adverise with khmeread 715e52eb 95e9 436c ba63 b9f42c2d766a

ប្លន់​រាប់​ភ្លេច! អាវុធហត្ថ​ចាប់ចោរ​៣​សម្បុក​ចំនួន​១០​នាក់​

     ភ្នំពេញ ៖ ជនសង្ស័យ​ប្រើ ដាវ កាំបិត ដំបង ឬ វត្ថុ​រឹង​ផ្សេងៗ ដេញ​វាយ​ជនរងគ្រោះ​យក​ប្លន់​ម៉ូតូ ទូរស័ព្ទ កាបូប​លុយ និង​ទ្រព្យសម្បត្តិ​មានតម្លៃ​ជាច្រើន​ទៀត ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់​បញ្ជូនទៅ​តុលាការ​អស់​២​ក្រុម កាលពី​ចុង​សប្តាហ៍​មុន នៅ​សប្តាហ៍​ថ្មី​នេះ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បន្ត​ការស្រាវជ្រាវ ចាប់បាន ៣​ក្រុម​សរុប​ចំនួន​១០​នាក់​បន្ថែមទៀត​។​

     មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ​៨ និង​៥០​នាទី សមត្ថកិច្ច​អាវុធហត្ថ ខណ្ឌមានជ័យ បាន​ចាប់បញ្ជូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រ៉ុ​ន រ៉ែ​ម ភេទ​ប្រុស ឆ្នាំ​កំណើត១៩៨០ ជនជាតិខ្មែរ មុខរបរកម្មករ​លី​ស៊ីម៉ង់ត៍ ស្រុកកំណើត ខេត្តព្រៃវែង ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​ឃ្លាំង​ស៊ីម៉ង់ត៍ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមាន​ជ័យ ក្នុងករណី​ជននេះ​បាន​ផ្លោះ​របង​ចូល​ផ្ទះ​អ្នកដទៃ​ចូល​លួច​ទ្រព្យសម្បត្តិ។​

     ជនសង្ស័យ​រូបនេះ​បានធ្វើ​សកម្មភាព​នៅ​ចំណុច ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ និង​៣០​នាទី យប់​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៦ ព្រមទាំង​ដកហូត​បាន​អាវុធខ្លី​មួយ​ដើម​ម៉ាក BERETA ពណ៌​ស។​

     មន្ត្រី​អាវុធហត្ថ​បន្តថា នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ​៧ ​និង​៣០​នាទី​យប់​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា កំពុង​ល្បាត​ក្នុងភូមិ​សាស្ត្រ ក៏បាន​ប្រទះ ចោរ​២​នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក អាយ​ហ្វូ​ន​ហ្វា​យ​ពី​ជន​រង គ្រោះ​២​នាក់​ដែល​កំពុង​ឌុប​គ្នា​និយាយ​ទូរស័ព្ទ​នៅ​ចំណុច ផ្លូវ​២១៤ កែង​ផ្លូវ​៩៣ (​ផ្លូវភ្លោះ អូរឫស្សី​) ខណ្ឌ​៧ មករា ក៏ត្រូវ​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​៧​មករា ប្រដេញ​តាម​ចាប់បាន​តែម្តង​។​

     លុះ​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ១២ និង​១០​នាទី កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឃាត់ខ្លួន​ក្រុមចោរ សាំម៉ូ​រ៉ៃ មួយ​សម្បុកមាន​គ្នា​៧​នាក់ នៅ​ចំណុច​ម្តុំ​ជម្ពូ​វ័​ន្ត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៤ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

     តាម​ចម្លើយសារភាព​របស់​ក្រុម​នេះ​បាន​ប្រាប់ថា​កន្លងមក​ពួកវា​ធ្លាប់ធ្វើ​សកម្មភាព​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ប្លន់​ជនរងគ្រោះ​ជាច្រើនលើក​រា​ប់​មិន​អស់​មកហើយ ក្នុងនោះពួកវា​ចាំបាន​ច្បាស់​តែ​រយៈពេល​២​ខែ​ថ្មីៗ​នេះ​ចំនួន​១១​លើក​ប៉ុណ្ណោះ។​

     សកម្មភាព​ប្លន់​ទាំង​១១​លើក​រួមមាន​ ៖

     -​លើក​ទី​១ ក្នុងអំឡុង​ខែមីនា ដេញ​កាប់​ជនរងគ្រោះ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌូ​ក ត្រូវ​១​ដាវ​ចំ​ឆ្អឹងខ្នង នៅ​ចំណុច​ទល់មុខ​ណាហ្គា នៅវេលា​ម៉ោង​៣​ទៀបភ្លឺ។​

     -​លើក​ទី​២ ក្នុងអំឡុង​ខែមេសា ដេញ​កាប់​ជនរងគ្រោះ​២​នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​លឿង ត្រូវ​៣​ដាវ នៅ​ចំណុច​ទល់មុខ​ក្លឹប​វ៉ា​វ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅវេលា​ម៉ោង​ប្រហែល​១០​យប់។​

     -​លើក​ទី​៣ ក្នុងអំឡុង​ខែមេសា ២០១៦ ម៉ោង​ប្រហែល​១១​យប់​ដេញ​កាប់​ជនរងគ្រោះ​២​នាក់​ជិះ​ម៉ូតូ​សង់​ប៊ិច​ពណ៌​ខៀវ ត្រូវ​១​ដាវ​ចំ​ខ្នង នៅ​ចំណុច​រង្វង់​មូល​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

     -លើក​ទី​៤ ក្នុងអំឡុង​ខែមេសា ២០១៦ ម៉ោង​ប្រហែល​១០​យប់​ដេញ​កាប់​ជនរងគ្រោះ​២​នាក់​ជិះ​ម៉ូតូ Dream C125 ពណ៌​ខ្មៅ ត្រូវ​១​ដាវ​ចំ​ខ្នង នៅ​ចំណុច​ផ្សា​រកា​ណា​ស៊ី​ធី សង្កាត់​ចោមចៅ​។​

     -​លើក​ទី​៥ ក្នុងអំឡុង​ខែមេសា ២០១៦ ម៉ោង​ប្រហែល​១​រំលង​អ​ធ្រា​ត ដេញ​កាប់​ជនរងគ្រោះ​២​នាក់​ជិះ​ម៉ូតូ MSX ត្រូវ​៤​ដាវ​ចំ​ដៃ នៅ​ចំណុច​ទល់មុខ​ក្លីនិក​ឡាំ​ប៊ុនថន សង្កាត់​ចោមចៅ។​

     -​លើក​ទី​៦ ក្នុងអំឡុង​ខែមេសា ២០១៦ ម៉ោង​ប្រហែល​៨​យប់​ដេញ​កាប់​ជនរងគ្រោះ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក Dream C125 ត្រូវ​១​ដាវ​ចំ​ខ្នង នៅ​ចំណុច​ផ្លូវ​កប់​ស្រូវ។​

     -​លើក​ទី​៧ ដេញ​កាប់​ជនរងគ្រោះ​ម្នាក់​ត្រូវ​៣​ដាវ នៅ​ចំណុច​ភូមិ​ស្រែអំពិល។​

     -​លើក​ទី​៨ អំឡុង​ចុងខែ​មេសា ២០១៦ ដេញ​កាប់​ជនរងគ្រោះ​មាន​គ្នា​០៤​នាក់​ជិះ​ម៉ូតូ​ម៉ាក MSX និង C125 ត្រូវ​១​ដាវ នៅ​ចំណុច​ទល់មុខ​ខារ៉ាអូខេ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ។​

     -លើក​ទី​៩ អំឡុង​ចុងខែ​មេសា ២០១៦ ម៉ោង​ប្រហែល​០២​រំលង​អា​ធ្រា​ត្រ​ដេញ​កាប់​ជនរងគ្រោះ​ចំនួន​០៧​នាក់​ត្រូវ​៣​ដាវ នៅមុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង។​

     -​លើក​ទី​១០ ថ្ងៃទី ០៧-​ឧសភា​-២០១៦ ម៉ោង​ប្រហែល​៧​យប់​ដេញ​កាប់​ជនរងគ្រោះ​ចំនួន​០២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក TODAY ត្រូវ​៥​ដាវ នៅមុខ​ផ្សារ​ជម្ពូ​វ័​ន្ត។​

     និង​លើក​ទី​១១ ថៃ្ង​ទី ១០-​ឧសភា​-២០១៦ ដេញ​កាប់​ជនរងគ្រោះ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម C125 ត្រូវ​១​ដាវ នៅ​ចំណុច​វត្ត​ពោធិ៍ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

     មន្ត្រី​អាវុធហត្ថ​បន្តទៀតថា មុន​ពេលធ្វើ​សកម្មភាព​ម្តងៗ​ក្រុម​វា​តែងតែ​ជួបជុំគ្នា​ប្រើប្រាស់​គ្រឿងញៀន​ជាមុនសិន ហើយ​ក្រោម​ពេលធ្វើ​សកម្មភាព​រួច ពួកវា​យក​របស់​ដែល​ប្លន់​បាន​លក់​យកលុយ​ចែកគ្នា​ជក់​គ្រឿងញៀន​ជា​បន្តទៀត​។ ជាក់ស្តែង​ក្រោយពេល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់​ឃាត់ខ្លួន​ក្រុម​នេះ បានធ្វើ​តេស្ត​ឃើញថា​ពួកវា​មាន​ជាប់​សារធាតុ​ញៀន​គ្រប់គ្នា​។​

     បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១០​នាក់​ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ជា​បន្តបន្ទាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់