលធ្វើការវិញដោយគ្មានលក្ខខណ្ឌ ហើយលោកសូមអំពាវនាវដល់អង្គការក្រោរដ្ឋាភិបាលជាតិ-អន្តរជាតិ សហភាព សហព័ន្ធសហជីពទាំងអស់មេត្តាជួយធ្វើអន្តរាគមន៍និងចូលរួមថ្កោលទោសនូវទង្វើរបស់លោកថៅកែរោងចក្រទាំង២និងសូមស្នើដល់លោករដ្ឋមន្ត្រីក្រសួងការងារ ក្រសួងពាក់ព័ន្ធនិងអាជ្ញាធរមានសមត្ថកិច្ចជួយចាត់វិធានការជាបន្ទាន់លើលោកថៅកែរោងចក្រទាំងពីរខាងលើនេះ។
នៅថ្ងៃទី១២ឧសភានេះដែរ លោក ស្រៀង ណារិទ្ធ បានធ្វើលិខិត២ច្បាប់ជូនលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោកប្រធានអង្គការ ILO/BFC ប្រចាំកម្ពជា មេត្តាជួយធ្វើអន្តរាគមន៍ផងដែរ និងដើម្បីជូនជ្រាប។
ជុំវិញការចោទប្រកាន់របស់លោក ស្រៀង ណារិទ្ធ ចំពោះលោកថៅកែរោងចក្រទាំង២ខាងលើ ខ្មែររីដ មិនអាចសុំការបំភ្លឺពីលោកថៅកែបានឡើយនាល្ងាចថ្ងៃទី១២ ឧសភានេះ៕
