បន្ទាយមានជ័យ ៖ ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន៥នាក់ ក្នុងនោះអ្នកជួញដូរម្នាក់ អ្នកប្រើប្រាស់៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។
ប៉ូលិសនិយាយថា កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ូលិសការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កម្លាំងប៉ូលិសវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងប៉ូលិសស្រុកម៉ាឡៃ បានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនចាប់ឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន៥នាក់ ក្នុងនោះអ្នកជួញដូរម្នាក់ អ្នកប្រើប្រាស់៤នាក់ នៅចំណុចភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។
ប៉ូលិសបន្តថា ជនសង្ស័យឈ្មោះ ឈឿង សារុន ហៅតៅ ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាមុខសញ្ញាជួញដូរនិងដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ពណ៌ក្រហម ចំនួន៧២ គ្រាប់ ប្រដាប់កាច់សោរម៉ូតូមានអក្សរTចំនួន២ ផ្លែសម្រាប់កាច់សោ.ក ១,ឧបករណ៍ជក់មួយចំនួននិងបំពង់ប៊ឺតកាត់ជាកំណាត់ៗ១ថង់ ,ដែកកេះ១ និងទូរស័ព្ទដៃចំនួន៤គ្រឿង។
តាមចម្លើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចបង្ក្រាបបានមុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ផ្សេងទៀតដែលមានឈ្មោះ ១-ភាជ សេរី ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ,២-សុខ ចាន់ដឿន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិអូច្រា ក្រុងប៉ៃលិន,៣- អឿន ភីនឿន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង៤-ឈ្មោះ ភិន ផាន់ណូ ភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ឈឿន សារុន ហៅតៅ បានសារភាពថា រូបគេពិតជាបានទិញថ្នាំញៀនទាំងនេះយកមកលក់ចែកចាយបន្ត ក្នុង១គ្រាប់តម្លៃ១០០បាត ប្រាក់ថៃ នោះពិតប្រាកដមែន ចំណែកអ្នកប្រើប្រាស់ទាំង៤នាក់ពួកគេក៏បានសារភាព ថាពិតជាបាន ប្រើប្រាស់អស់រយៈពេលជាច្រើនខែមកផងដែរ។
ដោយផ្អែកលើចម្លើយសារភាពនិងដកហូតបានវត្ថុតាងជាក់ស្តែង បច្ចុប្បន្នជនសង្ស័យទាំងអ្នកជួញដូរនិងប្រើប្រាស់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់៕
