adverise with khmeread A075cc6f 86ac 48d6 9a86 4b40a88d32d7

កម្មការិនី​ម្នាក់ ត្រូវ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​កិន​បែក​ខ្លួន​ខ្ទេចខ្ទី

    កំពង់ស្ពឺ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ត្រូវបាន​រថយន្ត​សណ្តោង​រ៉ឺម៉ក​ដឹក​ស៊ីម៉ង់ត៍​បុក​ពីក្រោយ​រួច កិន​ពីលើ​បែក​ដងខ្លួន​ខ្ទេចខ្ទី​ស្លាប់​លើផ្លូវ​ជាតិ៤ ខណៈពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ ទៅធ្វើ​ការងារ។​

    គ្រោះថ្នាក់​ចរាចរណ៍​គួរឱ្យ​រន្ធត់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង៦ និង១៥​នាទី ​ព្រឹក​ថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០១៦​នេះ ស្ថិត​លើផ្លូវ​ជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ លេខ ៣៣-៣៤ ត្រង់ចំណុច​ភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។​

    លោក ឃុ​ត សុផល អធិការ​ប៉ូលិស​ស្រុក​សំរោង​ទង បានឱ្យដឹងថា ជនរងគ្រោះ ដែល​ស្លាប់ ឈ្មោះ ឃុ​ត សុ​ខេ​ត ភេទ​ស្រី អាយុ២៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ សាង​វ៉ូ មាន​ទីលំនៅ ភូមិ​កែវ​មុន្នី ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ជិះ​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥  ស៊េរី​ឆ្នាំ​២០០៨  ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ស្ពឺ 1B.2650 ធ្វើដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត។​

    លោក​បន្តថា ពេលនោះ​រថយន្ត​បង្ក​គ្រោះថ្នាក ម៉ាក​ហ៊ី​យ៉ិ​ន​ដាយ ពណ៌​ក្រហម សណ្តោង​រ៉ឺម៉ក ពាក់​ផ្លាកលេខ កំពង់ធំ 3A.1777 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ និង​ទីលំនៅ (​បាន​ចុះ​រត់​គេចខ្លួនបាត់​)​ ធ្វើដំណើរ​ស្រប​ទិស​គ្នា។​

    សាក្សី​និយាយថា កម្មការិនី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង ពី​លិចទៅ​កើត លុះ​មកដល់​ជិត​ផ្លូវ​ចូល​រោងចក្រ​ហើយ​នោះ ស្រាប់​តែមាន​រថយន្ត សណ្តោង​រ៉ឺម៉ក​ដឹក​ស៊ីម៉ង់​មួយគ្រឿង ធ្វើដំណើរ​ស្របគ្នា​បាន​បុក​ពីក្រោយ​ពេញ​មួយ​ទំហឹង អូស​ជាច្រើន​ម៉ែត បណ្តាលឱ្យ​កិន​ជនរងគ្រោះ​បែកខ្ទេច សាកសព​ស្លាប់​គួរឱ្យ​រន្ធត់​បំផុត។​

    បន្ទាប់​បុក​ម៉ូតូ​ជនរងគ្រោះ និង​កិន​សាកសព​បែបនេះ អ្នកបើកបរ រថយន្ត​បង្កហេតុ បាន​ចុះ​រត់​គេចខ្លួនបាត់ ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ និង ប៉ូលិស​បាន​ចុះ​អន្តរាគមន៍​សម្រួល​ចរាច​រាណ៍ នឹង​ធ្វើការ​វាស់វាង​តាម​នីតិវិធី។​

    ចំណែក​សាកសព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​ទទួល​យកទៅ​រៀបចំ​ធ្វើ បុណ្យ​តាម​ប្រពៃណី ហើយ​វត្ថុតាង ទាំងពីរ​រក្សាទុក​នៅ អធិការដ្ឋាន​ប៉ូលិស​ស្រុក​សំរោង​ទង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់