adverise with khmeread Bathroom

វិធី ៨ យ៉ាងដើម្បីធ្វើឲ្យបន្ទប់ទឹកដ៏តូចមើលទៅឃើញធំ

ប្រសិនបើអ្នកចង់រស់នៅប្រកបដោយផាសុកភាព និងចង់ធ្វើឲ្យផ្ទះរបស់អ្នកស្រស់ថ្លាជានិច្ច អ៊ីចឹងការធ្វើឲ្យបន្ទប់ទឹកតូចមើលទៅឃើញធំគឺជារឿងគួរពិចារណាបំផុត។ អ៊ីចឹងសូមក្រឡេកមើលទាំងអស់គ្នាថាត្រូវធ្វើរបៀបណាដើម្បីឲ្យបន្ទប់ទឹកដ៏តូចរបស់អ្នកមើលទៅឃើញធំ។ 

១- ទុកឲ្យពន្លឺចូលបានគ្រប់គ្រាន់
ប្រសិនបើបន្ទប់របស់អ្នកពុំសូវមានពន្លឺ អ៊ីចឹងវានឹងមើលទៅកាន់តែតូច និងស៊ប់ទ្រុប។ បង្អួចធំៗ និងពន្លឺភ្លឺច្បាស់អាចជម្នះនូវរឿងទាំងអស់នេះបាន។ 

របៀបធ្វើ៖ 
- ដើម្បីឲ្យពន្លឺចូលគ្រប់គ្រាន់អ្នកត្រូវលាត់វាំងនន
- ដំឡើងបង្អួចធំជាងមុន 
- ជំនួសអំពូលពងមាន់ជាមួយនឹងប្រភេទអំពូលស LED ដ៏ខ្លាំងវិញ។  

២- ធ្វើឲ្យក្នុងបន្ទប់ទឹកមានពណ៌សសុទ្ធ
ការលាបពណ៌សសុទ្ធក្នុងបន្ទប់ទឹកនឹងធ្វើឲ្យមានការលំបាកក្នុងការប៉ាន់ស្មានរវាងចម្ងាយនីមួយៗនៃជ្រុងបន្ទប់ទឹក ដោយហេតុនេះហើយធ្វើឲ្យគេមើលទៅឃើញបន្ទប់ទឹកនោះកាន់តែធំ។ ពណ៌សអាចធ្វើចំណាំងផ្លាតពន្លឺបានយ៉ាងល្អ ដូច្នេះបន្ទប់ទឹករបស់អ្នកក៏នឹងកាន់តែភ្លឺច្បាស់ថែមទៀត។ 

របៀបធ្វើ៖ 
- ត្រូវធ្វើឲ្យប្រាកដថារាល់ផលិតផលក្នុងបន្ទប់ទឹកគឺសុទ្ធតែពណ៌ស ដូចជាសាប៊ូកក់ និងដបសាប៊ូជាដើម
- ប្តូរពណ៌ក្រណាត់ជូតជើង និងកន្សែងពោះគោទៅជាពណ៌សទាំងអស់
- ប្តូរពណ៌បន្ទប់ទឹកទៅជាស ឬប្តូរទៅជាឥដ្ឋការ៉ូពណ៌សវិញ

៣- រុះរើទូដាក់ឥវ៉ាន់ចេញពីបន្ទប់ទឹក
មិនត្រូវឲ្យមានទូដាក់ឥវ៉ាន់ផ្សេងៗក្នុងបន្ទប់ទឹកទេ ព្រោះវានឹងធ្វើឲ្យបន្ទប់កាន់តែមើលទៅឃើញតូច។ 

របៀបធ្វើ៖ 
- រើទូទាំងនោះចេញ រួចដំឡើងធ្នើរអណ្តែតលើជញ្ជាំងជំនួសវិញ

៤- ដកឡាបូលុបមុខដែលមានជើងទ្រចេញ
ឡាបូមានជើងទ្រដ៏ធំអាចនឹងស៊ីកន្លែងទំនេរជាច្រើនក្នុងបន្ទប់ទឹក និងមើលទៅសំពីងសំពោង។ ត្រឹមឡាបូលុបមុខធម្មតាមួយនឹងស៊ីកន្លែងទំនេរតិច ហើយមើលទៅទូលាយថែមទៀត។ 

របៀបធ្វើ៖
- ដករបស់របររញ៉េរញ៉ៃចេញពីចានបង្គន់
- ធ្វើឲ្យឡាបូទូលាយស្អាតជានិច្ចដោយពុំមានរបស់អ្វីដាក់ពីលើនោះទេ
- ប្តូរឡាបូលុបមុខដែលមានជើងទ្រដ៏វែងចេញ 

៥- ត្រូវដាក់កញ្ចក់ឲ្យបានច្រើនជាដាច់ខាត
កញ្ចក់ច្រើននឹងជួយជះពន្លឺពេញបន្ទប់ទឹក និងក៏ជួយបន្លំភ្នែកឲ្យមើលទៅឃើញធំផងដែរ។ 

របៀបធ្វើ៖ 
- បង្កើនទំហំកញ្ចក់ដែលមានស្រាប់
- បន្ថែមកញ្ចក់ឲ្យបានច្រើន
- ដំឡើងផ្ទាំងកញ្ចក់ធំជាប់នឹងជញ្ជាំង

៦- សាកល្បងប្រើទ្វារផ្សេង
សូមពិចារណាមើលថាតើទ្វារប្រភេទណាដែលសក្តិសមបំផុតសម្រាប់បន្ទប់ទឹករបស់អ្នក។ ទ្វារត្រចៀកគឺជាប្រភេទទ្វារដែលគេចូលចិត្តដំឡើងបំផុត ប៉ុន្តែវាមិនមែនសុទ្ធតែជាជម្រើសប្រសើរបំផុតនោះទេ។ 

របៀបធ្វើ៖ 
- ព្យាយាមប្តូររបៀបដែលទ្វារបិទ ឬក៏បើក 
- ដាក់ទ្វាររូតអាចធ្វើឲ្យបន្ទប់មានកន្លែងទូលាយច្រើន
- ដាក់ទ្វារបត់ច្រើនតង់នឹងធ្វើឲ្យមានកន្លែងទូលាយរឹតតែច្រើន

៧- ធ្វើឲ្យកន្លែងងូតទឹកផ្កាឈូកអាចមើលឃើញឆ្លុះ
កន្លែងងូតទឹកផ្កាឈូកដែលមានវាំងននបាំង ឬបិទបាំងជិតឈឹងនឹងធ្វើឲ្យបន្ទប់ទឹកបាត់បង់ភាពធំទូលាយរបស់វា។ តាមរយៈការធ្វើឲ្យកន្លែងងូតទឹកផ្កាឈូកមើលឃើញឆ្លុះ ឬប្តូរវាំងននចេញ អ្នកនឹងធ្វើឲ្យបន្ទប់ទឹកមើលទៅឃើញកាន់តែធំ។ 

របៀបធ្វើ៖ 
- ប្តូរវាំងននស្រអាប់ទៅជាពណ៌ថ្លាវិញ ឬដោះចេញតែម្តងក៏បាន
- ប្តូរកញ្ចក់ស្រអាប់ទៅជាកញ្ចក់ថ្លា និងត្រូវការពារទឹកកុំឲ្យជ្រាបចេញពីកន្លែងងូតទឹកផ្កាឈូក 

៨- ប្រែក្លាយទ្វារបន្ទប់ទឹកឲ្យទៅជាកន្លែងដាក់របស់របរ
ត្រូវប្រើទ្វាររបស់អ្នកឲ្យអស់សក្តានុពលរបស់វាដោយប្រែក្លាយវាទៅជាកន្លែងដាក់របស់របរផ្សេងៗ។ តាមវិធីនេះ អ្នកនឹងអាចរក្សាទុករបស់ក្នុងបន្ទប់ទឹកមិនឲ្យរប៉ាត់រប៉ាយ។ 

របៀបធ្វើ៖ 
- យកធ្នើរសម្រាប់ដាក់ស្បែកជើងមកច្នៃភ្ជាប់នឹងទ្វារ រួចប្រើវាសម្រាប់ដាក់របស់របរបន្ទប់ទឹក
- ភ្ជាប់ដងវែងមួយសម្រាប់ភ្ជួរកន្សែងពោះគោ
- ដំឡើងធ្នើរដាក់ឥវ៉ាន់ភ្ជាប់លើទ្វារតែម្តង៕ 

adverise with khmeread
ប្រភព៖ ឡាយហ៊េក

មតិយោបល់