89701471 89701450

ឥណ្ឌាគ្រោងតភ្ជាប់បណ្តាញទន្លេ៣០ខ្សែដើម្បីស្រោចស្រពតំបន់រាំងស្ងួត ទោះអ្នកបរិស្ថានលើកឡើងអំពីគ្រោះមហន្តរាយ​អេកូឡូស៊ី

​    ​មន្ត្រីជាន់ខ្ពស់​មួយរូប​បាន​ប្រាប់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​កាលពី​ថ្ងៃ​ចន្ទ​ថា ឥណ្ឌា​គ្រោង​ផ្ទេរ​ទឹក​ពី​ទន្លេ​នានា​របស់ខ្លួន​ដើម្បី​ដោះស្រាយ​ជាមួយ​គ្រោះរាំងស្ងួត​ដ៏​ធ្ងន់ធ្ងរ​។ 

​    ​រដ្ឋមន្ត្រី​ធនធានទឹក លោកស្រី យូ​ម៉ា បាទី (Uma Bharti) បាន​និយាយថា ការផ្ទេរ​ទឹក រួមមាន​ពី​ទន្លេ​សំខាន់ៗ​ដូចជា ទន្លេ​ប្រា​ម៉ា​ពូ​ត្រា និង​ទន្លេ​គង្គា ទៅ​តំបន់​រងគ្រោះ​ដោយ​ភាពរាំងស្ងួត​ឥឡូវនេះ​បាន​ក្លាយជា​អាទិភាព​រប​ស់​រដ្ឋាភិបាល​ហើយ​។ 

រដ្ឋមន្ត្រី​ធនធានទឹក លោកស្រី យូ​ម៉ា បាទី

​    ​មនុស្ស​យ៉ាងតិច ៣៣០ លាន​នាក់​បាន​រង​ផលប៉ះពាល់​ដោយសារ​គ្រោះរាំងស្ងួត​ក្នុងប្រទេស​ឥណ្ឌា​។ 

​    ​ភាពរាំងស្ងួត​បាន​កំពុង​កើតឡើង​ពេញបន្ទុក ខណៈដែល​រលក​កម្តៅ​បាន​រីក​រាលដាល​ទូទាំង​តំបន់​ភាគច្រើន​នៃ​ប្រទេស​ឥណ្ឌា ជាមួយ​សីតុណ្ហភាព​ឡើង​លើស ៤០ អង្សា​។ 

​     គម្រោង​ត​ភ្ជាប់​អន្តរ​បណ្តាញ​ទន្លេ (ILR) មាន​បណ្តាញ​ត​ភ្ជាប់​ចំនួន ៣០ ខ្សែ​គ្រោង​ធ្វើឡើង​សម្រាប់​ការផ្ទេរ​ទឹក ក្នុងនោះ ១៤ បណ្តាញ​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​តំបន់​ផ្ទាំង​ទឹកកក​ហេមពាន្ត​នៅ​ភាគ​ខាងជើង​ប្រទេស និង ១៦ បណ្តាញ​នៅ​ឧបទ្វីប​ឥណ្ឌា​។ 

សីតុណ្ហភាពបានឡើងហួស ៤០ អង្សានៅសឹងទូទាំងប្រទេសឥណ្ឌា

​    ​អ្នក​បរិស្ថាន​ជាច្រើន​នាក់​បាន​ជំទាស់​នឹង​គម្រោង​នេះ ដោយ​លើកឡើងថា វា​នឹង​នាំមក​នូវ​គ្រោះមហន្តរាយ​អេកូឡូស៊ី ប៉ុន្តែ​តុលាការ​កំពូល​បាន​បង្គាប់​ឱ្យ​អនុវត្ត​គម្រោង​នេះ​។ 

​    ​លោកស្រី​បាទី​បាន​និយាយថា "​ការតភ្ជាប់​អន្តរ​បណ្តាញ​ទន្លេ​គឺជា​របៀប​វីរៈ​សំខាន់​របស់​យើង ហើយ​យើង​បានទទួល​ការគាំទ្រ​ពី​ប្រជាជន ហើយ​ខ្ញុំ​ប្តេជ្ញាចិត្ត​ធ្វើ​រឿងនេះ​ឱ្យ​លឿន​បំផុត​"​។ 

ឥណ្ឌាដឹកទឹកតាមរថភ្លើងដើម្បីចែកចាយទៅតំបន់រាំងស្ងួត

​    ​លោកស្រី​បាទី​បាន​និយាយថា គម្រោង​ត​ភ្ជាប់​អន្តរ​បណ្តាញ​ទន្លេ​នេះ​គឺជា​គម្រោង​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ឥណ្ឌា ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៤៧ មក​។ 

​    ​លោកស្រី​បាន​បន្ថែមថា មាន​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀត​ដែលមាន​គោលបំណង​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រព័ន្ធធារាសាស្ដ្រ និង​ទឹក​ទទួលទាន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ហើយ ILR គឺជា​គម្រោងការ​រយៈពេល​វែង​៕

ប្រភព៖ ប៊ីប៊ីស៊ី

មតិយោបល់