0

​តាក់​តិច​ឈ្នះៗ​ក្នុងការ​ប្រកួត​បាល់ទាត់​ម្ខាង ៦ ម្នាក់​!!!

    ​ជាការ​ពិតណាស់ រាល់​ក្បួន​ដែល​នឹង​បង្ហាញ​នៅ​ខាងក្រោម​នេះ ច្បាស់​ជា​ល្អ​សម្រាប់​ក្រុមបាល់ទាត់​របស់​អ្នក ប៉ុន្តែ​វា​អាស្រ័យទៅលើ​កត្តា​ជាច្រើន​ផងដែរ​ដូចជា ប្រភេទ​ក្រុម​ណា​ដែល​អ្នកនឹង​លេង​ជាមួយ កីឡាករ​ប្រភេទ​ណាខ្លះ​ដែល​ក្រុម​របស់​អ្នកមាន​និង​ភាពរឹងមាំ​របស់​កីឡាករ​នីមួយៗ​។

​    ​ទោះជា​យ៉ាងនេះ​ក្តី អ្នក​ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា មិន​ថា​អ្នក​ជ្រើស​យក​ក្បួន​ណា​មកលេង​នោះឡើយ អ្នក​ត្រូវ​ដឹង​នូវ​គោលការណ៍​ដ៏​សាមញ្ញ​ចំនួន​ពីរ​ដែលជា​ទូទៅ​គេ​ប្រើ​ក្នុង​បាល់ទាត់ Futsal!

​    ​១. ត្រូវមាន​កីឡាករ​ណា​ម្នាក់​ប្តេជ្ញាចិត្ត​ប្រយុទ្ធ​ជានិច្ច​៖ ក្រុម​របស់​អ្នកត្រូវការ​កីឡាករ​ណា​ម្នាក់​ដែល​អាច​ផ្តល់នូវ​ការវាយលុក​ដ៏​មាន​ប្រសិទ្ធិភាព​និង​ដក​សម្ពាធ​ខ្លះ​ចេញពី​ខ្សែការពារ​ក្រុម​របស់​អ្នក​។ អ្នក​ត្រូវ​ចាំ​ថា ការលេង​ជាមួយនឹង​ខួរក្បាល​ក៏​សំខាន់​ដូច​ការលេង​ជាមួយ​គុណភាព​ផ្ទាល់ខ្លួន​ដែរ​។​

​    ​២. ត្រូវមាន​កីឡាករ​ណា​ម្នាក់​ប្តេជ្ញាចិត្ត​ការពារ​ជានិច្ច​៖ មិន​ថា​លេង​ជាមួយ​ក្រុម​ខ្លាំង​ឬ​ក្រុម​ខ្សោយ​នោះទេ អ្នក​ត្រូវតែមាន​កីឡាករ​ចុងក្រោយ​បំផុត​ម្នាក់ នោះ​គឺ​ខ្សែការពារ​ដ៏​ប្តូរផ្តាច់​មួយរូប ដែល​មិនចេះ​រត់ចេញ​ពី​ទីតាំង​របស់ខ្លួន​។
​    ​
​    ​*​តាក់​តិច​ក្នុង​ការរៀប​ក្បួន​សម្រាប់​ក្រុម​ម្ខាង ៦ នាក់​

​    ​១. ក្បួន ២-២-១


​    ​ក្បួន ២-២-១ នេះ​គឺជា​ក្បួន​ដ៏​ល្អ​មួយ​ដើម្បី​ពិចារណា​នៅក្នុង​បាល់ទាត់​ម្ខាង ៦ នាក់​។ ពិតណាស់ វា​ស្រដៀង​ទៅនឹង​ក្បួន ៤-៤-២ ដែលជា​ទូទៅ​គេ​ឃើញ​ក្នុង​បាល់ទាត់​ម្ខាង ១១ នាក់ ហើយ​វា​ត្រូវការ​តុល្យភាព​ដូចគ្នា​អ៊ីចឹង​ដែរ​។​

​    ​គុណសម្បត្តិ​
​    ​*​ខ្សែការពារ​ពីរ​ខាងក្រោម​ត្រូវ​ផ្តល់នូវ​ស្ថេរភាព​ប្រព័ន្ធ​ការពារ​ដើម្បី​ធានា​ក្រុម​របស់​អ្នកទទួល​ជោគជ័យ​បាន​។​
​    ​*​ខ្សែបម្រើ​ទាំងពីរ​អាច​គាំទ្រ​ខ្សែការពារ ខណៈ​ពួកគេ​ក៏មាន​តួនាទី​ចូលរួម​ក្នុងការ​ប្រយុទ្ធ​ដែរ​។​

​    ​គុណវិប្បត្តិ​
​    ​*​ខ្សែបម្រើ​ត្រូវ​ផ្តោតលើ​ការវាយលុក​ផង​និង​ការការពារ​ផង​។ ប្រសិនបើ​ពួកគេ​ឡើង​ហើយ​មិន​ចុះ ក្បួន​នេះ​នឹង​ទៅជា ២-០-៣ ហើយ​អាចធ្វើ​ឱ្យមាន​ភាពវឹកវ​រ​ជាក់​ជាមិនខាន​នៅពេល​គេ​វាយបក​។​

​    ​២. ក្បួន ១-៣-១


​    ​ក្បួន​ដែល​ពេញនិយម​ជាងគេ​នៅក្នុង​បាល់ទាត់​ម្ខាង ៥ នាក់​គឺ ១-២-១ ព្រោះ​វា​អនុញ្ញាតឱ្យ​កីឡាករ​អាច​បត់បែន​បាន​រវាង​ប្រព័ន្ធ​ប្រយុទ្ធ​និង​ការពារ​។ បាល់ទាត់​ម្ខាង ៦ នាក់​ក៏​វា​ដូច្នោះ​ដែរ​។ ក្បួន​នេះ​អនុញ្ញាតឱ្យ​កីឡាករ​ម្នាក់​ផ្តោត​តែ​លើ​ការប្រយុទ្ធ​និង​ម្នាក់ទៀត​ផ្តោត​តែ​លើ​ការការពារ ប៉ុន្តែ​ក្បួន​នេះ​មាន​កីឡាករ​ដល់​ទៅ​បី​អ្នក​នៅ​ចំ​កណ្តាល​ដែល​អាចធ្វើឱ្យ​ពួកគេ​ផ្លាស់ប្តូរ​របត់​តាម​ស្ថានការណ៍​។ វា​ពិតជា​ក្បួន​ដ៏​មាន​ប្រសិទ្ធិភាព​មួយ​។​

​    ​គុណសម្បត្តិ​
​    ​*​អនុញ្ញាតឱ្យ​កីឡាករ​បីនាក់​ដែល​នៅ​កណ្តាល​ផ្លាស់ប្តូរ​ទីតាំង​រវាង​ប្រព័ន្ធ​ការពារ​និង​ប្រយុទ្ធ​តាម​ស្ថានភាព​ការប្រកួត​។​
​    ​*​ខ្សែបម្រើ​បីនាក់​នេះ​មាន​សក្តានុពល​ដើម្បី​ផ្តល់នូវ​ការគាំទ្រ​ការប្រយុទ្ធ​ជាច្រើន​ទៅដល់​ខ្សែប្រយុទ្ធ​កណ្តាល​និង​អាច​លៃលក​បញ្ជូន​បាល់​ឱ្យ​ខ្សែប្រយុទ្ធ​បាន​គ្រប់ពេល​។​

​    ​គុណវិប្បត្តិ​
​    ​*​ជាទូទៅ​កីឡាករ​ភាគច្រើន​តែងតែ​ចង់​ឡើង​ប្រយុទ្ធ (​សូម្បីតែ​អ្នកចាំទី​) ហើយ​ប្រសិនបើ​ខ្សែបម្រើ​បីនាក់​នេះ​មិន​រក្សា​តុល្យភាព​រវាង​ការការពារ​និង​ប្រយុទ្ធ​ត្រឹមត្រូវ​ទេនោះ បន្ទាប់មក ខ្សែការពារ​ដែល​នៅ​ម្នាក់ឯង​ខាងក្រោម​នឹង​ប្រឈមមុខ​នឹង​ភារកិច្ច​ធំ​ជាក់​ជាមិនខាន​។​
​    ​*​ក្បួន​នេះ​ត្រូវការ​ការបិទ​កីឡាករ​ម្នាក់ៗ​ឱ្យ​ជាប់​ជាង​ក្បួន ២-២-១ ប៉ុន្តែ​វា​មិន​សំខាន់​នោះទេ ប្រសិនបើ​កីឡាករ​ក្នុង​ក្រុម​ចេះ​ចុះជួយ​ការពារ​នោះ​។​

​    ​៣. ក្បួន ៣-១-១


​    ​ក្បួន​នេះ ការពារ​ខ្លាំង​ជា​ក្បួន ១-៣-១​។ ក្បួន​នេះ​ត្រូវបាន​ប្រើ​ចំពោះ​ក្រុម​ដែល​ចូលចិត្ត​ឈរ​បិទ បន្ទាប់មក​វាយបក​លឿនៗ ដែល​អាចជា​ក្បួន​ដ៏​មាន​ប្រសិទ្ធិភាព​មួយ​សម្រាប់​បាល់ទាត់​ម្ខាង ៦ នាក់ ប្រសិនបើ​អ្នកមាន​កីឡាករ​មាន​សមត្ថភាព​គ្រប់គ្រាន់​។​

​    ​គុណសម្បត្តិ​
​    ​*​មាន​ខ្សែការពារ​ច្រើន​
​    ​*​ល្អ​សម្រាប់​ក្រុម​ដែល​ចូលចិត្ត​វាយបក​លឿនៗ​ជាមួយ​ខ្សែការពារ​ស្លាប​ម្នាក់​ឬក៏​ពីរ​នាក់​ចូលរួម​ប្រយុទ្ធ​។​

​    ​គុណវិប្បត្តិ​
​    ​*​ក្រុមខ្លះ​ប្រហែល​លែងមាន​អារម្មណ៍​ចង់​បបួល​ក្រុម​ដែល​លេង​ការពារ​ច្រើន​បែបនេះ​។​
​    ​*​ក្បួន​នេះ​ត្រូវការ​សម្របសម្រួល​ច្រើន​ពី​ខ្សែការពារ​ស្លាប ដោយ​មិន​និយាយ​ពី​ការចូលរួម​ប្រយុទ្ធ​និង​ត្រូវ​ចុះជួយ​ការពារ​ផង​ទេ​។​
​    ​*​ក្បួន​ការពារ​ច្រើន​មិន​ធ្វើឱ្យ​កីឡាករ​រីកចម្រើន​ទេ ព្រោះ​ខ្វះ​សន្ទុះ​នៃ​បំលាស់​ទី​។

​    ​៤. ក្បួន ២-១-២


​    ​នេះ​ជា​ក្បួន​តែមួយគត់​ដែលមាន​ខ្សែប្រយុទ្ធ​ដល់​ទៅ​ពីរ​។ ប្រសិនបើ​អ្នកមាន​ដៃគូ​ប្រយុទ្ធ​ដ៏​ល្អ​និង​ចង់ឱ្យ​ពួកគេ​ធ្វើការ​ជាមួយគ្នា អ្នក​គួរ​ពិចារណា​ក្បួន​មួយ​នេះ​។ ប៉ុន្តែ​ក្បួន​នេះ​អាចធ្វើឱ្យ​ក្រុម​ទាំងមូល​ជួប​ការលំបាក​នៅពេល​ត្រូវការ​ជំនួយ​ការពារ​។​

​    ​គុណសម្បត្តិ​
​    ​*​ខ្សែប្រយុទ្ធ​ទាំងពីរ​នាក់​នេះ​ផ្តល់នូវ​លទ្ធភាព​ក្នុងការ​កសាង​ដៃគូ​ដ៏​ល្អ​និង​ផ្តល់​ថាមពល​នៃ​ការប្រយុទ្ធ​ដល់​ក្រុម​ទាំងមូល​។​
​    ​*​ឡើង​ចុះ​ពី​ចុង​ម្ខាង​នៅ​ទីលាន​ឥតឈប់ឈរ​។​
​    ​*​ជា​ជម្រើស​ដ៏​ល្អ​ប្រសិនបើ​អ្នក​ចង់ឱ្យ​ខ្សែប្រយុទ្ធ​ឆ្នើម​ពីរ​នាក់​លេង​ជាមួយគ្នា​។

​    ​គុណវិប្បត្តិ​
​    ​*​លេង​ខ្សែប្រយុទ្ធ​ពីរ​មាន​ហានិភ័យ​ខ្លាំង​ប្រសិនបើ​ពួកគេ​របូត​បាល់​ហើយ​មិន​ព្រម​ដេញតាម​វិញ​។​
​    ​*​ខ្សែបម្រើ​គឺជា​អ្នក​ត​ភ្ជាប់​រវាង​ប្រព័ន្ធ​ការពារ​និង​ប្រយុទ្ធ ហើយ​វា​អាចជា​បញ្ហា​ប្រសិនបើ​ខ្សែបម្រើ​ត្រូវបាន​ឡោមព័ទ្ធ​ជិត​នៅ​កណ្តាល​។​
​    ​*​ក្បួន​នេះ​អាចមាន​ប្រសិទ្ធភាព​ទៅបាន ទាល់​តែមាន​ខ្សែប្រយុទ្ធ​ឆ្នើម​ពីរ​នាក់ បើ​មានតែ​ម្នាក់​ទេ គួរ​រក​ក្បួន​ផ្សេង​លេង​ល្អ​ជាង​៕

ប្រភព៖ 5-a-side

អ្នកនឹងចូលចិត្ត

មតិយោបល់