adverise with khmeread 83f82424 ddf7 479f 9ed2 b30a76384934

គោះឱ្យបើកទ្វារញយៗ កាប់​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ​របួសធ្ងន់

     ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​គេ​ព្រួត​គ្នា​កាប់​នឹង​ដាវ​សា​ម៉ូ​រ៉ៃ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ព្រោះតែ​ជនដៃដល់​ខឹង​មក​គោះទ្វារ​ផ្ទះជួល​ហៅ​រំខាន​ច្រើនដង​ពេក​ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ទី​៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ​។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ គឹម លឹម​ហ៊ាន ​ហៅ​តក់ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​មុខរបរ​កម្មករ​ដឹក​ដំឡូង​ស្នាក់នៅ​ភូមិ​ចំ​ពើ​ម ឃុំ​ឃ្នេ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម ​បាន​រងរបួស​កញ្ចឹងក​ខាងឆ្វេង និង​គុម្ពត្រចៀក​ខាងឆ្វេង​។ 

     ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់​ទី​១​ឈ្មោះ​ អា ស្ពៃ អាយុ​ប្រហែល​២៧​ឆ្នាំ​ និង​ម្នាក់ទៀត​ឈ្មោះ ​អា ស្យា អាយុ​ប្រហែល​គ្នា​ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​បាន​គេចខ្លួនបាត់​។​

     ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ជនរងគ្រោះ​ និង​ក្រុម​ជនដៃដល់​ជា​អ្នក​ស្គាល់គ្នា​ពេលនោះ​មិនដឹងថា មាន​បញ្ហា​អ្វី​នោះទេ ​ដោយ​ជនរងគ្រោះ​បានមក​គោះទ្វារ​ផ្ទះជួល​ហៅ​ជនសង្ស័យជា​ច្រើន​លើកមិន​ព្រម​បើកទ្វារ​ក៏មាន​ការឈ្លោះប្រកែក​គ្នា​។ 

     គ្រា​ពេលនោះ ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​បានចេញ​ពីក្នុងផ្ទះ​ព្រមទាំង​កាន់​ដាវ​ម្នាក់​មួយ​មក​កាប់​ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​របួសធ្ងន់​ហើយក៏​គេចខ្លួនបាត់​តែម្តង​។​

     ជនរងគ្រោះ​ក្រោយពី​របួស​ធ្ងន់ធ្ងរ​ហើយ ក៏​ត្រូវបាន​អ្នកជិតខាង​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​។​

     ដោយឡែក​ហេតុការណ៍​កាប់​ចាក់​គ្នា​មួយ​ករណី​ទៀត​បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦​នៅ​ចំណុច​ក្បែរ​មន្ទីរពេទ្យ​កាល់ម៉ែត​ដែល​បុរស​ម្នាក់ ត្រូវគេ​តាម​កាប់​បណ្ដាល​ឲ្យ​របួសធ្ងន់​ដេក​ក្នុង​ថ្លុកឈាម រួច​ក្រុម​ជនល្មើស​ក៏​គេចខ្លួន​បាត់អស់​។ ចំណែក​ជនរងគ្រោះ​ក៏​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

     ពាក់ព័ន្ធ​និង​ការកាប់​២​ករណី​នៅក្នុង​មូលដ្ឋាន​សង្កាត់​ស្រះចក នា​ព្រឹក​នោះដែរ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុងបើក​ការស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជនដៃដល់​ទាំងនោះ​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់