1

​ក្រុម​អ្នកគាំទ្រ Real Madrid ក្នុងប្រទេស​អ៊ីរ៉ាក់​ចំនួន ១៦ នាក់​បាន​បាត់​បង់ជីវិត​ដោយ​ការវាយប្រហារ​ពី​ក្រុម​ភេរ​វករ​

    ​ក្រុមបាល់ទាត់ Real Madrid បានទទួល​ដំណឹង​ដ៏​រន្ធត់ចិត្ត​មួយ​ពី​ការវាយប្រហារ​ដោយ​ក្រុម​ភេរ​វករ​ទៅលើ​មូលដ្ឋាន​គាំទ្រ​ក្លឹប​អធិរាជ​ក្នុងប្រទេស​អ៊ីរ៉ាក់ មួយ​ថ្ងៃមុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ La Liga ជាមួយ​ក្រុម Deportivo La Coruna​។​

​    ​មនុស្ស​ចំនួន ១៦ នាក់​ត្រូវ​បានដឹងថា បាន​ស្លាប់​នៅក្នុង​អំពើ​មនុស្សឃាត​ដ៏​ឃោរឃៅ​នេះ​ជាមួយ​ជនរងគ្រោះ​ចំនួន ២០ នាក់​ផ្សេងទៀត​បាន​រងរបួស ហើយ​មានការ​ព្រួយបារម្ភ​ថា ចំនួន​អ្នកស្លាប់​អាច​កើនឡើង​នៅ​ប៉ុន្មាន​ម៉ោង​ខាងមុខ​ទៀត​។​

​    ​ក្រុម​ខ្មាន់កាំភ្លើង​បាន​ឆ្មក់​ចូល​បន្ទប់​ដែល​ក្រុម​អ្នកគាំទ្រ​ក្លឹប​អធិរាជ​ស​ជួបជុំគ្នា​និង​បាន​បាញ់រះ​ទៅលើ​ពួកគេ​យ៉ាង​ព្រៃផ្សៃ​។​

​    ​ការបាញ់ប្រហារ​នេះ​បានកើត​ឡើង​នៅ​ហាង​កាហ្វេ​មួយ​ឈ្មោះថា Al Furat ក្នុង​ទីក្រុង Balad ភាគ​ខាងជើង​ទីក្រុង​បា​កដាដ ដែលជា​កន្លែង​ដែល​ក្រុម​អ្នកគាំទ្រ Real Madrid តែងតែ​ជួបជុំគ្នា​។​

​    ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Amaq បានឱ្យដឹងថា ការវាយប្រហារ​នេះ​គឺ​ជាប់ទាក់ទង​ជាមួយ​ក្រុម​ជី​ហាត​ហើយ ISIS ជា​អ្នកទទួលខុសត្រូវ​លើ​ការវាយប្រហារ​នេះ​៕

ប្រភព៖ Marca

មតិយោបល់