adverise with khmeread 75c7532c a20a 4a18 8a9b 010ee9825dfb

ភ្លើង​នៅ​បន្ត​ឆេះ​ព្រៃ​នៅ​ស្រុក​ប្រាសាទបាគង សមត្ថកិច្ច​កំពុង​ជួយ​

     សៀមរាប ៖ ភ្លើង​នៅតែ​បន្ត​ឆេះ​ព្រៃ​យ៉ាង​សន្ធោរ​សន្ធៅ នៅ​តំបន់​ប៉ែក​ខាងក្រោម​នា​មាត់បឹង​ទន្លេសាប នា​ល្ងាច​ថ្ងៃទី​១៣​ ឧសភា​ ឆ្នាំ២០១៦​ ក្នុងភូមិ​សាស្ត្រ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ​ដែល​នឹង​អាច​បង្ក​គ្រោះ​អគ្គីភ័យ​ដល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ដូចជា​នៅ​ភូមិ​កំពុង​ភ្លុក ជាដើម​នោះ ត​រូ​វ​បាន​កងទ័ព​នៅ​តំបន់​នេះ​ដឹក​ទឹក​តាម​មធ្យោបាយ​ដែលមាន​ទៅ​ជួយ​ដល់​ពលរដ្ឋ។​

     លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ស៊ុំ សំណាង ​អគ្គនាយក អគ្គនាយកដ្ឋាន​ភស្ដុភារហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ បាន​បញ្ជា​ឲ្យ​ក្រុមការងារ​អគ្គ​ភស្ដុភារ ប្រចាំ​ទិស​យុទ្ធភូមិ​ភាគ​ទី​៤ និង​កង​រាជ​អា​វុ​ហត្ថ​ខេត្តសៀមរាប បញ្ជូន​រថយន្ដ​ពន្លត់អគ្គីភ័យចំនួន​២​គ្រឿង និង​រថយន្ដ​ដឹក​ទឹកចំនួន​៦​គ្រឿង ដើម្បី​ដឹក​ទឹក​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ ក្នុងការ​ត្រៀម​បង្ការ​ទុក​សម្រាប់​ពន្លត់ភ្លើង​ឆេះ​ព្រៃ ដែល​នឹង​អាច​បន្ត​រាល​ឆេះ មក​ក្បែរៗ​ភូមិ និង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ។​

     លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទេព សំអាន អគ្គនាយក​ភស្ដុភារ  ប្រចាំការ​អគ្គ​ភស្ដុភារ​សម​ភូមិ​មុខ​ទិស​យុទ្ធភូមិ​ភាគ​ទី​៤ បាន​មានប្រសាសន៍​ឱ្យដឹងថា  នាយ​ឧ​ត្ត​ម​សេនីយ៍ ស៊ុំ សំណាង ដែលជា​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​ប្រាសាទបាគង បន្ទាប់ពី​បានទទួល​ព័ត៌មាន​ស្ដីពី អគ្គីភ័យ​ឆាបឆេះ​ព្រៃ នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នោះ លោក​បាន​បញ្ជា​ជាបន្ទាន់​ឲ្យ​ក្រុម​អគ្គ​ភស្ដុភារ ប្រចាំ​ទិស​យុទ្ធភូមិ​ភាគ​ទី​៤ ដោយ​សហការ​ជាមួយ​កង​រាជ​អា​វុ​ហត្ថ​ខេត្ត បញ្ជូន​រថយន្ដ​ពន្លត់អគ្គីភ័យ ចំនួន​២​គ្រឿង និង​រថយន្ដ​ដឹក​ទឹក ចំនួន​៦​គ្រឿង ដើម្បី​ដឹក​ទឹក​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ​មួយចំនួន ក្នុងស្រុក​ប្រាសាទបាគង ជាពិសេស​នៅ​ភូមិ​កំពុង​ភ្លុក ដើម្បី​ត្រៀម​បង្ការ​ទុក​សម្រាប់​ពន្លត់ភ្លើង​ឆេះ​ព្រៃ ដែល​នឹង​អាច​បន្ត​រាល​ឆេះ មក​ក្បែរ​ភូមិ និង​លំនៅដ្ឋាន​របស់​ពូក​គាត់។​

     លោក​បន្ដថា រហូតដល់​រាត្រី​ថ្ងៃទី​១៣​ឧសភា​នេះ រថយន្ដ​នៅ​បន្ត​ត្រៀម នៅឯ​តំបន់​នោះ​នៅឡើយ ព្រោះ​ភ្លើងព្រៃ​គឺ​នៅតែ​បន្ត​ឆេះ​ខ្លាំង ដែល​កាលពី​ព្រឹក​ហាក់​បាន​រលត់​ទៅហើយ។ រហូត​ដល់ពេល​ថ្ងៃ ភ្លើង​បាន​ឆាបឆេះ​នៅឯ​ព្រៃរនាម ឯ​មាត់បឹង​ទន្លេសាប​ឯណោះ​ទេ។ ស្រាប់តែ​នៅ​ម៉ោង​ប្រមាណ​ជា ៥ ល្ងាច​រហូត​ពេល​ព្រលប់​នេះ ភ្លើង​បាន​បន្ត​រាល​ឆេះ​ទៅកាន់​តំបន់​ព្រៃ​ផ្សេងៗ និង​តម្រង់​មកកាន់​ភូមិឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយសារ​កម្លាំង​ខ្យល់​បក់ នាំ​ភ្លើង​មក ផងដែរ។​

     លោក​បន្តទៀតថា បើ​ក្នុងករណី​ចាំបាច់​នៅ​យប់​នេះ ខាង​សមត្ថកិច្ច កងកម្លាំង រួមជាមួយ​និង​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​បន្ត​ដឹកជញ្ជូន​ទឹក ដើម្បី​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នោះ ជា​បន្តទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់