ក្រុមបិសាចក្រហម Manchester United កំពុងពិភាក្សាថាតើគួរតែនាំកីឡាករវ័យចំណាស់ Zlatan Ibrahimovic ឬយ៉ាងណា។
ខ្សែប្រយុទ្ធសម្បូរបទពិសោធន៍វ័យ ៣៤ ឆ្នាំរូបនេះ បច្ចុប្បន្នមិនទាន់ចរចាជាមួយក្លឹបមួយណានៅឡើយទេបន្ទាប់ពីសម្រេចចិត្តចាកចេញពីក្លឹប PSG ដើម្បីបើកទំព័រថ្មីនៃអាជីពរបស់គាត់ ហើយគាត់បានបញ្ជាក់ប្រាប់កាលពីប៉ុន្មានខែមុនថា គាត់ចង់លេងនៅក្របខ័ណ្ឌ Premier League។
ហើយបន្ទាប់ពីបានបញ្ជូនអ្នកសង្កេតកីឡាករដើម្បីសង្កេតគាត់នៅក្នុងការប្រកួត ១-១ ជាមួយ Bordeaux កាលពីសប្តាហ៍មុន ក្រុម Man Utd កំពុងជជែកគ្នាថាតើគួរតែស្នើគាត់ជាផ្លូវការឬយ៉ាងណា។
កាលពីថ្ងៃចន្ទ សារព័ត៌មាននៅប្រទេសបារាំងបានអះអាងថា មានការស្នើកីឡាករអន្តរជាតិស៊ុយអែតរូបនេះពីទឹកដី Old Trafford ដែលគាត់នឹងលេងការប្រកួតចុងក្រោយឱ្យក្លឹប PSG សម្រាប់ពានរង្វាន់ French Cup វគ្គផ្តាច់ព្រ័ត្រជាមួយ Marseille នៅថ្ងៃសៅរ៍នេះ។
ប៉ុន្តែមិនមែនតែ Man Utd ទេដែលចង់បានកីឡាកររូបនេះ មានក្លឹបនៅអាមេរិកជាច្រើនក៏ចង់បានគាត់ដែរ ជាពិសេសគឺក្រុមរបស់លោក David Beckham តែម្តង៕
