adverise with khmeread Index1

អាវុធហត្ថអំពាវនាវដល់ជនរងគ្រោះទៅយកម៉ូតូ

    ភ្នំពេញ  ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នេះ បានអំពាវនាវដល់ជនរងគ្រោះដោយអំពើចោរលួច ចោរប្លន់យកម៉ូតូនាពេលកន្លងមក ដើម្បីទទួលយកម៉ូតូរបស់បងប្អូនវិញដោយភ្ជាប់មកជាមួយនូវឯកសារ បន្ទាប់ពីម៉ូតូចំនួន ៩គ្រឿង ត្រូវបានរឹបអូសបានពីក្រុមចោរក្រោយពេលបង្រ្កាប។

    មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ម៉ូតូទាំង ៩គ្រឿង ដែលកងរាជអាវុធហត្ថរឹបអូសពីក្រុមចោរ និង អំពាវនាវរកម្ចាស់រួមមាន ៖

 ១- ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-3139 
  ២- ម៉ូតូម៉ាកវេវចិន ពណ៌ក្រហម គ្មានស្លាកលេខ
  ៣- ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1AC-0155
  ៤- ម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ក្រហម-ស គ្មានស្លាកលេខ
  ៥- ម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-6693
  ៦- ម៉ូតូម៉ាកហុងដា សេ១២៥ ចិន ពាក់ស្លាកលេខ 1AB-7860
  ៧- ម៉ូតូម៉ាកហុងដា សេ១០០ កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ
  ៨- ម៉ូតូម៉ាកគុបជ្រុង៥០ ពណ៌ខៀវ ពាក់ស្លាកលេខ 1ម-2399 ភព1
  ៩- ម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ

  មន្រ្តីកងរាជអាវុធហត្ថរាជធានីបន្តថា សូមប្រជាពលរដ្ឋដែលរងគ្រោះដោយសារចោរលួចឬចោរប្លន់យកម៉ូតូនាពេលកន្លងមកអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់យកត្រឡប់ទៅវិញ  ព្រោះម៉ូតូទាំង៩គ្រឿងនេះដកហូតបានពីក្រុមចោរលួចប្លន់ម្នាក់ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះជួលបន្ទប់លេខ២៥ តាមផ្លូវលំ ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

    ការឃាត់ខ្លួនមេក្លោងមួយរូបធ្វើឡើងតាមរយៈការចង្អុលបង្ហាញរបស់បក្ខពួករបស់ចោរ ៦នាក់ ដែលអាវុធហត្ថខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីដើមខែធ្នូ ឆ្នាំ២០១៥។

    តាមចម្លើយសារភាពរបស់មេក្លោងម្នាក់ឈ្មោះថា យ៉ាន រស្មី ហៅ ណុយ អាយុ ៣៣ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារ (ម១) ចំនួន ៦ខែ ពីបទលួចកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ ហើយចេញវិញក្នុងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤។

    អាវុធហត្ថបន្តថា មុនពេលជាប់គុកមេក្លោងម្នាក់នេះ មាន ឈ្មោះថា គឿន ណុយ ក្រោយពេលចេញពីគុក ក៏ប្តូរឈ្មោះមកជា យ៉ាន រស្មី ហើយប្រមែប្រ មូល បក្ខពួកទាំងចាស់ទាំងថ្មី ដើរលួច ប្លន់ គ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ។

   រីឯទ្រព្យសម្បត្តិ ដែលលួចប្លន់បាននោះ គឺមេក្លោងម្នាក់នេះ យកមកដោះដូរ កែច្នៃ រួចទើបយកទៅលក់។ មិនត្រឹមតែប៉ុណ្ណោះ មេខ្លោងរូបនេះ ថែមទាំងទទួលទិញផលចោរកម្ម ពីក្រុមចោរលួច ឆក់ ប្លន់គ្រប់ប្រភេទ ដើម្បីយកទៅលក់បន្ត។

    មេក្លោងម្នាក់នេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ៕

adverise with khmeread

មតិយោបល់