ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានប្តីចុងគាត់វាយបែកក្បាលហូរឈាមស្រោចខ្លួន ហើយថែមទាំងដេញទាត់កូនស្រីអាយុ៥ឆ្នាំមួយជើងថែមទៀតផង ត្រូវបានប្រធានភូមិនិងអ្នកជិតខាងចាប់ឃាត់ខ្លួនប្តីចុងយកមកប្រគល់ឱ្យសមត្ថកិច្ច។
អំពើហិង្សានេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅចំនុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ស្រី សុភក្ត្រ័ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកាត់សំលៀកបំពាក់នៅផ្ទះ និងមានកូនចំនួន២នាក់ ទី១.ឈ្មោះ ឡេង មួយស៊ីម ភេទស្រី អាយុ១១ឆ្នាំ រៀននៅក្នុងអង្គការ លីកាដូ និងទី២.ឈ្មោះ ឡេង មួយលាង ភេទស្រី អាយុ៥ឆ្នាំ។ ចំណែកជនបង្កត្រូវជាប្តីចុង ឈ្មោះ ឡេង សុភ័ក្ត្រ អាយុ៣៣ឆ្នាំ មុខរបររត់កង់បីទាំង២នាក់មានទីលំនៅបន្ទប់ជួលភូមិកើតហេតុខាងលើ។
តាមការរៀបរាប់ប្រាប់របស់ជនរងគ្រោះឱ្យដឹងថា រូបគាត់បានចាប់ដៃគ្នាជាមួយប្តីក្រោយរយៈពេល២ឆ្នាំហើយ គឺតាំងពីឆ្នាំ២០១៤មកម្ល៉េះ ដោយមិនបានរៀបការទេ គ្រាន់តែសែនព្រេនប៉ុណ្ណោះ។
ចាប់តាំងពីយកគ្នាជាប្តីប្រពន្ធមកប្តីចុងគាត់មិនដែលចេះរករឿងគាត់ទេ ទើបតែប្រហែលរយៈពេល១ខែចុងក្រោយនេះ ដោយសារតែរូបគាត់យកកូនស្រីប្តីមុនទាំង២នាក់មកនៅជាមួយ គឺប្តីចុងគាត់ចាប់ផ្តើមរករឿងវាយដុំគាត់ឥតល្ហែ ដោយបានវាយគាត់ចំនួន៦ដង បែកក្បាល៣ដងទាំងលើកនេះផង។
ស្ត្រីរងគ្រោះបានបន្តទៀតថា កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃកើតហេតុ ប្តីគាត់ខឹងនឹងកូនស្រីទាំង២ ដោយចោទថាមាត់ឡូឡាថ្លង់ នៅមិនបាន រហូតដល់វេលាល្ងាចកើតហេតុខាងលើ ទើបមានការប្រតាយប្រតប់គ្នា បណ្តាលឱ្យរូបគាត់បែកក្បាលតែម្តងទៅ។
ចំណែកខាងប្តីវិញបាននិយាយថា មូលហេតុដែលគាត់រករឿងរហូតជ្រុលមានអំពើហិង្សានេះ គឺមកពីប្រពន្ធរបស់គាត់ទម្លាក់កូនដែលជាដំណក់ឈាមរួមជាមួយគាត់ចោលចំនួន២ដងរួចមកហើយ ដូច្នេះទើបធ្វើឱ្យគាត់ម៉ូមៅយ៉ាងដូនេះ។
ក្រោយពេលកើតហេតុខាងជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងទេ គឺគ្រាន់តែសុំឱ្យខាងសមត្ថកិច្ចធ្វើការអប់រំឱ្យជនបង្កធ្វើកិច្ចសន្យាតែប៉ុណ្ណោះ ហើយចាប់ពីពេលនេះតទៅរួបគាត់ឈប់រួមរស់នៅជាមួយគ្នាតទៅទៀតហើយ៕
