Egg shells soil plant.jpg.838x0 q80

ហេតុផល ៥ ដែល​អ្នក​ត្រូវដាក់​សំបក​ស៊ុត​នៅក្នុង​សួនច្បារ​, អ្នក​ដែល​ចូលចិត្ត​កសិកម្ម​ច្បាស់​ជា​ចាប់អារម្មណ៍​!

    ​ស៊ុត​គឺជា​អាហារ​មាន​ជីវជាតិ​បំផុត​មួយ​នៅលើ​ពិភពលោក មិនអាច​ប្រកែក​បាន​នោះឡើយ​។ ដោយសារ​ស៊ុត​ផ្ទុក​ទៅដោយ​ប្រូតេអ៊ីន វីតាមីន និង​សារធាតុ​រ៉ែ ក្រសួងកសិកម្ម​អាមេរិក​បានចាត់ទុក​ស៊ុត​ជា​សាច់​មួយ​ដែរ ក្នុង​ពីរ៉ាមីត​ណែនាំ​អំពី​អាហារ​។ តើ​អ្នកដឹង​ទេ​ថា​មនុស្ស​ជា​មធ្យម​ទទួលទាន​ស៊ុត ៥០ ទៅ ១០០ គ្រាប់​ក្នុង​មួយឆ្នាំ​? វា​ប្រហាក់ប្រហែល​នឹង​ជាង ១ លាន​លាន​គ្រាប់​ក្នុង​មួយឆ្នាំ​ទូទាំង​ពិភពលោក​! ប៉ុន្តែ​ចំពោះ​សំបក​វា​វិញ​មាន​ប្រយោជន៍​ដែរឬទេ​? 

​    ​ជាការ​ពិត សំបក​ស៊ុត​អាច​យកមក​ធ្វើជា​ជីរ​ធម្មជាតិ ឬ​ជា​ប្រភព​នៃ​ជាតិ​កាល់​ស្យ៉ូ​ម​ក្នុង​ចំណី​សត្វ ប៉ុន្តែ​មនុស្ស​ភាគច្រើន​បាន​បោះ​វា​ចោល​ក្នុង​ធុងសំរាម​។ ប្រសិនបើ​អ្នក​ស្ថិតក្នុង​ចំណោម​ពួកគេ អ្នក​គួរ​អាន​ហេតុផល​ទាំង ៥ ក្នុងការ​ប្រើ​សំបក​ស៊ុត​សម្រាប់​ផ្តល់​ប្រយោជន៍​ដល់​សួនច្បារ​របស់​អ្នក​។ 

​    ​១. ដើរតួ​ជា​ជីរ​ធម្មជាតិ​៖ ជាតិ​កាល់​ស្យ៉ូ​ម​ក្នុង​សំបក​ស៊ុត​ដើរតួ​ជា​ជីវជាតិ​ចិញ្ចឹម​បន្ទាប់បន្សំ​សម្រាប់​រុក្ខជាតិ ជាពិសេស​ដំណាំ​ម្រេច និង​ប៉េងប៉ោះ​គួរតែ​ប្រើ​សំបក​ស៊ុត​ធ្វើជា​ជីរ​ធម្មជាតិ ព្រោះ​វា​ជា​ប្រភេទ​ដំណាំ​ដែល​ងាយ​ខ្សោះ​ជាតិ​កាល់​ស្យ៉ូ​ជាងគេ​។ 

​    ​២. ដើរតួ​ជា​អ្នក​បន្លាច​សត្វល្អិត​៖ សំបក​ស្រួចៗ​របស់​ស៊ុត​នឹង​រារាំង​ប្រភេទ​ខ្យង​ដែល​ពាំនាំ​សត្វល្អិត​ចង្រៃ​មក​បំផ្លាញ​ដំណាំ​។ 

​    ​៣. ដើរតួ​ជា​ផើង​សម្រាប់​បណ្តុះ​គ្រាប់ពូជ​៖ ដោយសារ​សំបក​ស៊ុត​ងាយ​រលាយ​រូបរាង​ដោយសារ​បាក់តេរី ដូច្នេះ​វា​នឹង​ដើរតួ​ជា​ផើង​បណ្តុះ​គ្រាប់ពូជ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ដំណាំ​ក្នុង​សួន​។ អ្នក​គួរ​បំបែក​សំបក​ស៊ុត​ឱ្យទៅជា​ល្អិត​តូចៗ​មុននឹង​បាច​ក្បែរ​រុក្ខជាតិ​។ 

​    ​៤. ដើរតួ​ជា​ចំណី​បក្សី​៖ នៅមុន​និង​ក្រោយ​ក្រាប​ពង បក្សី​ញី​ត្រូវការ​កាល់​ស្យ៉ូ​ម​ក្នុង​របប​អាហារ​របស់​វា ដូច្នេះ​ការដាក់​សំបក​ស៊ុត​ក្នុង​សួន​ក៏ដូចជា​ការផ្តល់​ចំណី​ដល់​បក្សី ហើយ​បក្សី​ក៏​នឹង​ចូលមក​ស៊ី​ដង្កូវ​ដែល​យាយី​ដំណាំ​ផងដែរ​។ 

​    ​៥. ដើរតួ​ជា​អ្នក​លើក​សម្រស់​រុក្ខជាតិ​៖ ដំ​កម្ទេច​សំបក​ស៊ុត​រួច​ស្ងោ​ឱ្យ​ឆ្អិន​ហើយ​រក្សា​ទុកឱ្យ​ត្រជាក់ សឹម​យកទៅ​ស្រោច​លើ​ដំណាំ​។ ដំណាំ​ដែល​រាង​ចង់​ខូច​ស្លឹក ដែល​មើលទៅ​មិន​ស្រស់ស្អាត នឹង​ប្រែ​ទៅជា​ស្រស់ស្អាត​ឡើងវិញ និង​ជួយ​លើក​សម្រស់​សួន​ឱ្យ​កាន់​តែមាន​ពណ៌​បៃតង​ស្រស់បំព្រង​៕

ប្រភព៖ ម៉ា​យ​ហ៊ែ​ល​ស៊ី​ឡាយ​ធី​ម​

អ្នកនឹងចូលចិត្ត

មតិយោបល់