adverise with khmeread 1

អាជ្ញាធរ​ស្រុក​បាធាយ បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ជួយ​សហការ​គាំទ្រ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​កសិកម្ម​ដំណាំ​ស្រូវ​ជំហាន​ទី​១

    កំពង់ចាម  ៖ អភិបាលស្រុក​បាធាយ ខេត្តកំពង់ចាម បានឱ្យដឹង​នៅក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន អភិវឌ្ឍន៍​ផ្នែក​កសិកម្ម​ដំណាំ​ស្រូវ​ជំហាន​ទី​១ លើ​គម្រោង​ទី​២​របស់​ក្រុមហ៊ុន​អេង ឌី​ប៉ូ ស្ថិតនៅ ចំណុច​ទួល​ពោធិ៍​ឫស្សី ក្នុង​ឃុំ​ត្រប់ និង​ឃុំ​សណ្តែក ស្រុក​បាធាយ ខេត្តកំពង់ចាម ដោយបាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ជួយ​សហការ​គាំទ្រ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​កសិកម្ម​ដំណាំ​ស្រូវ​ជំហាន​ទី​១  លើ​គម្រោង​អភិវឌ្ឍ​ន៍ទី​២។​

    លោក​ឡោ ចាន់​លី អភិបាលស្រុក​បាធាយ បាន​ថ្លែង​កាលពី​ម្សិល​ម៉ិ​ញ​ថា សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​បាធាយ មាន​ចំនួន​ប្រហែល​៨០% ជា​អ្នក​ប្រកប របរ​កសិកម្ម​ដំណាំ​ស្រូវ​និង​ភាគច្រើន​គឺ​ពឹង​ផ្អែកទៅលើ​ទឹកភ្លៀង ក្នុងនោះ​សម្រាប់​គម្រោង​អភិវឌ្ឍន៍ របស់​ក្រុមហ៊ុន​អេង ឌី​ប៉ូ ដែល​បានជ្រើសរើស​យក​ទីតាំង​ខាងលើនេះ ជាការ​ចូលរួមចំណែក​អភិវឌ្ឍន៍ ឡើងវិញ​លើ​ផ្ទៃដី​រិច​រិល ដែល​ភាគី​ច្រើន​ប្រជាពលរដ្ឋ​៩០%​បាន​ទុកចោល ដោយសារ​សណ្ឋាន​ដី​នៅ ទីនេះ មិនសូវមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​និង​ជា​ដី​ខ្វះ​ជីវជាតិ ធ្វើឱ្យ​កសិករ​គ្រប់ៗ​គ្នា​ពិបាក​បង្កបង្កើនផល​ស្រូវ​មិនបាន ។​

    ទាក់ទិន​នឹង​គម្រោង​នេះដែរ លោក​អភិបាល​បានស្នើ​ឱ្យ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ជួយ​សហការ គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​អេង ឌី​ប៉ូ ដើម្បី​ប្រែក្លាយ​តំបន់​មួយ​នេះ ឲ្យ​ទៅជា​តំបន់​ដែល មានការ​អភិវឌ្ឍន៍​ឥតឈប់ឈរ និង​អាច​ជួយផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ទាំង​បទពិសោធន៍ និង បច្ចេកទេស រួមជាមួយ​ការផ្តល់​ការងារ​កាន់តែច្រើន ជូន​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ឲ្យ​មាន ការងារ​ធ្វើ នឹង​សម្រាប់​បង្កើន​សេដ្ឋកិច្ច​ក្នុង​ក្រុមគ្រួសារ​ផងដែរ​។ 

    ដោយឡែក លោក តាំង សុខ​ឃី តំណាង​ឲ្យ​ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍ បាន​លើកឡើងថា ដោយ​ក្រុមហ៊ុន​មាន​ជំនាញ​ក្នុង​ការធ្វើ​វិស័យ​កសិកម្ម គូប​ផ្សំ​និង​បទពិសោធន៍​ដែលមាន​ស្រាប់​នោះ សម្រាប់​ជំហាន​ដំបូង ក្រុមហ៊ុន​នឹង​ចំណាយ​ទន់​រាប់លាន​ដុល្លារ​ចាប់ផ្តើម​ស្តារ​ដី ការរៀបចំ​ប្រព័ន្ធធារាសាស្ត្រ ព្រោះ​ការអភិវឌ្ឍន៍ វិស័យ​កសិកម្ម គឺ​ទាមទារ​ត្រូវមាន​ទឹក​ខួប​ប្រាំង​វស្សា ទើប​ក្រុមហ៊ុន​ចាប់ផ្តើម​អនុវត្តន៍​វិស័យនេះ​ទៅបាន​នៅលើ​ផ្ទៃដី​ជាង​មួយ​ម៉ឺន​ហិកតា។​

    លោក​បន្តថា ជាក់ស្តែង​ដូចជា​នៅ​តំបន់​នេះ​ជាដើម គឺជា​តំបន់​ដី​រិច​រិល នឹង​គ្មាន​ជីវជាតិ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក្រុមហ៊ុន​ត្រូវការ​កែប្រែ​ដី​ឡើងវិញ​ធ្វើយ៉ាងណា​ឲ្យ​ស្ថានភាព​ដី​នៅទីនេះ ប្រកបដោយ​ជីជាតិ​ឡើងវិញ។
 
    ទន្ទឹមនឹង​នោះដែរ​ជា​ចំណង​ដៃដល់​ប្រជាពលរដ្ឋ ក្រុមហ៊ុន​ក៏បាន​ជួសជុល​ផ្លូវលំ​១​ខ្សែ​ដែលមាន​ប្រវែង​ប្រហែល​១៤​គីឡូ ម៉ែត្រ ដើម្បី​ពង្រីក​ឱ្យ​ធំ​ជាង​មុន​និង​ខ្ពស់​ជាមុន​និង​សុំ​ការយោគយល់​ពី​ផលប៉ះពាល់​ក្នុងការ​ពង្រីក​ផ្លូវ​នេះ​ផងដែរ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់