គាត់ប្រហែលមិនមែនជាអ្នកមានទេ ប៉ុន្ដែអ្នកសុំទានវ័យក្មេងរូបនេះគឺពិតណាស់មានជាងជនវណ្ណៈកណ្ដាលរបស់ប្រទេសឥណ្ឌាទៅទៀត។ លោក Pappu Kumar អាចរកបានទ្រព្យសម្បត្តិមួយចំនួនតូចអំឡុងពេលប្រាំបីឆ្នាំនៃការដើរសុំទាននៅតាមដងផ្លូវនៃទីក្រុង Patna ក្នុងរដ្ឋ Bihar។
គាត់ត្រូវបានគេរាយការណ៍ថាមានប្រាក់ចំនួន ៥០០.០០០ រូពី (៧.៥០០ ដុល្លារ) ទុកក្នុងគណនីធនាគារចំនួនបួននិងមានអចនលទ្រព្យតម្លៃ ១៨៥.០០០ ដុល្លារ។ គាត់ថែមទាំងមានលុយកម្ចីឱ្យទៅពាណិជ្ជករក្នុងស្រុកជាច្រើននាក់និងរកចំណូលពីចង់ការប្រាក់ទៀតផង។ ប៉ុន្ដែគាត់មានអាយុ ៣៣ ឆ្នាំហើយ នៅតែមិនចង់ឈប់ដើរសុំទានគេទៀត។
លោក Pappu មិនសមមានវាសនាជាអ្នកសុំទានគេទេ។ គាត់បានចូលរៀនវិទ្យាល័យ និងថែមទាំងបានគ្រោងរៀនជំនាញវិស្វកម្មក្នុងមហាវិទ្យាល័យទៀតផង ប៉ុន្ដែជាអកុសល គាត់បានជួបគ្រោះថ្នាក់មួយដែលធ្វើឱ្យគាត់ពិការ។ ឪពុករបស់គាត់បានលាចាកលោក ហើយគ្រួសារដែលនៅសេសសល់មិនទទួលស្គាល់គាត់ទៀត។ លោក Pappu បានចាកចេញពីគ្រួសារដោយគ្មានជម្រើស ហើយក៏បានដើរសុំទានដើម្បីជីវិត។
គាត់បានប្រាប់ទៅកាសែតក្នុងស្រុកមួយថា "ខ្ញុំបានជាប់ការប្រឡងកម្រិតមធ្យមជាមួយនឹងពិន្ទុ ៥៧ ភាគរយ ហើយអ្វីដែលរួមចំណែកធំបំផុតចំពោះពិន្ទុនេះគឺគណិតវិទ្យាដែលខ្ញុំទទួលបាន ៧២ ពិន្ទុ ខ្ពស់ជាងគេក្នុងចំណោមមុខវិជ្ជាទាំងអស់"។
"សុបិនរបស់ខ្ញុំគឺបន្តរៀនផ្នែកវិស្វកម្ម។ ខ្ញុំបានព្យាយាមរៀនដើម្បីបន្តចូលមហាវិទ្យាល័យ ប៉ុន្ដែនៅពេលនោះ ខ្ញុំបានជួបឧបទ្ទវហេតុដ៏អាក្រក់មួយ ដែលធ្វើឱ្យខ្ញុំពិការ។ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីសុំទានដើម្បីក្រពះនោះទេ ព្រោះគ្រួសាររបស់ខ្ញុំបានកាត់កាល់ខ្ញុំចោល បន្ទាប់ពីឧបទ្ទវហេតុនោះ"។
ដូច្នេះហើយលោក Pappu បានបោះជំរំនៅផ្លូវប្រសព្វរទេះភ្លើងនៅ Patna និងបានបន្តការសុំទាននៅទីនោះអស់ប្រាំពីរឆ្នាំ មុនពេលប៉ូលិសព្យាយាមឱ្យគាត់ចេញពីទីនោះកាលពីឆ្នាំមុន។ ពួកគេបានចាប់គាត់ទៅមន្ទីរឃុំឃាំង នៅពេលគាត់បានបដិសេធចាកចេញពីទីនោះ ហើយនៅពេលនោះរឿងគាត់ជាអ្នកមានក៏បានលេចធ្លាយ។ ប៉ូលិសបានស៊ើបអង្កេតរកឃើញគណនីធនាគាររបស់គាត់និងអចលនទ្រព្យពីរកន្លែងដែលមានទំហំដី ២០០០ ម៉ែត្រការ៉េក្នុងមួយកន្លែង។
ហើយពួកគេក៏បានរកឃើញថាគាត់បានឱ្យប្រាក់កម្ចី ១៥.០០០ ដុល្លារ ដល់ពាណិជ្ជករក្នុងតំបន់ផ្សារ New Market ជាមួយនឹងការប្រាក់ខ្ពស់ទៀតផង។
ប៉ូលិសបានឱ្យដំបូន្មានទៅលោក Pappu ឱ្យឈប់ដើរសុំទានគេ ហើយចាប់ផ្ដើមរស់នៅក្នុងជីវិតធម្មតាដោយប្រើប្រាក់ដែលគាត់រកបាន ប៉ុន្ដែបុរសម្នាក់នោះបានបដិសេធ។ លោក Rajesh Lal អធិការការពារផ្លូវរទេះភ្លើងបាននិយាយថា "យើងបានយកគាត់ចេញពីបរិវេណស្ថានីយរថភ្លើងហើយ និងបានសុំឱ្យគាត់ឈប់ដើរសុំទានគេទៀត ព្រោះគាត់មានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិតហើយ។ ប៉ុន្ដែមូលហេតុដែលគាត់ចង់បន្តសុំទានគេទៀតគឺនៅហួសឆ្ងាយពីការគិតរបស់មនុស្សគ្រប់គ្នា"។
ពេលគេស្នើឱ្យព្យាបាលដៃពិការ Pappu បាននិយាយថា "ប្រសិនបើខ្ញុំជាសះស្បើយ តើខ្ញុំបន្តសុំទៀនទៀតម្តេចនឹងកើតទៅ? តើនរណានឹងឱ្យលុយខ្ញុំនៅពេលខ្ញុំមានកាយសម្បទារឹងមាំនោះ?"៕
ប្រភព៖ Odditycentre
