ខ្សែប្រយុទ្ធមុតស្រួច Robert Lewandowski បានក្លាយជាកីឡាករដំបូងគេក្នុងរយៈពេល ៣៩ ឆ្នាំចុងក្រោយនេះ ដែលរកបាន ៣០ គ្រាប់ក្នុងមួយរដូវកាលក្នុងក្របខ័ណ្ឌ Bundesliga ខណៈក្រុមការពារតំណែងជើងឯក Bayern Munich បានបំបាក់ក្រុម Hannover នៅក្នុងការប្រកួតចុងក្រោយរបស់លោក Pep Guardiola។
Lewandowski ជាអ្នកស៊ុតបើកឆាកឱ្យក្រុមបន្ទាប់ពីស៊ុតបុកជើងអ្នកចាំទី Ron-Robert Zieler មុននឹងខ្សែបម្រើ Mario Gotze រកបានគ្រាប់បាល់ទីពីរដោយការឆ្កឹះ និងបន្ទាប់មកក៏បានពុះមួយជើងចូលទីយ៉ាងស្អាត។
កីឡាករ Artur Sobiech បានរកមួយគ្រាប់វិញជូន Hannover ប៉ុន្តែពួកគេបានធ្លាក់ទៅក្របខ័ណ្ឌ Bundesliga 2 ទៅហើយ។
ក្រុម Bayern បានបញ្ចប់រដូវកាលនេះដោយដាច់ក្រុមលេខពីរ Borussia Dortmund ដល់ទៅ ១០ ពិន្ទុ។
មុនការប្រកួត លោក Guardiola បានថ្លែងសន្ទរកថារបស់គាត់ជាលើកចុងក្រោយនៅទឹកដី Allianz Arena មុននឹងចាកចេញទៅក្លឹប Manchester City នៅរដូវកាលក្រោយ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះនឹងដឹកនាំក្រុមជាលើកចុងក្រោយនៅក្នុងការប្រកួត German Cup វគ្គផ្តាច់ព្រ័ត្រដែលនឹងត្រូវប៉ះក្រុមខ្លាំង Dortmund នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ ខណៈគាត់មានគោលដៅលើកពានទីពីរបស់ខ្លួន៕
