តារាភាពយន្ត Wallace Huo វ័យ៣៦ឆ្នាំ និងតារាស្រីតៃវ៉ាន់ Ruby Lin វ័យ៤០ឆ្នាំបានសម្រេចចិត្តបង្ហាញមុខជាសាធារណៈជាមួយគ្នានៅថ្ងៃទី២០ខែឧសភានេះដែលជានិមិត្តរូបនៃពាក្យថា “ខ្ញុំស្រឡាញ់អ្នក” ក្នុងជំនឿរបស់ពលរដ្ឋចិន។
ដំបូង Wallace បានបង្ហោះរូបភាពនៅស្ទូឌីយោតាមបណ្តាញសង្គម Weibo ហើយសរសេរថា “ខ្ញុំសង្ឃឹមថា នឹងទទួលបានការជូនពរពីអ្នកទាំងអស់គ្នា”។ បន្ទាប់មក Wallace បានផ្ញើសារទៅ Ruby។
បន្តិចក្រោយមក Ruby បានឆ្លើយតបវិញថា “ខ្ញុំសង្ឃឹមនិងអរគុណ។ គ្រប់គ្នានឹងជូនពរ...”។ អ្នកគាំទ្រពិតជាមិនជឿរឿងនេះ ហើយមានម្នាក់បាននិយាយថា “សូមបញ្ជាក់ប្រាប់ខ្ញុំមកថា រឿងនេះគឺជាការពិត!”។
មានពាក្យចចាមអារ៉ាមអំពីទាំងពីរនេះរយៈពេលបួនឆ្នាំមកហើយ។ អ្នកចាត់ការរបស់ Wallace បានបញ្ជាក់ថា ទំនាក់ទំនងនេះគឺជាការពិតហើយថា “ពួកគេត្រូវរ៉ូវគ្នា។ ពួកគេសង្ឃឹមថា នឹងទទួលបានការជូនពរពីមនុស្សគ្រប់គ្នា”។
អ្នកចាត់ការរបស់ Ruby ក៏បានបញ្ជាក់ពីទំនាក់ទំនងស្នេហានេះដែរ។ អ្នកចាត់ការរបស់នាងបាននិយាយថា ពួកគេជាមិត្តនឹងគ្នាយូរមកហើយ ហើយចាប់ផ្តើមយល់ចិត្តគ្នាជាបណ្តើរៗ បន្ទាប់ពីប្រារព្ធខួបកំណើតរបស់ Ruby នៅឆ្នាំនេះ។ នៅក្នុងពិធីខួបកំណើតគម្រង់៤០ឆ្នាំរបស់ Ruby កាលពីខែមករា Wallace ក៏មានវត្តមាន ដើម្បីអបអរខួបកំណើតរបស់នាងផងដែរ។ Ruby ក៏បាននិយាយផងដែរថា “បន្ទាប់ពីស្គាល់គ្នា១០ឆ្នាំ យើងគឺជាមិត្តល្អនឹងគ្នា។ទោះបីជាយ៉ាងណា បន្ទាប់ពីខួបកំណើតនេះទៅ យើងនឹងកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាងមុន”៕
