adverise with khmeread Stuck mode

ជម្នះ​ការភ័យខ្លាច​ទាំង ៥ នេះ​បាន ចាំ​គិតគូរ​បើក​ការរកស៊ី​ដោយ​ខ្លួនឯង​

    ​ការរកស៊ី​គឺ​ប្រ​បៀ​ប​បីដូច​ជាការ​ចូលទៅក្នុង​ទឹកដី​ដ៏​គ្រោះថ្នាក់​មួយ ដែល​ត្រូវ​ប្រឈម​ហានិភ័យ​តាំងពី​ការចាប់ផ្តើម​រហូតដល់​ដំណាក់កាល​លូតលាស់​រីកចម្រើន និង​សូម្បី​ពេលដែល​ក្រុមហ៊ុន​ចាប់ផ្តើម​ចំណេញ​ច្រើន និង​ល្បី​ខ្លាំង​។ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នករកស៊ី​ជោគជ័យ ត្រូវ​ត្រៀមខ្លួន​សម្រាប់​ហានិភ័យ​ទាំងអស់នោះ និង​ដោះស្រាយ​ការភ័យខ្លាច​ទាំង​ប្រាំ​នេះ​ឱ្យបាន​រួចរាល់​ជាមុនសិន​។ 

​    ​១. ខ្លាច​អស់​លុយ​
​    ​ពាក្យ​ថា​រកស៊ី​បើ​ខ្លាច​អស់​លុយ​គេ​មិនមែន​ហៅថា​រកស៊ី​ទេ​។ ប្រសិនបើ​បារម្ភ​ថា​លុយ​សន្សំ​សម្រាប់​បើក​រកស៊ី​នឹង​អស់ ហើយ​ក្ស័យធន​រលំ​ក្រុមហ៊ុន លោកអ្នក​ត្រូវ​រក​វិធី​ផ្សេង​ដើម្បី​ដោះស្រាយ​បញ្ហា​លុយ​។ មិនមែន​រួញរា ហើយ​ដកថយ និង​បោះបង់ចោល​គំនិត​រកស៊ី​នោះទេ​។ លោកអ្នក​អាច​ខ្ចីបុល រៃអង្គាស​ពី​សមាជិក​ដៃគូ ឬ ប្រភពធនធាន​ផ្សេងទៀត ដែល​អាច​ធានា​និរន្ត​ភាព​ការចាប់ផ្តើម​ដំណាក់កាល​ដំបូង​។ អ្វីដែល​លោកអ្នក​ត្រូវ​ជឿជាក់​បំផុត​ក្នុងដំណាក់កាល​បើក​ក្រុមហ៊ុន​ដំបូង​គឺ​ត្រូវ​ទុកចិត្ត​លើ​ផែនការអាជីវកម្ម​ខ្លួនឯង​ថា​ប្រាកដជា​អាច​ទៅមុខ​រួច​។ ប្រសិនបើ​មិនទាន់​ទាំង​ទុកចិត្ត​ផែនការ​រកស៊ី​ខ្លួនឯង​ផង តើ​ត្រូវ​បារម្ភ​រឿង​អស់​លុយ​ពាក់កណ្តាល​ទី​ធ្វើ​ស្អី​?

​    ​២. ខ្លាច​ខ្លួនឯង​ពុំ​ល្អ​គ្រប់គ្រាន់​ដូច​គេ​
​    ​មិន​ថា​លោកអ្នក​ខ្លាច​ខ្លួនឯង​មិនល្អ​ដូច​គេ ឬ​ផលិតផល​ខ្លួនឯង​មិនល្អ​ដូច​គេ​នោះទេ ឱ្យតែ​ខ្លាច​បែបនេះ​គឺ​ប្រាកដជា​បង្ក​គ្រោះថ្នាក់​ដល់​សហគ្រិន​ថ្មីថ្មោង​ជាមិនខាន​។ 

​    ​ត្រូវ​ចាំ​ក្នុង​ចិត្ត​ការចាប់​ផ្តើមដំបូង​មិនត្រូវ​គិតថា​ផលិតផល​ខ្លួនឯង​ត្រូវតែ​ល្អឥតខ្ចោះ​នោះទេ អ្វីដែល​សំខាន់​គឺ​ត្រូវ​យល់ថា ផលិតផល​ខ្លួនឯង​អាច​ទទួលយកបាន​។ ហើយ​ចំពោះ​សមត្ថភាព​សហគ្រិន​ថ្មីថ្មោង​វិញ​ក៏​ដូចគ្នា សូមកុំ​បារម្ភ​ថា​ខ្លួនឯង​ខ្លាំង​មិនទាន់​គ្រប់គ្រាន់​ដូច​គេ លោកអ្នក​នៅមាន​ពេល​ច្រើនណាស់​ដើម្បី​សិក្សា​និង​កែលម្អ​សមត្ថភាព​ឱ្យ​ខ្លាំង​ដូច​គេ​ឬ​លើសគេ​។ 

​     ៣. ខ្លាច​បរាជ័យ​
​    ​សូមកុំ​គិតថា បរាជ័យ​ជាទី​បញ្ចប់​នៃ​ពិភពលោក​។ ត្រូវ​គិតថា​បរាជ័យ​ជា​មេរៀន​ដែល​នាំ​យើង​ឆ្ពោះទៅរក​ភាពជោគជ័យ​។ បរាជ័យ​គ្រាន់តែ​ជា​ចំណុច​គាំង​បណ្តោះអាសន្ន​លើផ្លូវ​ឆ្ពោះទៅរក​ជោគជ័យ​ប៉ុណ្ណោះ​។ 

​    ​៤. ខ្លាច​លំបាក​
​    ​គ្មាន​នរណាម្នាក់​មានបាន​ស្តុកស្តម្ភ​ដោយ​ងាយៗ​នោះឡើយ​។ ការដែល​គ្រប់គ្នា​គិតថា អ្នកមាន ឬ​មហាសេដ្ឋី​មានបាន​ដោយ​មិនបាន​ប្រឹង​គឺជា​ការគិត​ខុសស្រឡះ​ទាំងស្រុង​។ ពួកគេ​ប្រឹងប្រែង​សឹងតែ​គ្មាន​ពេលដេក​ពួន​ឡើយ ទម្រាំ​បាន​ជោគជ័យ​។ ការធ្វើជា​ថៅកែ​គេ លោកអ្នក​នឹងត្រូវ​ប្រឈម​បញ្ហា​ហិរញ្ញវត្ថុ ការសម្រេចចិត្ត បន្ទុក​ការងារ​លើ​ចំណុះ ប៉ុន្តែ​ទីបំផុត​មានតែ​លោកអ្នក​ខ្លួនឯង​ប៉ុណ្ណោះ​ជា​អ្នកកំណត់​ជោគវាសនា​។ បើ​ទ្រាំ​មិនបាន​គឺ​លោកអ្នក​ជ្រើស​វាសនា​បរាជ័យ បើ​ទ្រាំទ្រ​បាន​មានន័យថា លោកអ្នក​ជ្រើសរើស​ជោគវាសនា​ជោគជ័យ​។ 

​    ​៥. ខ្លាច​រឿង​ដែល​មិនទាន់​កើតឡើង​ខាងមុខ​
​    ​គ្មាន​នរណាម្នាក់​អាច​ទស្សន៍ទាយ ឬ​ត្រៀមខ្លួន​សម្រាប់​រឿង​ដែល​មិនទាន់​កើតឡើង​បាន​នោះឡើយ​។ លោកអ្នក​ជ្រើសរើស​ធ្វើជា​ចៅហ្វាយ​គេ ដូច្នេះ​វា​ក៏​មានន័យថា លោក​អ្នកជា​អ្នកប្រថុយ​ប្រថាន​ដោយ​ភាព​អង់អាច​ក្លាហាន​ផងដែរ​។ ដូច្នេះ​ត្រូវ​កប់​ការភ័យខ្លាច​នេះ​ក្នុង​ធុងសំរាម រួច​បែរមក​ជឿជាក់​លើ​ខ្លួនឯង​ជំនួស​វិញ​។ 

​    ​* សរុបសេចក្តី​
​    ​ការចាប់ផ្តើម​រកស៊ី​មិនមែន​សម្រាប់​មនុស្ស​ដែល​ភ័យខ្លាច​នោះទេ​។ ជំនួស​ឱ្យ​ការភ័យខ្លាច លោកអ្នក​គួរ​ឱបក្រសោប​យក​ភាពភ័យខ្លាច​នោះ រួច​ប្រើ​វា​ធ្វើជា​ការជំរុញ​ទឹកចិត្ត​ដើម្បី​រៀនសូត្រ​ពី​ក្រុមហ៊ុន​របស់​អ្នក និង​ទប់ស្កាត់​គ្រោះ​នៅខាងមុខ​៕

adverise with khmeread
ប្រភព៖ Entrepreneur

អ្នកនឹងចូលចិត្ត

មតិយោបល់