adverise with khmeread 1

អ៊ីចឹង​តើ​បានជា​កូនសិស្ស​ក្រុង​សៀង​ហៃ​ធ្វើតេស្ត​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​លើ​ឆាក​អន្តរជាតិ​!

    ​យោងតាម​ការសិក្សា​មួយ​ដោយ​ធនាគារពិភពលោក​បាន​ឱ្យដឹងថា គុណភាព​នៃ​ការបង្រៀន​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់បំផុត​នៃ​ភាពជោគជ័យ​របស់​ក្រុង​សៀង​ហៃ​ក្នុង​វិស័យ​អប់រំ​។​

​    ​កូនសិស្ស​តូចៗ​នៅ​ទីក្រុង​ចិន​មួយ​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ក្នុងការ​ធ្វើតេស្ត​សាលា​អន្ដរជាតិ​ជាច្រើន ហើយ​ធនាគារពិភពលោក ដែល​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ បានចេញ​ផ្សាយ​របាយការណ៍​មួយ ដែល​ស៊ើបអង្កេត​អំពី​ភាពជោគជ័យ​ផ្នែក​អប់រំ​របស់​ក្រុង​សៀង​ហៃ​។ 

​    ​ការសិក្សា​របស់​ធនាគា​រ​ពិភពលោក​បាន​រក​ឃើញថា ស្តង់ដារ​បង្រៀន​គឺជា​គុណសម្បត្តិ​ធំ​បំផុត​ក្នុង​ភាពជោគជ័យ​នៃ​ប្រព័ន្ធ​អប់រំ​របស់​សៀង​ហៃ ក្នុងនោះ​រួមមាន​ប្រព័ន្ធ​បណ្តុះបណ្តាល​គ្រូបង្រៀន​ភ្លាមៗ និង​ការពង្រឹង​ជំនាញ​របស់​គ្រូ​។ 

​    ​គ្រូបង្រៀន​ក្នុង​ទីក្រុង​សៀង​ហៃ ជា​មធ្យម ចំណាយពេល​ត្រឹមតែ ១ ភាគ ៣ ប៉ុណ្ណោះ​លើ​ការបង្រៀន ជាមួយ​ពេលវេលា​ភាគច្រើន​របស់​ពួកគេ​ត្រូវបាន​ចំណាយ​លើ​ការទទួលយក​ការបណ្តុះបណ្តាល ការត្រៀមខ្លួន និង​ការសហការ​ជាមួយ​ព្រឹទ្ធាចារ្យ​ដែលជា​រៀមច្បង​។ 

​    ​មាន​លក្ខខណ្ឌ​តម្រូវ "​តឹងរ៉ឹង​" ខ្លាំងណាស់​ដើម្បី​បាន​ក្លាយជា​គ្រូបង្រៀន ជាការ​ងារ​មួយ​ដែល​គេ​មើលឃើញថា​មានតម្លៃ​បំផុត​ក្នុង​ទីក្រុង​សៀង​ហៃ​។ ទោះបី​គ្រូ​អសមត្ថភាព​អាច​ត្រូវ​បណ្តេញចេញ ប៉ុន្តែ​ការសិក្សា​របស់​ធនាគារ​ពិភពលោក​បាន​រកឃើញ​ថា ក្នុងការ​អនុវត្ត​ជាក់ស្តែង ការបណ្តេញ​គ្រូបង្រៀន​នៅ​សៀង​ហៃ​ជា​រឿង​កម្រ​ជួប​ណាស់​។ 

​    ​ជំនួស​មកវិញ គេ​មាន​ប្រព័ន្ធ​មួយ​ដែល​ផ្តោត​សំខាន់​លើ​ការបណ្តុះបណ្តាល និង​កសាង​អាជីព​របស់​គ្រូ​ផ្អែកលើ​គ្រឿង​លើកទឹកចិត្ត​សម្រាប់​គ្រូបង្រៀន​ឆ្នើម​។ 

​    ​គ្រូបង្រៀន​អាច​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​បន្ថែម ៣០​ភាគរយ ពីលើ​ប្រាក់បៀវត្សរ៍​គោល​របស់​ពួកគេ ដែល​ធ្វើការ​សម្រេច​ដោយ​សាលារ​បស់​ពួកគេ​។ 

​    ​ប្រធាន​គ្រូបង្រៀន​ទាំងឡាយ​ត្រូវគេ​រំពឹង​ឱ្យ​បន្ត​លើ​ការបង្រៀន ហើយ​ផ្នែក​នៃ​ប្រាក់បៀវត្សរ៍​របស់​ពួកគេ​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការប្រតិបត្តិ​របស់​សាលា​។ 

​    ​គេ​ក៏មាន​គ្រឿង​លើកទឹកចិត្ត​សម្រាប់​គ្រូបង្រៀន និង​ប្រធាន​គ្រូបង្រៀន​ដើម្បី​ធ្វើការ​ក្នុង​សាលារៀន​ដាច់​ឆ្ងាយ​ពី​គេឯង និង​សាលា​ដែល​ខ្សោយ ដូចជា​ការជួយ​ឱ្យ​អាជីព​គ្រូ​ទាំងនោះ​ឆ្ពោះទៅមុខ​យ៉ាង​ឆាប់រហ័ស​ជាដើម​។ 

​    ​ហើយ​គ្រូៗ​ភាគច្រើន​បាន​សម្លឹងមើល​ការបង្រៀន​នៅ​សាលា​ខ្សោយៗ​ទាំងនោះ ព្រោះ​នឹង​បាន​គ្រឿង​លើកទឹកចិត្ត​ខ្ពស់ជាង​សាលា​ដែល​ខ្លាំង​ស្រាប់​។​

​     ធនាគារពិភពលោក​ក៏បាន​រកឃើញ​ផងដែរ​ថា សៀង​ហៃ​ទទួលបាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ "​សាលារៀន​គួរឱ្យ​ទុកចិត្ត​" ក្នុងនោះ​សាលា​ខ្លាំង​ត្រូវបាន​ផ្ទឹម​ឱ្យ​ចាប់​ដៃគូ​ជាមួយ​សាលា​ខ្សោយ​ដើម្បី​លើកកម្ពស់​ស្តង់ដារ​បង្រៀន​ឱ្យ​ដើរ​ទៅមុខ​ទន្ទឹមគ្នា​។ 

​    ​សៀង​ហៃ ដែលមាន​ប្រជាជន ២៣ លាន​នាក់ បាន​បង្កើត​ប្រព័ន្ធ​អប់រំ​ផ្ទាល់ខ្លួន​របស់គេ និង​មាន​តេស្ត​ស្តង់ដារ​អន្តរជាតិ​ផ្ទាល់ខ្លួន​មួយ​ឈ្មោះថា Pisa​។ 

​    ​តេស្ត​ថ្មីៗ​បំផុត​នេះ​ដែល​រៀបចំឡើង​ដោយ​អង្គការ OECD បាន​ចាត់​សៀង​ហៃ​នៅ​ចំណាត់ថ្នាក់​លេខ ១ សម្រាប់​មុខវិជ្ជា​គណិតវិទ្យា ការអាន និង​វិទ្យាសាស្ត្រ​ក្នុង​តារាង​សម្ព័ន្ធ​សកលលោក​នៃ​ប្រព័ន្ធ​សាលារៀន​តំបន់ និង​ប្រទេស​នានា​លើ​ពិភពលោក​៕

​ប្រភព​៖ ប៊ី​ប៊ី​ស៊ី

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់